ប្រទេសជាប់រុស្សី បិទព្រំដែន ចំណែកសហគមន៍អឺរ៉ុប សម្រេចផ្អាកការព្រមព្រៀងផ្តល់ទិដ្ឋាការ

  • 2022-09-30 03:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីមានការបញ្ជាបើកប្រតិបត្តិការពិសេស នៅក្នុងប្រទេសអ៊ុយក្រែន ពីសំណាក់លោកប្រធានាធិបតី ពូទីន ប្រទេសដែលមានព្រំប្រទល់ជាប់រុស្សី បានធ្វើការបិទព្រំដែនរបស់ខ្លួនជាបន្តបន្ទាប់។

ហ្វាំងឡង់ បានក្លាយជាប្រទេសនៅអឺរ៉ុបចុងក្រោយគេដែលមានព្រំប្រទល់ជាប់រុស្សី សម្រេចបិទព្រំដែនរបស់ខ្លួនជាមួយក្រុងមូស្គូ។ ប្រទេសប៉ូឡូញ អេស្តូនី ឡាតវី និងលីទុយអានី បានបិទព្រំដែនរបស់ខ្លួននៅដើមខែនេះ មិនឱ្យភ្ញៀវជនជាតិរុស្សី ចូលនោះទេ។ ការសម្រចបិទព្រំដែននេះ បានធ្វើឡើងបន្ទាប់ពីមានជនជាតិរុស្សីរាប់សែននាក់សម្រុកចេញពីប្រទេស បន្ទាប់ពីមានការអំពាវនាវរបស់លោកពូទីន ឱ្យជ្រើសរើសកងទ័ពថ្មីប្រមាណ ៣សែននាក់។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រដ្ឋមន្រ្តីក្រសួងការបរទេសហ្វាំងឡង់ បញ្ជាក់ថាជនជាតិរុស្សីអាចចូលក្នុងប្រទេសខ្លួនបាន ក្នុងលក្ខខណ្ឌទៅជួបគ្រួសារ ទៅធ្វើការ និង ទៅសិក្សាជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះដដែល នៅដើមខែកញ្ញានេះ សហគមន៍អឺរ៉ុប (EU) សម្រេចផ្អាកការព្រមព្រៀង ទិដ្ឋាការដែលបានឯកភាពគ្នាកន្លងមក។ នេះមានន័យថា ជនជាតិរុស្សីនឹងពិបាកស្នើសុំទិដ្ឋាការ ដើម្បីចូលទៅកាន់ប្រទេសនានានៅតំបន់អឺរ៉ុប៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា