រំភើប! បូណ៌មីជាប់Guinness World Records ជាត្រីទឹកសាបធំបំផុតលើលោក ឈ្នះត្រីរាជយក្សនៅថៃកាលពីឆ្នាំ២០០៥

  • 2022-06-27 07:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បូណ៌មី ប្រភេទត្រីបបែលយក្សទឹកសាបទន្លេមេគង្គកម្ពុជា ដែលចាប់បានដោយអ្នកនេសាទម្នាក់នៅក្នុងខេត្តស្ទឹងត្រែងកាលពីពេលកន្លងទៅ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាប្រភេទត្រីទឹកសាបដ៏ធំបំផុតនៅក្នុងពិភពលោក។

បើយោងតាមកំណត់ត្រាពិភពលោករបស់ Guinness World Records ត្រីបបែលយក្សនេះមានទម្ងន់ ៣០០គីឡូក្រាម ធំជាងគេបំផុតនៅក្នុងពិភពលោក មានតែមួយគត់់នៅកម្ពុជា មានប្រវែងពីកន្ទុយទៅដល់ក្បាល ៣,៩៨ម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០សង់ទីម៉ែត្រ បានយកឈ្នះលើត្រីរាជដែលជាប់ចំណាត់ថ្នាក់លេខ១ ចាប់តាំងពីឆ្នាំ២០០៥ នៅប្រទេសថៃ ដែលមានទម្ងន់ ២៩៣គីឡូក្រាម។

សូមជម្រាបថា បូណ៌មី ជាត្រីបបែលយក្ស លើកទី៣ហើយ ដែលមន្ត្រីខណ្ឌរដ្ឋបាលជលផល ព្រលែងទៅវិញ ។ ក្នុងនោះលើកទី១ នៅថ្ងៃទី០៥ឧសភា មានទម្ងន់២៨០គីឡូក្រាម លើកទី២នៅថ្ងៃទី២២ឧសភាទម្ងន់១៤៣គីឡូក្រាម និងលើកទី៣គឺដាក់ឈ្មោះថាបូណ៌មីនេះឯង នៅថ្ងៃទី១៤មិថុនា មានទម្ងន់រហូតដល់ទី៣០០គីឡូក្រាម ជាប្រភេទត្រីបបែលញីធំបំផុត ទៅអន្លង់អភិរក្ស ត្រីមេពូជ ក្នុងភូមិសាស្ត្រ ស្រុកសៀមបូកខេត្តស្ទឹងត្រែង ហើយមុននឹងព្រលែងទៅវិញ បូណ៌មីត្រូវបានក្រុមការងាររបស់រដ្ឋបាលជលផលដាក់ភ្ជាប់ជាមួយនឹងឧបករណ៍តាមដានផងដែរ។

ដូចគ្នានេះដែរ ទន្លេមេគង្គកម្ពុជាគឺជាជម្រករបស់ត្រីទឹកសាបដែលមានទំហំធំៗ បំផុតនៅលើពិភពលោក ពិសេសនៅកម្ពុជា ជាកន្លែងដែលមានវត្តមានត្រីបបែលយក្សទឹកសាប អាចមានទម្ងន់ជិត ៦០០ គីឡូក្រាម ជាមួយប្រវែងជិត ៤ ម៉ែត្រឯណោះ បច្ចុប្បន្នត្រីប្រភេទនេះ កំពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ( IUCN Red List )៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម