បាត់​មុខ សេង មង្គល ស្រាប់​តែ​លេច​តារាប្រុស​២នាក់​ទៀត​មក​ជួយ ទ្រី ដាណា សម្ពោធ​ហាង​ពេជ្រ

  • 2022-07-26 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ កាល​ដើម​ខែ​ជាមួយ​នឹង​សេដ្ឋីនី ទ្រី ដាណា នៅ​ព្រឹក​ម្សិលមិញ គេ​សម្គាល់​ឃើញ​ថា មិន​មាន​វត្តមាន​ប្រុស​ស្អាត សេង មង្គល ទេ​ក្នុង​ពិធី​សម្ពោធ​ហាង​ពេជ្រ​ទី​២​នៅ​ច្បារ​អំពៅ ផ្ទុយ​ទៅ​វិញ​គេ​ឃើញ​មាន​តារា​ប្រុស​ស្អាត​២​រូប​ទៀត​បាន​ចូល​មក​ជំនួស។

តារា​ប្រុស​ទាំង​ពីរ​ដួង គឺ​លោក រតនៈ វិសិដ្ឋ និង​លោក ព្រីន។ វត្តមាន​របស់​អ្នក​ទាំង​ពីរ ទន្ទឹម​នឹង​ការ​បាត់​មុខ​លោក សេង មង្គល ដែល​មុន​នេះ​បន្តិច​បាន​បង្ក​ភ្ញាក់​ខ្លាំង​ជាមួយ​នឹង​លោក​ជំទាវ ទ្រី ដាណា ក្រោយ​ពី​បាន​រួម​គ្នា​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​មួយ​បទ​រួម​គ្នា​យ៉ាង​សាក​សម។ មិន​ត្រឹម​ប៉ុណ្ណឹង​លោក មង្គល ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា BA ផលិតផល​ថ្មី​របស់ ទ្រី ដាណា ទៀត​ផង។

មិន​មាន​មូលហេតុ​ច្បាស់​លាស់​ត្រូវ​លាត​ត្រដាង​ឡើយ​អំពី​ការ​ផ្លាស់​ប្ដូរ​នេះ។ វិល​មក​ករណី​របស់រតនៈ វិសិដ្ឋ និង ព្រីន អ្នក​ទាំង​ពីរ មិន​មែន​ជាតារា​តំណាង​ផលិតផល​ដូច ​មង្គល ​ឡើយ ប៉ុន្តែ​​ពួក​គេ ចូល​រួម​​ធ្វើ​ជា​អ្នក​កាន់​ខ្សែ​បូរ​ក្រហម​ទាំង​សងខាង សម្រាប់​ជំទាវ ទី្រ ដាណា កាត់​យក​ជ័យ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​អាជីវកម្ម​ថ្មី។

ត្បិត​យ៉ាង​នេះ តារា​ប្រុស​ទាំង​ពីរ បញ្ជាក់​ថា ពួក​គេ​ពិត​ជា​រីករាយ​ដែល​បាន​ធ្វើ​ការ​ឲ្យ​សេដ្ឋីនី​នា​ឱកាស​នេះ។ ម្នាក់​ក្នុង​ចំណោម​២នាក់ លោក ព្រីន បាន​ប្រាប់​ថា លោក​រីករាយ​ចំពោះ​ការងារ​ថ្ងៃ​នេះ ព្រោះ​លោក​ស្រឡាញ់​ចូល​ចិត្ត​ជំទាវ ទ្រី ដាណា តាម​រយៈ​សកម្មភាព​ជួយ​អ្នក​ទីទ័ល និង​ជួយ​សង្គម​ផ្សេង​ៗ ហើយ​លោក​ប្រាថ្នា​រួម​ការងារ​ជាមួយ​សេដ្ឋីនី​រូប​នេះ។

តួប្រុស​របស់​ផលិតកម្ម​សាស្ត្រា ប្រាប់​ថា តាម​ពិត​ទៅ​ជំទាវ ទ្រី ដាណា បាន​ទាក់​ទង​លោក​ច្រើន​លើក​កន្លង​មក​ក្នុង​គោល​បំណង​ការងារ ដោយ​ការ​ទំនាក់ទំនង​សាក​សួរ​នោះ គឺ​ជំទាវ ចង់​ដឹង​ថា លោក​មាន​កាន់​ផលិតផល​ណា​មួយ​ហើយ​ឬ​នៅ។ យ៉ាង​ណា​ការងារ​នេះ នៅ​ការ​ជជែក​គ្នា​ច្រើន​ទៀត ដែល​អាច​នឹង​ដឹង​លទ្ធផល​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា ត្រឹម​តែ​ការងារ​នា​ពេល​នេះ ក៏​លោក​រីករាយ​រួច​ហើយ។

ងាក​មក​ជំទាវ​ឧកញ៉ា ទ្រី ដាណា វិញ មិន​បាន​និយាយ​អ្វី​ពាក់​ព័ន្ធ​នឹង​តារា​ប្រុស​ទាំង​៣​ឡើយ ដោយ​លោក​ជំទាវ​ផ្ដោត​តែ​លើ​ការ​បើក​សម្ពោធ​ហាង​ពេជ្រ​សាខា​ទី​១​នៅ​ច្បារ​អំពៅ​នេះ ដើម្បីឆ្លើយ​តប​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន​ក្នុងតំបន់​នេះ។

តាម​ការកត់​ត្រា​របស់​ក្រុម​ការងារ​លោក​ជំទាវ បាន​រក​ឃើញ​ថា អតិថិជន​របស់​លោក​ជំទាវ​ភាគច្រើន គឺ​ចេញ​ពី​ច្បារ​អំពៅ​នេះ។ ដូច្នេះ​ហើយ​ក្នុង​ផែន​ការ​ពង្រីក​ទីផ្សារ លោក​ជំទាវ​សម្រេច​វិនិយោគ​បើក​សារ​ខា​នៅ​ទី​នេះ​មុន​គេ។ សាខា​បន្តបន្ទាប់ នឹង​កើត​មាន​ហូរហែ ក្នុង​នោះ​តាម​ផែនការ នៅ​មាន​ច្រើន​សាខា​ទៀត​ទូទាំង​ប្រទេស៕​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី