មកដឹងរឿងស្នេហាដ៏សែន Sweet របស់ LOCO និងអនាគតភរិយាដែលជាអ្នកជិតខាង
- 2022-09-14 02:46:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរឿងស្នេហាដ៏សែន Sweet របស់ LOCO និងអនាគតភរិយាដែលជាអ្នកជិតខាង
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ LOCO តារារ៉េបដ៏ល្បីរបស់កូរ៉េ បានប្រកាសពីព័ត៌មានរៀបការរបស់ខ្លួនជាមួយនឹង គូស្នេហ៍ ដែលជាអ្នករស់នៅក្នុងភូមិស្រុកជាមួយគ្នា។ ហេតុតែនិស្ស័យមិនទាន់ដាច់ ព្រហ្មលិខិតក៏បានដឹកដៃលោក ឲ្យបានចួបនឹងនាងជាថ្មីដោយចៃដន្យបំផុត ហើយជំនួបគ្នាជាថ្មីនោះហើយ ដែលបានត្របាញ់ឲ្យអ្នកទាំង ២ ផ្ដើមស្នេហ៍នឹងគ្នាបែបចាស់ទុំតែម្ដង។
ស្ថិតក្នុងសំណេរ ដែលបានបង្ហោះលើគណនី Instagram ផ្លូវការ LOCO បាន រៀបរាប់ពីប្រវត្តិស្នេហា ដ៏សែនកក់ក្ដៅ សបញ្ជាក់ពីនិស្ស័យកើតឡើងពិតៗរវាងលោក និងនារីជាទីស្រឡាញ់ ដែលជាអ្នកជិតខាង៖
«សួស្ដី អ្នកទាំងអស់គ្នា! ខ្ញុំមានដំណឹងមួយសម្រាប់អ្នក។ បន្ទាប់ពីខ្ញុំបានបញ្ចប់កាតព្វកិច្ចពីជួរទាហាន ខ្ញុំក៏បានជួបនឹងមិត្តភ័ក្តិម្នាក់មានវ័យស្របាលគ្នា ដែលធំដឹងក្ដីមកក្នុងភូមិស្រុកជាមួយគ្នាតាំងពីក្មេង ដែលជំនួបនោះគឺជាលើកដំបូងក្រោយខានជួបគ្នាមួយរយៈធំ។ ខ្ញុំមិនដឹងថា ហេតុអ្វីទេ ប៉ុន្តែនៅពេលដែលយើងបាននៅជិតគ្នា បេះដូងខ្ញុំលោតញាប់តែម្ដង ហើយមិនយូរប៉ុន្មានយើងក៏ក្លាយជាគូស្នេហ៍នឹងគ្នា។
យើងបានចំណាយពេលរីករាយ និងមានតម្លៃជាមួយគ្នារយៈពេល ២ឆ្នាំហើយ និងតែងគោរពឲ្យតម្លៃការងារគ្នាទៅវិញទៅមក។ ដូច្នេះ យើងក៏ឈានដល់សន្យាថានឹងរក្សាទំនាក់ទំនងនេះជារៀងរហូត។
នាងគឺជាមនុស្សម្នាក់ដែលយល់ពីខ្ញុំច្បាស់ជាងអ្នកណាទាំងអស់ ដឹងថាខ្ញុំខ្វល់ខ្វាយ និងមិនស្រណុកចិត្តយ៉ាងណា នៅក្រៅឆាក។ អរគុណដល់នាង ពេលនេះខ្ញុំអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយមិនភ័យខ្លាចអ្វីទាំងអស់ ហើយខ្ញុំគិតថា ខ្ញុំអាចដឹកនាំជីវិតប្រចាំថ្ងៃដ៏រីករាយ ដោយគ្មានការតានតឹងអ្វីឡើយ។ ប្រហែលជាអ្នកគាំទ្រដឹងខ្លះហើយពីរឿងនេះ តាមពិតម្នាក់នេះហើយដែលជា “Soy Latte Girl” ខ្ញុំឧស្សាហ៍និយាយក្នុងបទចម្រៀងរបស់ខ្ញុំកន្លងមក។
ដោយសារអ្វីស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ដោយសារការរីករាលដាលនៃជំងឺឆ្លង (COVID19) ដូច្នេះយើងនឹងរៀបចំពិធីមួយបែបលក្ខណៈឯកជន ជាមួយនឹងគ្រួសារ និង មិត្តជិតស្និទ្ធ។ ខ្ញុំចង់ជម្រាបអ្នកទាំងអស់គ្នាដោយផ្ទាល់ សម្រាប់ការសម្រេចចិត្តនេះ ដោយក្ដីដឹងគុណដល់អ្នកគ្រប់គ្នា ដែលតែងគាំទ្រខ្ញុំ។
យ៉ាងណាមិញ រយៈពេល១០ឆ្នាំកន្លងផុតទៅហើយ ចាប់តាំងពីខ្ញុំបានចេញមុខលើសិល្បៈ។ អរគុណដល់អ្នកគាំទ្រទាំងអស់ ខ្ញុំអាចបន្តផ្សព្វផ្សាយការងារ ជាមួយនឹងបេះដូងដែលពេញទៅដោយការអរគុណ។ ខ្ញុំកំពុងរៀបចំស្នាដៃថ្មីដែលខ្ញុំបានត្រៀមសម្រាប់ឆ្នាំនេះ ហើយខ្ញុំគិតថា ខ្ញុំអាចនឹងបន្តជួបអ្នកគ្រប់គ្នាញឹកញាប់តាមរយៈការសម្ដែងផ្សេងៗ ក៏ដូចជាអាល់ប៊ុមរបស់ខ្ញុំដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខ។
ខ្ញុំតែងដឹងគុណចំពោះអ្នកគ្រប់គ្នាជានិច្ច ហើយសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អរហូត!»។
វាជាព័ត៌មានដ៏ល្អ ហើយអ្នកគាំទ្រក៏ពិតជារីករាយនឹងដំណឹងមង្គលមួយនេះ ព្រោះពេលនេះ LOCO ដែលជា Idol របស់ពួកគេបានជួបនឹងគូជីវិត ហើយគ្រប់គ្នាក៏សរសើរនឹងភាពក្លាហានក្នុងការលាតត្រដាងពីរឿងស្នេហា និងសមត្ថភាពក្នុងការថែរក្សាក្ដីស្រឡាញ់របស់លោកនិងអនាគតភរិយាដែរ៕