ងួន តាក់​ ​​​​ឈ្នះ​ជន​ជាតិ​ហ្វីលីពីន​​​​ក្លាយ​ជា​ជើង​ឯក​​​ LUX98-POOL 9-BALL OPEN 2022

  • 2022-08-15 03:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ការ​ប្រកួត LUX98-POOL 9-BALL OPEN 2022 បាន​យក​ឃើញ​ជើង​​ឯក​ហើយ ដែល​ធ្លាក់​ទៅ​លើ​ ងួន តាក់ ​បន្ទាប់​ពី​យក​ឈ្នះ​ជើង​ខ្លាំង​​​ជន​ជាតិ​ហ្វីលីពីន​​ Allen Jay ក្នុង​លទ្ធផល​៩ទល់​៦ កាល​ពី​ម្សិលមិញ​នេះ​នៅ​ទីតាំង​ស្នូកឃ័រ​កម្រិត​ស្តង់ដារ​​អន្តរជាតិ LUX98 ។

​​ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​២​ថ្ងៃ​ពេញ ព្រឹត្តិការណ៍​ខាង​លើ​បាន​រក​ឃើញ​ជើង​​ឯក​​ ហើយ​​សហព័ន្ធ​ក៏​បាន​រក​ឃើញ​អ្នក​ដែល​មាន​​ទេពកោសល្យ​​អាច​​យក​មក​បណ្ដុះបណ្ដាល​បន្ថែម​ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​ឲ្យ​​កាន់​តែ​មាន​ភាព​រីក​ចម្រើន​​។ ​ក្នុង​ឱកាស​បិទ​កម្មវិធី​កាល​ពី​ម្សិលមិញ​នេះ​លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​វា​ជា​ឆ្នាំ​ចាប់​ផ្ដើម​ដំបូង​ក្នុង​ការ​រៀប​ចំ​ជើង​ឯក​​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​លោក​​សំគាល់​ឃើញ​ថា ​ពិត​ជា​ទទួល​បាន​​លទ្ធផល​​ជា​ទីគាប់ចិត្ត ការ​ប្រកួត​ទៀតសោត​ក៏​បាន​រលូន​ល្អ​ ព្រោះ​ថា​​រយៈ​ពេល​ខ្លី​ទេ​ តែ​អ្នក​ចូល​រួម​សុទ្ធតែ​ជា​ជើង​​ខ្លាំង ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​ភាព​ជក់ចិត្ត​ខ្លាំង​មែនទែន​។

​អគ្គលេខាធិការ​ដដែល​ជឿ​ថា ​នៅ​ពេល​មាន​ការ​រៀបចំ​លើក​ក្រោយ​ៗ​ទៀត នឹង​កាន់​តែ​អាច​ជ្រើស​បាន​អ្នក​ខ្លាំង​ពូកែ​ចូល​រួម​ឲ្យ​បាន​ច្រើន​ជាង​បន្ថែម​ទៀត​។ លោក​ក៏​សូម​ធ្វើ​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ចូល​រួម​ សូម​​មក​ចូល​រួម​ទាំង​អស់​គ្នា កុំ​មាន​ការ​បារម្ភ​ខ្លាច​កីឡាករ​នេះ​ឬ​កីឡាករ​នោះ​គេ​ល្អ​ជាង​​ខ្លួន​ឡើយ ត្រូវ​ប្រកាន់​គោលជំហរ​ស្នាក់​ចិត្ត​ចូល​រួម​លើក​កម្ពស់​កីឡា​​មួយ​នេះ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ទាំង​អស់​គ្នា ព្រោះ​បើ​សិន​​រវល់​តែ​​ខ្លាច​ចេះ​ខ្លាច​ចុះ នឹង​​ហើយ​មិន​បាន​ចូលរួម​ទេ គេ​ក៏​មិន​អាច​ដឹង​ពី​កម្រិត​សមត្ថភាព​របស់​ខ្លួន។

​លោក​​សំឡឹង​ឃើញ​ថា ​ក្រោយ​ការ​រៀបចំ​នេះ​​ក្នុង​នាម​សហព័ន្ធ​ក៏​បាន​មើល​ឃើញ​កីឡាករ​មាន​ទេពកោសល្យ​រួច​ហើយ​ដែរ ក្នុង​ការ​យក​​ទៅ​​បង្វឹក​បន្ថែម​ ដើម្បី​ជា​ទិសដៅ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ជា​ការ​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ស៊ីហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ជា​មួយ​គ្នា​នោះ​​លោក​ពិត​ជា​អរគុណ​ទៅ​កាន់​ក្លឹប Lux98 ​ដែល​ចូល​រួម​សហការ​​ផ្ដល់​ទីតាំង​ប្រកួត​យ៉ាង​ស្អាត​កម្រិត​ស្តង់​ដារ​អន្តរជាតិ​​ និង​រៀបចំ​ការ​ប្រកួត​នេះ​បាន​យ៉ាង​ល្អ​​ក្រៃលែង​។

​​ក្នុង​ឱកាស​នោះ​ដែរ​កញ្ញា ហេង ចាង អ្នក​តំណាង​របស់​​ក្លឹប​ក៏​បាន​ធ្វើ​ការ​អរគុណ​ទៅ​កាន់​កីឡាករ​​ទាំង​អស់​ដែល​បាន​ចូល​រួម​ប្រកួត​ ​កញ្ញា​ជឿ​ថា នឹង​អាច​រៀបចំ​ការ​ប្រកួត​លើក​ក្រោយ​ៗ​ឲ្យ​កាន់​តែ​ពិសេស​ជាង​លើក​ទី​១​នេះ​បន្ថែម​ទៀត​។

​​ដោយ​ឡែក​ជើង​ខ្លាំង​ដែល​ជា​ម្ចាស់​ជើង​ឯក ងួន​ តាក់​ វិញ​បាន​តាំង​ចិត្ត​ថា នឹង​ព្យាយាម​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ក្រោយ​ពេល​បាន​ក្លាយ​ជា​បេក្ខភាព​​ម្នាក់​តំណាង​ឲ្យ​ក្លឹប​ចូល​រួម​ប្រកួត​ កីឡា​ជាតិ​​ឆ្នាំ​២០២២ សម្រាប់​ខែ​ខាង​មុខ​នេះ។ គេ​ក៏​បាន​ប្ដេជ្ញា​ថា នឹង​ប្រឹងប្រែង​ដើម្បី​អាច​ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ ដើម្បី​អាច​លេង​តំណាង​ឲ្យ​ជាតិ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។

លទ្ធផល​

  • លេខ​១ បានទៅ​កីឡាករ​ ងួន តាក់

  • លេខ​២ បាន​ទៅ​កីឡាករ​ Allen Jay (ជន​ជាតិ​ហ្វីលីពីន​)

  • លេខ​៣ បាន​ទៅ​កីឡាករ លៀង យូ

លេខ១៖ ​ទទួល​បាន​មេដាយ ពាន​ និង​ទឹក​ប្រាក់​សុទ្ធ២​លាន​រៀល រួម​ទាំង​រង្វាន់​ផ្សេងៗ។

លេខ២​៖ ទទួល​បាន​មេដាយ និង​ទឹកប្រាក់សុទ្ធ១លានរៀល​ រួម​ទាំង​រង្វាន់ផ្សេងៗ ។

លេខ៣៖ ទទួល​បាន​មេដាយ និង​ទឹក​ប្រាក់​សុទ្ធ​៥០​ម៉ឺន​រៀល រួម​ទាំង​រង្វាន់​ផ្សេងៗ ។

លេខ៤៖ ទទួល​បាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​រួម​ទាំង​រង្វាន់​ផ្សេងៗ​ស្មើ​នឹង​ទឹក​ប្រាក់ ២០​ម៉ឺនរៀល ។

  • ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ទទួល​បាន​ទឹក​ប្រាក់​សុទ្ធ រួម​ទាំង​រង្វាន់​ផ្សេង​ៗស្មើនឹង ៨​ម៉ឺន​រៀល ។

  • ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ទួល​បាន​ទឹក​ប្រាក់​សុទ្ធ រួម​ទាំង​រ​ង្វាន់​ផ្សេងៗ​ស្មើ​នឹង ១០​ម៉ឺន​រៀល ។​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម