តាមការពិត! គ្រាប់បែក​បរមាណូ​ដែល​ទម្លាក់​លើ​ជប៉ុន គឺបាន​ផ្ទុះ​ទាំងមិន​ទាន់ធ្លាក់​ដល់ដី

  • 2022-08-12 07:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន គឺជាប្រទេស​ដំបូងគេបង្អស់​ដែល​ទទួលរងគ្រោះ​ពីការទម្លាក់គ្រាប់បែក​បរិមាណូ ឬអាតូមិក នៅចុង​សង្គ្រាម​លោកលើក​ទី២។ នៅព្រឹក​ថ្ងៃទី៦ ខែសីហា ឆ្នាំ​១៩៤៥ យន្តហោះ​អាមេរិក B-29 បាន​ទម្លាក់គ្រាប់បែក​បរមាណូទីមួយ ដែលមាន​ឈ្មោះថា «Little Boy» ទម្ងន់ ៤,៤តោន លើក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេស​ជប៉ុន ដើម្បីបង្ខំ​ឱ្យប្រទេសនេះ​ចុះចាញ់​សង្គ្រាម។

គ្រាប់បែកនេះ ត្រូវបានទម្លាក់ចេញពីយន្តហោះនៅម៉ោង ៨:១៥នាទីព្រឹក ហើយ​ត្រូវបានផ្ទុះនៅកម្ពស់ ៦១០ម៉ែត្រ ពីលើក្រុងហ៊ីរ៉ូស៊ីម៉ា ដែលមានកម្លាំង ១៥គីឡូតោន នៃកម្លាំងផ្ទុះ TNT ទាំងមិនទាន់ធ្លាក់ដល់ដី ហើយ​ការកម្ទេចគឺលាតសន្ធឹង​ជិត ១៣គីឡូម៉ែត្រការ៉េ​នៃក្រុង។

ការផ្ទុះគ្រាប់បែក​បរមាណូនេះ បាន​សម្លាប់មនុស្សប្រហែល ៨ម៉ឺននាក់​ភ្លាមៗ ហើយក្រោយមកមានមនុស្ស រាប់ម៉ឺននាក់ទៀត​ស្លាប់ជាបន្តបន្ទាប់ ដោយសារត្រូវសារធាតុវិទ្យុសកម្ម។ បើគិតចំនួនអ្នកស្លាប់សរុបទាំងអស់​ប្រហែល ១៤ម៉ឺននាក់។

យ៉ាងណាមិញ ការទម្លាក់លើកទីមួយ​នេះ មិន​បានធ្វើឱ្យជប៉ុន​ចុះចាញ់​សង្គ្រាមឡើយ។ ៣ថ្ងៃ​ក្រោយមក​ គឺនៅ​ថ្ងៃទី៩ ខែ​សីហា ១៩៤៥ យន្តហោះ​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​បរមាណូ​១ទៀត​ឈ្មោះ «Fat Man» ទម្ងន់ ៤,៦ តោន ទៅលើ​ក្រុង​ណាហ្គាសាគី បណ្តាល​ឱ្យ​មនុស្ស​ពី​ជិត ៤​ម៉ឺន ទៅ ៨ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត​ថែមទៀតផង។ ក្រោយការទម្លាក់លើកទី២នេះ អធិរាជជប៉ុន ក៏បានប្រកាសចុះចាញ់សង្គ្រាម​តែម្តង៕

ប្រភព៖ History   កែសម្រួល៖ សៀនហួរ