ប្រជុំ​ស្រីស្អាត ប្រុស​សង្ហា មក​ជួប​គ្នា​អបអរ​សិស្ស​ប្អូន Miss Grand Cambodia 2022

  • 2022-07-27 04:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ខកខាន​ដោយ​សារ​កូវីដ១៩ ឥឡូវ​ស្រី​ស្អាត​មក​ពី​កម្មវីធី​ជា​ច្រើន​មាន Miss Grand Cambodia, Missteen Cambodia, Miss.Sopranation ជា​ដើម​បាន​មក​ជួប​ជុំ​គ្នា​ជា​ថ្មី ក្នុង​វេលាអប​អរ​ជំនាន់​ក្រោយ​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​សមត្ថភាព​ក្នុង​កម្មវិធី Miss Grand Cambodia ដែល​នឹង​ត្រូវ​រៀប​ចំ​សារ​ជា​ថ្មី​ដែរ។

តាម​ព័ត៌មាន បេក្ខភាព​ជំនាន់​ក្រោយ​នៃ​កម្មវិធី Miss Grand Cambodia ឆ្នាំ​នេះ​មាន​រហូត​ដល់​ទៅ ៣៥រូប។ ចំណុច​គួរ​ចាប់​អារម្មណ៍​ឆ្នាំ​នេះ មាន​បេក្ខនារី​មក​ពី​អឺរ៉ុប​ជា​ច្រើន​មាន​ដូច​ជា បេក្ខនារី​ខ្មែរ-អាមេរិក ខ្មែរ-កាណដា ខ្មែរ-បារាំង ជា​ដើម។ ក្រៅ​ពី​នេះ​មាន​បេក្ខនារី ខ្មែរ-កម្ពុជា​ក្រោម និង​បេក្ខនារី ខ្មែរ-សុរិន្ទ​ថែម​ទៀត។

នេះ​ជា​ឆ្នាំ​ទី ៣ Miss Grand Cambodia ក្រោម​ការ​រៀប​ចំ​របស់​​ផលិតកម្ម​មហាហង្ស និង​ជា​លើក​ទី​១​បន្ទាប់​ពី​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ លោក អ៊ិន សុភិន នាយក​គ្រប់​គ្រង​ផលិតកម្ម​មហាហង្ស បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​មាន​មោទកភាព​ដែល​អាច​នាំ​យក​ព្រឹទ្ធការណ៍​នេះ ឲ្យ​ត្រឡប់​មក​សារ​ជា​ថ្មី បាន​ជា​កន្លែង​ដែល​បេក្ខនារី​របស់​កម្ពុជា ៣៥​រូប​ប្រកួត​ប្រជែង​សមត្ថភាព ដើម្បី​ឈាន​ទៅ​ឆាក​អន្តរជាតិ​បន្ត​ទៀត។

ទីនោះ​ហើយ​ ជា​ទី​ដែល​ពួក​គេ​អាច​បង្ហាញ​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា។ លោក​បន្ត​ថា តាំង​ពី​ក្មេង​មក លោក​មាន​ក្ដី​សុបិន​មួយ គឺ​ចង់​ចូល​រួម​ជាតិ​តាម​រយៈ​វិស័យ​ចំនួន ៣ គឺ ភាពយន្ត កីឡា និង​បវរកញ្ញា​នេះ​ឯង។ ដូច្នេះ​ហើយ ត្បិត​ថា​ប៉ុន្មាន​កន្លង​មក យើង​មិន​ទាន់​បាន​លទ្ធផល​ឥតខ្ចោះ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​យើង​បាន​បង្ហាញ​បរទេស​ជា​ច្រើន​ពី​កម្ពុជា។ លោក​ថា លោក​នឹង​បន្ត​បេសកកម្ម​នេះ​បន្ត​ទៀត នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ចូលរួម​ជួយ​ជាតិ​តាម​ចក្ខុវិស័យ​ខាង​លើ។

អត្ថបទ៖ ទារិកា