ក្រៅពីព្រះថោងនាងនាគ! មកស្គាល់ រូបសំណាកខ្នាតយក្ស ៣ទៀតនៅព្រះសីហនុ ស្រស់ស្អាតមិនចាញ់គ្នាឡើយ

  • 2022-07-04 07:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមិទ្ធផលថ្មីៗជាច្រើនបានលេចរូបរាងឡើងជាបន្តបន្ទាប់នាទឹកដីខេត្តនាយសមុទ្រ ព្រះសីហនុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ មិនថាសំណង់អគារ ផ្លូវតូច -ធំ សួនច្បារ រូបសំណាកធំៗ បានរីកដុះដាលឡើងដូចផ្សិត ជាពិសេសរូបសំណាកព្រះថោង នាងនាគ ដែលទើបនឹងធ្វើពិធីអភិសេក កាលពីដើមខែមេសាកន្លងទៅ បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀចទេសចរជាតិ-អន្តរជាតិ។

ខាងក្រោមនេះគឺជារូបសំណាកខ្នាតយក្សចំនួន៤នៅក្នុងខេត្តព្រះសីហនុ ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងបំផុត៖

១. រូបសំណាកបដិមាព្រះឧមា-មហេសូរ

រូបបដិមាព្រះឧមា-មហេសូរ ត្រូវបានសាងសង់ឡើងពីស្ពាន់ មានកម្ពស់រហូតទៅដល់៩ម៉ែត្រ កំពុងបង្ហាញខ្លួនយ៉ាងត្រដឹមត្រដែតនៅចំណុចប្រសព្វ រវាងឆ្នេររាម និងមហាវិថីរាម ខេត្តព្រះសីហនុ។

២.រូបសំណាកសីហរាជមុខបី

រូបសំណាកសីហរាជមុខបី ក៏ត្រូវបានសាងសង់ឡើងស្ពាន់ដូចគ្នា មានកម្ពស់រហូតដល់ទៅ៩ម៉ែត្រស្ថិត នៅចំណុចប្រសព្វផ្លូវជាតិលេខ៤ និងវិថីជោតិញាណ។

៣.រូបសំណាក ព្រះថោងនាងនាគ

រូបសំណាក ព្រះថោងនាងនាគ រចនាដោយស្ថាបត្យករខ្មែរ សាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ម៉ែត្រ តម្កល់់នៅលើបល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលចំណុចប្រសព្វនៃមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ បែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងទើបបានធ្វើពិធីអភិសេករួចរាល់កាលពីខែមេសាកន្លងទៅ។

៤.សំណាកព្រះស្កន្ទគង់លើក្ងោក

សំណាកព្រះស្កន្ទគង់លើក្ងោកគឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀត នៅលើទឹកដី នៃខេត្តព្រះសីហនុ ដែលគ្រោងនឹងតម្លើងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ។ រូបសំណាកនេះសាងពី ស្ពាន់ទម្ងន់១៥តោន ព្រះនេត្រធ្វើពីត្បូងនិល ព្រះហស្ថស្តាំកាន់ត្រីសូរ ព្រះហស្ថឆ្វេងកាន់ឈូក មានកម្ពស់សរុបប្រមាណ១៤ម៉ែត្រ ក្នុងនោះរូបសំណាកព្រះស្កន្ទមានកម្ពស់៧ម៉ែត្រ និងបល្ល័ង្កកម្ពស់៧ម៉ែត្រ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ