ឡុង​ សុភី៖​ មិន​សុខចិត្តអាជ្ញាកណ្ដាលដេញ​ខ្លួន​ចុះ​ខុស​រឿង​ហើយ​ បើក​លុយ​តម្លៃ​ខ្លួន​ឲ្យមិន​គ្រប់​ទៀត​

  • 2022-06-27 04:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ​ ឡុង​ សុភី​ កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​ដេញ​ចុះ​របស់​អាជ្ញាកណ្ដាល​ អ៊ិន​ ខេមរិន្ទ​ នា​ការ​ប្រកួត​ជា​មួយ​ថៃ​ ម្សិលមិញ​នៅ​ PNN​ ខណៈ​ដែល​ខ្លួន​ដើរ​ចូល​វ៉ៃ​រហូត​៤ទឹក​ទៅ​ទៀត។​

ការប្រកួត​ម្សិលមិញ

ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​ឆ្ងល់​ខ្លាំង​ណាស់​ ហេតុ​អ្វី​អាជ្ញាកណ្ដាល​គឺ​លោក​ អ៊ិន​ ខេមរិន្ទ​ បញ្ឈប់​ការ​ប្រកួត​ និង​ដេញ​ចុះ​ទៅ​វិញ​ ស្រប​ពេល​ដែល​ខ្លួន​បាន​ដើរ​ចូល​វ៉ៃ​កីឡាករ​ថៃ​តាំង​ពី​ទឹក១​ ដល់​ទឹក៤។​

កីឡាករ​ចាស់​វស្សា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បើ​អត់​ចូល​វ៉ៃ​មិន​ថា​ទេ​ ប៉ុន្តែ​នេះ​ដើរ​ចូល​វ៉ៃ​៤ទឹក​ហើយ​នៅ​ខុស​ទៀត។​ ចំណែក​កីឡាករ​ថៃ​គិត​តែ​ថយ​ មិន​សូវ​វ៉ៃ​មិន​ព្រមាន​នោះ​ទេ​ បែរ​ជា​មក​ដាក់​បន្ទុក​លើ​ខ្លួន​ទៅ​វិញ។​ សុភី​ បញ្ជាក់​ទៀត​ថា​ រូប​គេ​គឺ​វ៉ៃ​របៀប​មួយ​ពីៗ​បែប​នេះ​តាំង​ពី​ដើម​មក​ម្ល៉េះ​ ប៉ុន្តែ​ម្សិលមិញ​ថា​ខ្លួន​វ៉ៃ​មិន​អស់​ទៅ​វិញ។​

ការប្រកួត​ម្សិលមិញ

ម្ចាស់​ខ្សែក្រវាត់​ច្រើន​គ្រឿង​របស់​កម្ពុជា​ខាង​លើ​នេះ​ ដាក់​ចម្ងល់​ថា​ច្បាប់សហព័ន្ធ​យ៉ាង​ម៉េច​ទៅ​វិញ​ឲ្យ​ច្បាស់លាស់​ អ្នក​ដើរ​ចូល​វ៉ៃ​ហើយ​នៅ​ខុស​ទៀត​ រី​ឯ​អ្នក​ថយ​រហូតបែរ​ជា​ត្រូវ​ទៅ​វិញ។​ មួយ​វិញ​ទៀត​ម្សិលមិញ​នេះ​គឺ​ខាង​អ្នក​បើក​លុយ​តម្លៃ​ខ្លួន​ក៏​បើក​ឲ្យ​តែ​ ៣០០​-៤០០ដុល្លារ​ប៉ុណ្ណោះ​ ខណៈ​តម្លៃ​ខ្លួន​ពេញ​៥០០​ដុល្លារ។​ រឿង​តម្លៃ​ខ្លួន​ សុភី​ មិន​ព្រម​ទទួល​យក​ឡើយ​ ខណៈ​នៅ​ពេល​នេះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​អ្វី​ទាំង​អស់។​

ទាក់ទិន​រឿង​នេះ​ដែរ​លោក​ ហេង​ សុឃន​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ គណៈកម្មការ​ប្រតិបត្តិ​របស់​សហព័ន្ធ​ទាំង​អស់​នឹង​កោះ​ប្រជុំ​បន្ទាន់​នៅ​ល្ងាច​នេះ​យក​ដោះស្រាយ​បញ្ហា​របស់​ ឡុង​ ភី​ ដូច្នេះ​លទ្ធផល​យ៉ាងណា​ចាំ​មើល​ល្ងាច។​

ការប្រកួត​ម្សិលមិញ

ចំពោះ​ខាង​ស្ថានីយ​ទូរទស្សន៍​ PNN​ លោក​ តាំង​ លីហួរ​ ក៏​ប្រាប់​ដែរ​ថា​ នៅ​ពេល​នេះ​មិន​ទាន់​អាច​និយាយ​អ្វី​បាន​នោះ​ទេ​ ពោល​រង់ចាំ​ការ​ដោះស្រាយ​ខាងសហព័ន្ធសិន។​ មួយ​វិញ​ទៀត​ច្បាស់​សហព័ន្ធ​ បើ​ព្រមាន​ ឬ​ដេញ​ចុះ​នោះ​ ខាង​ស្ថានីយ​មិន​បើក​តម្លៃ​ខ្លួន​ជូន​ឡើយ​ ប៉ុន្តែ​ម្សិលមិញ​ខាង​ PNN ​ក៏​សម្រួល​ឲ្យ​មាន​តម្លៃ​ខ្លួន​ខ្លះៗ​ជូន​ដល់​ ឡុង​ សុភី​ ផង​ដែរ​ ប៉ុន្តែ​ម្ចាស់​ខ្លួន​មិន​យល់​ព្រម​ទាល់តែ​បាន​ ៥០០​ដុល្លារ​ទើប​ទទួល​យក។​

រូបភាពផេក PNN Sport

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​កីឡាករ​ ឡុង​ សុភី​ ប៉ះ​កីឡាករ​ថៃ​ ភិតឈិតឆ័យ​ ប្រកួត​ក្នុង​តំណែង​គូ​មិត្តភាព​អន្តរជាតិ។​ យ៉ាងណា​ការ​ប្រកួត​បាន​ត្រឹម​៤ទឹក​ប៉ុណ្ណោះ​ ដោយ​អាជ្ញាកណ្ដាល​លោក​ អ៊ិន​ ខេមរិន្ទ​ បាន​ដេញ​កីឡាករ​ ឡុង​ សុភី​ ចុះព្រោះ​ប្រកួត​មិន​អស់​ពី​សមត្ថភាព៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម