បងស្រី ម៉ៅ ម៉ានិត - អាជីវកររឹងមាំ ជំនះលើបញ្ហាវិបត្តិជំងឺកូវីដ ដែលដាក់សម្ពាធហិរញ្ញវត្ថុមកលើអាជីវកម្មប្រពៃណីរបស់គាត់

  • 2022-08-19 03:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលអ្នកឆ្លងកាត់ការលំបាក ហើយឈានទៅសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន ចូរចាត់ទុកថា អ្នកជាមនុស្សរឹងមាំបានហើយ ។ នៅគ្រាដែលរោគរាតត្បាតកូវីដ-១៩ បានឆ្លងចូលក្នុងសហគមន៍ក្នុងឃុំកំពង់ហ្លួង ខេត្តកណ្ដាល នាពេលកន្លងទៅ បងស្រី ម៉ៅ ម៉ានិត បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរមកលើអាជីវកម្មរបស់គាត់ក្នុងនាមជាអ្នកផលិតប្រហុក ជាម្ហូបអាហារតាំងពីបុរាណរបស់ជនជាតិខ្មែរ ហើយផ្គត់ផ្គង់ទៅឲ្យអ្នកលក់រាយនៅទូទាំងប្រទេស ។

បងស្រីបាននឹកឃើញពីពេលដែលសហគមន៍របស់គាត់ត្រូវបានបិទខ្ទប់ម្ដង ជាពីរដង អំឡុងពេលផ្ទុះជំងឺរាតត្បាតនោះ ដែលធ្វើឲ្យអតិថិជន ក៏ដូចជារថយន្តមិនអាចចូលមកទិញ និងដឹកប្រហុករបស់គាត់បានឡើយ ធ្វើឲ្យរាំងស្ទះដល់អាជីវកម្មប្រហុកដែលគាត់បានស្នងពីម្ដាយនោះ ។

បងស្រី ម៉ានិត បាននិយាយថា៖ “ជួបបញ្ហាកូវីដ គេបិទផ្លូវ កាលខែមីនា និងខែ មេសា [ឆ្នាំមុន] ក៏លក់អត់ចេញដែរ បិទខ្ទប់អត់ឲ្យចេញទៅណា ។ ហើយយើងត្រូវលក់ប្រហុកខែ ៧ ទៅតាមខេត្ត តែខែ ៧លក់អត់ចេញ ។ មូលហេតុ គឺដោយសារតែមេរោគនឹងវាឆ្លងលឿន ហើយដោយសារគេបិទខ្ទប់ ចេញទៅណាអត់រួច” ។ “និយាយទៅ បញ្ហាខ្លាំងជាងគេ គឺអំឡុងកូវីដនោះហើយ ។ ពីមុនមក អត់ដែលជួបអីទេ… ខ្ញុំខាតប្រហុកអស់ ៥ ម៉ឺនដុល្លារ” ។

នៅពេលដែលប្រទេសកម្ពុជាបានបើកទ្វារព្រំដែន និងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនៅចុងឆ្នាំ ២០២១ ប្រជាពលរដ្ឋនានា រួមទាំង បងស្រី ម៉ានិត ក៏ចាប់ផ្ដើមមានក្ដីសង្ឃឹមចំពោះការស្ដារអាជីវកម្មរបស់ខ្លួនវិញផងដែរ ។

ជារៀងរាល់ឆ្នាំ អំឡុងរដូវធ្វើប្រហុកនៅខែវិច្ឆិកា និងខែធ្នូ បងស្រីម៉ានិត តែងទិញត្រីស្រស់ៗរាប់រយតោនពីអ្នកនេសាទ ហើយផលិតបានប្រហុកប្រមាណ ២០០ តោន សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ប្រហុកដែលផលិតរួច ត្រូវបានរក្សាទុកនៅខាងក្រោយផ្ទះសង់ពីឈើរបស់គាត់ ដែលនៅជាប់នឹងច្រាំងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងជាផ្នែកមួយនៃប្រព័ន្ធទន្លេមេគង្គ ។

ក្នុងចិត្តសង្ឃឹមថា នឹងអាចស្ដារមុខរបរប្រហុក ក៏ដូចជាពង្រីកអាជីវកម្មផ្សេងទៀតឡើងវិញបាន ដូច្នេះបងស្រីម៉ានិត ក៏បានទៅជួបជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បីទទួលបានសេវាប្រាក់កម្ចីសម្រាប់ស្ត្រីក្នុងវិស័យអាជីវកម្ម។ បងស្រីបាននិយាយថា គាត់តែងតែស្នើសុំកម្ចីពីអម្រឹតនៅពេលដែលគាត់ត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការពង្រីកអាជីវកម្ម ។

អាជីវកម្មប្រហុករបស់បងស្រីបានងើបឡើងមកវិញនៅក្នុងឆ្នាំ ២០២២ ហើយនៅពេលនេះ គាត់អាចលក់ប្រហុកបានចន្លោះពី ៤ ទៅ ៩ តោន ក្នុងមួយខែ ។ តម្លៃលក់ដុំ គឺប្រមាណជា ៩៥០០ រៀលក្នុងមួយគីឡូក្រាម ។ ការធ្វើប្រហុកគឺជាអាជីវកម្មតាមរដូវកាល ហើយបន្ថែមលើអាជីវកម្មមួយនេះ ដើម្បីទ្រទ្រង់ដល់ក្រុមគ្រួសារ និងអាជីវកម្ម បងស្រីម៉ានិត ក៏មានតូបចំនួនបីផ្សេងទៀតផងដែរ ក្នុងនោះមានហាងសាឡនចំនួនមួយ តូបលក់គ្រឿងក្រអូប និងតូបលក់មុងភួយក្នុងផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ ។

បងស្រី ម៉ានិត និយាយថា គាត់មានមោទនភាពចំពោះខ្លួនគាត់ក្នុងនាមជាស្ត្រីមួយរូប ដែលអាចប្រកបអាជីវកម្មច្រើនមុខក្នុងពេលតែមួយ ហើយគាត់ក៏មានផែនការក្នុងការបន្តធ្វើអាជីវកម្មទាំងអស់នេះ បន្តទៅមុខទៀតដែរ ។ បងស្រីបាននិយាយថា៖ “ការបើករបរថ្មីពេលមានផ្ទុះជំងឺចឹងពិបាកដែរ ប៉ុន្តែ យើងត្រូវប្រថុយ ក្រែងបានរីកចម្រើន ។ រាល់ថ្ងៃខ្ញុំមានមោទនភាពលើខ្លួនខ្ញុំ ដោយសារពីមុនមក ខ្ញុំជាអ្នកធ្វើស្រែចម្ការ ខ្ញុំអត់ដែលស្គាល់ផ្សារយ៉ាងម៉េចទេ ព្រោះអីខ្ញុំកូនអ្នកធ្វើស្រែ ។ បន្ទាប់ពីខ្ញុំចេញរកស៊ីមក ខ្ញុំមានមុខរបរផ្ទាល់ខ្លួន ហើយក្លាយជាបង្គោលក្នុងគ្រួសារថែមទៀតផង” ។ “ខ្ញុំមានផែនការពង្រីកអាជីវកម្មទាំងអស់នេះឲ្យជាប់រហូត អត់ដែលគិតថា ឈប់អាជីវកម្មមួយណាទេ ធ្វើប្រហុកក៏នៅដដែល លក់ដូរនៅផ្សារក៏នៅដដែល”។

ទន្ទឹមនឹងនេះ បងស្រីម៉ានិត ក៏បានចែករំលែកនូវពាក្យពេចន៍លើកទឹកចិត្តមួយចំនួនទាក់ទងនឹងការធ្វើអាជីវកម្មរកទទួលទានផងដែរ ដល់ស្ត្រីនានា ដែលគាត់ស្គាល់ ។ “ចេះតែណែនាំគេថា បើយើងចង់រករបរអ្វី យើងត្រូវរកឲ្យដល់គោលដៅ យើងត្រូវតែហ៊ាន ។ បើថាចង់បានអ្វីហើយ បើយើងអត់លុយ យើងអាចទាក់ទងខាងគ្រឹះស្ថានហិរញ្ញវត្ថុទៅ ដូចជាខាងអម្រឹត ប្រាក់កម្ចីគាត់ស្រួលទេ” ។ បងស្រីក៏បានឲ្យតម្លៃចំពោះប្រាក់កម្ចីដែលគាត់ទទួលបានរហូតមកទល់នឹងពេលនេះសម្រាប់យកទៅប្រើប្រាស់ក្នុងការប្រកបរបរអាជីវកម្ម ។

“សម្រាប់ខ្ញុំ ខ្ញុំយល់ថា ល្អ ព្រោះអី ខាងគេឲ្យខ្ចីលុយហើយ យើងយកមកពង្រីកអាជីវកម្មខ្លួនឯង ។ បើអត់មានខាងគាត់ឲ្យខ្ចី ក៏អត់ដឹងពង្រីកតាមណាដែរ ដូច្នេះ សម្រាប់ខ្ញុំ ខ្ញុំគិតថាល្អ” ។

នៅពេលបច្ចុប្បន្ននេះ អាជីវកម្មទាំងអស់របស់បងស្រីម៉ានិត កំពុងដំណើរការទៅមុខ ហើយក៏កំពុងងើបចេញពីផលប៉ះពាល់បង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ហើយបងស្រីបានឲ្យដឹងថា បងស្រីកំពុងតែសំឡឹងមើលលើការពង្រឹងបន្ថែមទៀតទៅលើការរស់នៅ និងរបរអាជីវកម្មរបស់គាត់៕

អត្ថបទពេញនិយម