តាម​របាយការណ៍ បច្ចុប្បន្ន​មេរោគ​ជាង ៥ពាន់លាន បាន និង​កំពុង​គំរាមកំហែង​សុវត្ថិភាព​កុំ​ព្យូទ័រ

  • 2022-08-12 03:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​ពិភព​លោក​បាន និង​កំពុង​រីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា ប៉ុន្តែ​ជាមួយ​គ្នា មេរោគ​ដែល​គំរាម​កំហែង​សុវត្ថិភាព​ឯកសារ​ក្នុង​កុំព្យូទ័រ ក៏​កើន​ឡើង​ដូច​គ្នា ដែល​តាម​របាយការណ៍ បច្ចុប្បន្ន​មេរោគ​ជាង ៥ពាន់លាន បាន និង​កំពុង​គំរាមកំហែង​សុវត្ថិភាព​កុំ​ព្យូទ័រ។

របាយការណ៍​អំពី​វត្តមាន​មេរោគ​កុំព្យូទ័រ​ខាង​​លើ ត្រូវ​បាន​យក​ចេញ​ពី​គេហទំព័រ www.statista.com ហើយ​ត្រូវ​បាន​យក​​មក​បង្ហាញ​ដោយ​លោក ប៊ុន ចាន់​ឈីម នាយក​ប្រតិបត្តិ Elitect Distributor។ តាម​របាយការណ៍​នេះ តួលេខ​ជាក់​ស្ដែង​នៃ​មេរោគ​កុំព្យូទ័រ​ដែល​បច្ចុប្បន្ន​ចរាចរណ៍​ពាសពេញ​ប្រព័ន្ធ​បណ្ដាញ​នានា មាន​ចំនួន៥.៤ ប៊ីលាន​ករណី​ទូទាំង​ពិភព​លោក។ ក្នុង​នោះ​ការ​គំរាម​កំហែង​ជា​មេរោគ​ប្រភេទ RANSOMEWARE មាន​ចំនួន​ដល់​ទៅ ៦៨.៥% ឯណោះ។

របាយការណ៍​នេះ​ដដែល បើ​តាម​លោក ចាន់ឈីម ចិន ជា​ប្រទេស​ដែល​រង​ការ​វាយ​ប្រហារ​ពី​មេរោគ និង​ក្រុម Hacker ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ក្នុង​នោះ ចិន​តែ​មួយ មាន​ចំនួន ៤៧.៨% នៃ​ចំនួន​កុំព្យូទ័រ​សរុប​ទូទាំង​ប្រទេស ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ Hacker។

និយាយ​ពី​បុព្វហេតុ​នៃ​ការ​វាយ​ប្រហារ​ពី​ពពួក​មេរោគ ឬ​ក្រុម Hacker មួយ​ផ្នែក គឺ​មាន​ជាប់​ពាក់​ព័ន្ធ​យ៉ាង​សំខាន់​ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ ឬ Software មិន​មាន​អាជ្ញាប័ណ្ណ(Licence) នេះ​បើ​តាមលោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ចុះ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន HTECH និង ELITECH Distributor នាំ​យក​កម្មវិធី​កម្ចាត់​មេរោគ ESET ចូល​មក​ក្នុង​ប្រទេស​កម្ពុជា លោក អ៊ូ ផាន់ណារិទ្ធ លើក​ឡើង​ថា ការប្រើ Software អត់​មាន Licence ត្រឹមត្រូវ គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត ព្រោះ​នោះ​ជា​ច្រក​ដែល Hacker អាច​បញ្ចូល​មេរោគ​ទៅ​កុំព្យូទ័រ​យើង​បាន​ដោយ​ងាយ។

នៅ​កម្ពុជា លោក​​ ផាន់ណារិទ្ធ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា បច្ចុប្បន្ន​អ្នក​ប្រើ​ប្រាស់ កុំព្យូទ័រ ឬ​កម្មវិធី​ផ្សេង​ៗ មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ គឺ​មាន​តិច​​តួច​នៅ​ឡើយ។ស្ថានភាព​បែប​នេះ ដូច​លោក​លើក​ឡើង​ គឺ​មាន​កម្រិត​ហានិភ័យ​ខ្ពស់​បំផុត ដែល​អាចកើត​មាន​លើ​ឯកសារ​សំខាន់​ៗ​នៅ​លើ​កុំព្យូទ័រ ដែល​របស់​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សម័យ​ឌីជីថល។

លោក​គូសបញ្ជាក់​ថា " សម័យ​នេះ យុគៈ​នេះ Data is very important អីចឹង​ហើយ​អ្នក​ដែល​មាន Data គឺ​ជា​អ្នក​ឈ្នះហើយ ព្រោះ​យុគៈ​នេះ គេធ្វើ Business Economic នៅ​លើ Data ហ្នឹង​ហើយ អីចឹង​ហើយ Data យើង​ត្រូវ Protect សំខាន់​បំផុត!”។

ស្ថានភាព​នេះ ទាមទារ​ការ​ប្រើ​ប្រាស់​ត្រូវ​ធានា​ឲ្យ​បាន​សុវត្ថិភាព ហើយ​ក្នុង​នោះ ការ​ប្រើ​ប្រាស់​កម្មវិធី​កម្ចាត់​មេរោគ គឺ​ជា​ជម្រើស​ចាំ​បាច់​បំផុត។ លោក ប៊ុន ចាន់​ឈីម នាយក​ប្រតិបត្តិ Elitect Distributor ដែល​នាំ​កម្មវិធី ESET អះអាង​ថា ការ​ប្រើ​ប្រាស់​កម្មវិធី​កម្ចាត់​មេរោគ គឺ​ជួយ​ការពារ​ទិន្នន័យ ក៏​ដូច​ជា​ឯកសារ​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​កុំ​ព្យូទ័រ​ពី​ពពួក​មេរោគ។

ទី២ ជួយ​ការពារ​កុំព្យូទ័រ​ពី​ការ​ជាប់​គាំង​ដោយ​សារ​មេរោគ។ ទី៣ ជួយ​ឲ្យ​មាន​សុវត្ថិភាព​លើ​ការ​ទូទាត់​តាម​រយៈ​ធនាគារ ដែល​ជា​ហានិភ័យ​ធំ​មួយ​នា​ពេល​បច្ចុប្បន្ន។ និង​ទី៤ រារាំង​សារ និង​ផ្ទាំង​ពាណិជ្ជកម្ម​ឥត​ប្រយោជន៍​ដែល​បង្ក​ឡើង​ដោយ​មេរោគ ហើយ​នេះ​ជា​ច្រក​មួយ​សម្រាប់​ក្រុម Hacker បញ្ចូល​មេរោគ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​យើង។

ESET គឺ​ជា​បច្ចេកវិទ្យា​របស់​ប្រទេស​ស៊ូវ៉ាគី វា​ប្រភេទ​កម្មវិធី​កម្ចាត់​លេខ​១នៅ​អឺរ៉ុប បច្ចុប្បន្ន បាន និង​កំពុង​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​ចំនួន ២០២ បូក​រួម​នឹង​កម្ពុជា​ផង៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី