ឯកឧត្ដម ថោង ខុន ចែករំលែកបទពិសោធន៍ ៦ចំណុចនៅ​វៀតណាម អំពី​កម្ពុជា​សម្រេចបានការស្តារវិស័យទេសចរណ៍​ក្នុង​បរិបថ​កូវីដ១៩!

  • 2022-09-09 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​វៀតណាមចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិម្សិលមិញ​នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានចូលរួមចែករំលែកបទពិសោធន៍ ៦ចំណុច​ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាអំឡុងពេលជួបវិបត្តិកូវីដ១៩ ក្នុងវេទិកាកម្រិតខ្ពស់ស្តីពីដំណោះស្រាយ លើការស្តារទេសចរណ៍អន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

វេទិកាកម្រិតខ្ពស់នៅទីក្រុងហូជីមិញស្តីពីដំណោះស្រាយលើការស្តារទេសចរណ៍អន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព មានគោលបំណងក្នុងការប្រមូលផ្តុំស្ថាប័នទេសចរណ៍ អ្នកវិនិយោគទេសចរណ៍អន្តរជាតិ និងផ្នែកឯកជនក្នុងតំបន់និងជុំវិញពិភពលោក ដើម្បីទទួលបានអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំទេសចរណ៍សំខាន់ៗនៃប្រទេសក្នុងតំបន់អំពីចក្ខុវិស័យ និងយុទ្ធសាស្រ្តក្នុងការស្តារទេសចរណ៍អន្តរជាតិឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព។

កម្មវិធី​នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម វុ ឌឹកដាម (Vu Duc Dam) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្ដ្រីវៀតណាម ព្រមទាំងមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីទេសចរណ៍វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រតិភូអមរដ្ឋមន្ត្រី/អនុរដ្ឋមន្ត្រី និងតំណាងអាជ្ញាធរទេសចរណ៍ អគ្គកុងស៊ុលប្រទេសសមាជិកអាស៊ាន ផ្នែកឯកជនអន្តរជាតិសរុបប្រមាណ៣៥០នាក់។

តាមលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា នាឱកាសនោះ ឯកឧត្ដម ថោង ខុន ជាការចូលរួម លោករដ្ឋមន្រ្តីបានចែករំលែកអនុសាសន៍គន្លឹះចំនួន៦ចំណុច ក្នុងការពង្រឹងការតភ្ជាប់ដើម្បីស្តារវិស័យទេសចរណ៍តំបន់ និងអន្តរជាតិឡើងវិញ ប្រកបដោយចីរភាពនៃកំណើនដូចខាងក្រោម៖

១. ចំពោះមុខវ៉ាក់សាំងនៅតែជាគន្លឹះក្នុងការកសាងនូវទំនុកចិត្តទេសចរក្នុងការធ្វើដំណើរ៖ ចំពោះមុខដែលពិភពលោកបានទទួលយកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ពោលគឺរស់នៅជាមួយកូវីដ-១៩ វ៉ាក់សាំងជាឧបករណ៍តែមួយគត់ចូលរួមដល់ការធានាអាយុជីវិតប្រជាពលរដ្ឋ ទេសចរ ក៏ដូចជាស្តារនូវទំនុកចិត្តនិងភាពជឿជាក់របស់ទេសចរ។ ដូចនេះគោលដៅទេសចរណ៍ទាំងឡាយគួរបន្តនិងបង្កើនការចាក់វ៉ាក់សាំង។

២. ត្រូវបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញស្របតាមបរិបទគន្លងប្រក្រតីភាពថ្មី ស្របផែនទីចង្អុលផ្លូវ ឬយុទ្ធសាស្រ្ត និងគោលការណ៍ណែនាំនានា ដោយតម្កល់អាយុជីវិតប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ជាក់ស្តែង ដើម្បីធានបាននូវការបើកសកម្មភាពសេដ្ឋកិច្ចសង្គម និងវិស័យទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះនូវផែនទីចង្អុលផ្លូវសម្រាប់ការផ្សព្វផ្សាយ និងផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជាអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ដែលចែកចេញជា៣ដំណាក់កាល៖ ១.ការគ្រប់គ្រងវិបត្តិក្នុងដំនាក់កាលទម្លាប់ថ្មី និងរៀបចំការស្តារឡើងវិញ (២០២០-២០២១) ២.ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) ៣.ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។

៣. សមាជិកអាស៊ានទាំងអស់គួរពិចារណាជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ាន ស្របតាមចក្ខុវិស័យ «អាស៊ានសម្រាប់អាស៊ាន» ក៏ដូចជាទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់ដូចជាបណ្ដាប្រទេសអេកម៉ិក (ACMECS) និងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

៤. រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដៃគូអាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ពិភពលោកគួរបន្តពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្ស ជំរុញការតភ្ជាប់ឌីជីថល ជំរុញនវានុវត្តន៍ និងគំនិតច្នៃប្រឌិតក្នុងបរិបទឧស្សាហកម្មជំនាន់៤.០ និងនិន្នាការអនាគតនៃវិស័យទេសចរណ៍។

៥. ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តលើក ឡើងអំពីការខិតខំជំរុញវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ (E-learning) និងអក្ខរកម្មឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានអនុវត្តក្នុងដំណាក់កាលជួបវិបត្តិនៃជំងឺកូវីដ១៩ និងក្នុងដំណាក់កាលស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញនេះ។

៦. ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ដល់នូវសហហិរញ្ញប្បទានសរុបចំនួន១៥០លានដុល្លារ សម្រាប់ឱ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ស្នើកម្ចីឥណទានយកទៅជួសជុលកែលម្អទីតាំងអាជីវកម្មរបស់ខ្លួន។ អាជីវកម្មទាំងនោះគឺត្រូវតែបានចុះបញ្ជីនៅក្រសួងទេសចរណ៍ និងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

អត្ថបទ៖ ទារិកា