ប្រធាន​សហព័ន្ធ​៖ «ចប់​ពាន​រង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម​ យើង​ត្រៀម​ពាន​រង្វាន់​សម្តេច​តេជោ​»

  • 2022-06-27 05:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ចប់​ពាន​រង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម​ យើង​ត្រៀម​ពាន​រង្វាន់​សម្តេច​តេជោ​» នេះ​​ជា​ប្រសាសន៍​ឯក​ឧត្ដម នេត សាវឿន ​ប្រធាន​សហព័ន្ធ​បាល់ទះ ក្រោយ​ក្រុម​បាល់ទះ​វិសាខា ​B បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ B ដោយ​លទ្ធផល​ ៣​សិត​ទល់​២​សិត (២៧-២៩,២៥-២៣,២៦-២៤,១៧-២៥,១១-១៥) ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ​នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី២៦ ​ខែមិថុនា ឆ្នាំ២០២២ លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ​នៅ​រាជ​ធានី​ភ្នំពេញ។

រូប​ថត​ផ្ដល់​ឲ្យ​

ឯកឧត្តម នេត សាវឿន ប្រធាន​សហព័ន្ធកីឡា​បាល់ទះ​កម្ពុជា បាន​ចាត់​ទុក​ថា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម​ នេះ​ជា​ការ​ផ្តល់​បច្ចេកទេស និង​បទ​ពិសោធន៍ ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​នានា​មក​ពី​តាម​បណ្តា​រាជធានី-ខេត្ត។ ​ឯកឧត្តម​បាន​កោត​សរសើរ​ដល់​មន្ត្រី​សហព័ន្ធ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត ក្រុម​ចូលរួម​ប្រកួត អ្នក​ឧបត្ថម្ភ​នានា ដែល​ជំរុញ​ឱ្យការ​ប្រកួត​នេះ​ដំណើរ​ការ​ទៅ​ដោយ​ជោគជ័យ។

«សូម​ក្រុម​ទាំង​អស់​កែ​ប្រែ​កំហុស​បច្ចេកទេស របស់​ខ្លួន​ឱ្យ​បាន​ល្អ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​កម្រិត​ខ្ពស់​មួយ​ទៀត គឺ​ពាន​រង្វាន់​សម្តេច​តេជោ ​ហ៊ុន សែន ចុង​ឆ្នាំ​នេះ។ ក្រុម​ដែល​ឈ្នះ​ជ័យលាភី​ត្រូវ​ខិតខំ​ហ្វឹក​ហាត់​ថែម​ទៀត​ ដើម្បី​ប្រជែង​ឱកាស​លើ​ឆាក​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ ព្រោះ​ថា​ប្រទេស​ក្នុង​តំបន់​យើង​មួយ​ចំនួន​គេ​មិន​សប្បាយ​ចិត្ត​ទេ​ពេល​ ឃើញ​យើង​រីក​ចម្រើន​។ ចំណែក​ក្រុម​ដែល​មិន​បាន​ជ័យលាភី​សូម​កុំ​បោះបង់​ហើយ​ខិតខំ​ប្រឹងប្រែង​ថែមទៀត​ មិន​មែន​ចាញ់​ហើយ​យើង​រំសាយ​ក្រុម​ចោល​នោះ​ទេ។ សូម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ និង​មន្រ្តី​សហព័ន្ធ​តាម​ដាន​រឿង​នេះ​ផង»។

​ជា​មួយ​គ្នា​នោះ​លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​លើក​ឡើង​ក្រោយ​ចប់​ការ​ប្រកួត​ថា៖« យើង​ឃើញ​ហើយ​ថា​ បង​ប្អូន​ដែល​ជា​សមាជិក ក្រុម​ចូលរួម​ពី​តាម​បណ្តា​ខេត្ត​មាន​ស្នាដៃ ​បច្ចេកទេស​ ប្រហាក់​ប្រហែល​គ្នា ដល់​តែ​យក​មក​ដាក់​លើ​ទីលាន​ទើប​ឃើញ​ថា​មាន​ការ​ឈ្នះ​ចាញ់​គ្នា​មិន​ដាច់​ខ្លាំង​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខ្វះ​នោះ​គឺ​គាត់​ខ្វះ​ឱកាស ​យើង​ព្យា​យាម​បង្កើត​ព្រឹត្តិការណ៍​នានា​ឱ្យ​ពួក​គាត់​បង្ហាញ​ឱកាស ឱ្យ​មហាជន និង​ទស្សនិកជន​បាន​ឃើញ​ពួក​គាត់​ពិត​ប្រាកដ​»។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​បន្ត​ថា ពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង នឹង​បន្ត​ធ្វើ​រាល់​ឆ្នាំ​ខាង​មុខ​ទៀត ខណៈ​ក្រុម​ខ្លាំង​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​និង ក្រុម​ខ្លាំង​ផ្សេងទៀត ត្រូវ​បន្តប្រកួត​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ២០២២ ខាង​មុខទៀត។

ពាន​រង្វាន់​បាល់ទះ​សម្តេច​ក្រឡា​ហោម ស ខេង ឆ្នាំ២០២២ នេះ​មាន​ក្រុម​ចូលរួម​ចំនួន ២១ ដោយ​បែង​ចែក​ជា​៤ពូល​ផ្សេងគ្នា ដោយ​ចាប់​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី៨ ដល់២៦​ ខែមិថុនា ​ឆ្នាំ២០២២ ពោល​គឺ​រាល់​ថ្ងៃ​អាទិត្យ ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ក្នុង​សប្ដាហ៍​នីមួយៗ។​ ក្រោយ​ប្រកួត​សន្សំ​ពិ​ន្ទុ​តាម​ពូល ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២ ​មាន​ឈ្មោះ​ឡើង​​ទៅវគ្គ​៨​ក្រុម​ចុង​ក្រោយ ដើម្បី​បន្ត​កៅអី​រក​ក្រុម​ខ្លាំង​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និងផ្ដាច់ព្រ័ត្រ។

ជើង​ឯក​ក្រុម​បាល់​ទះវិសាខា B ទទួល​បាន​ពាន​រង្វាន់ធំ១ មេដាយ​មាសម្នាក់១​ អម​ដោយ​ថវិកា​ ៥០០០​ដុល្លារ​អាមេរិក ហើយ​ក្រុម​រដ្ឋបាលរាជធានីភ្នំពេញ​ B ទទួល​បាន​មេដាយ​ប្រាក់ម្នាក់១​ អម​ដោយ​ថវិកា ៣០០០ដុល្លារ ​ក្រុមលេខ​៣​សមាគម​កីឡាបាល់ទះ​ខេត្តសៀមរាប ​ទទួល​បាន​មេដាយ​សំរឹទ្ធិម្នាក់១ អមដោយថវិកា ២០០០ដុល្លារ និង​លេខ៤ ស្នង​ការដ្ឋាននគរបាល​ខេត្តតាកែវ ទទួល​បាន​ថវិកា​លើក​ទឹក​ចិត្ត ១០០០ដុល្លារ។

សម្រាប់​ពាន​រង្វាន់​ឯកត្តជន​វិញ​កីឡាករ​ម្នាក់ៗ​ទទួល​បាន​ពាន​រង្វាន់​ម្នាក់១ អម​ដោយ​ថ​វិកា​លើក​ទឹកចិត្ត២០០ដុល្លារ៖

– កីឡាករ​លើក​បាល់​ល្អ​ជាង​គេ​ (The Best Setter) កីឡាករ ​ចាន់ សារ៉ន ​មកពី​ខេត្​តតាកែវ

– កីឡាករ​ធ្វើរ​នាំង​ល្អ​ជាងគេ (The Best Blocker)កីឡាករ ឌី លីដា របស់​ក្រុម​រដ្ឋបាលរាជ​ធានី​ភ្នំពេញB​

– កីឡាករ​វាយ​សេវា​ល្អ​ជាងគេ (The Best Server) ឈឹម ឈាងនី របស់​វិសាខា B

– កីឡាករ​ប្រយុទ្ធ​ល្អ​ជាង​គេ (The Best Spike) អ៊ី សំអឿន​ របស់​ខេត្ត​សៀម​រាប

– កីឡាករ​ឆ្នើម (The Most Valuable Player) អ៊ី សំអឿន របស់​ខេត្ត​សៀមរាប

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​