បើក “Run With SAI” រដូវកាល​ទី​២ រក​មូលនិធិជួយ​កុមារ​កម្ពុជា និង​ជំរុញ​ឲ្យ​កើត​មាន Hero ថ្មី​ៗ​ទៀត​!

  • 2022-10-03 09:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ួន បឋម ហៅ SAI ស្ថាបនិក​គម្រោង "Run with SAI for Charity" បាន​ប្រកាស​បើក​គម្រោង​នេះ​ដដែល​ទៀត​សម្រាប់​រដូវ​កាល​ទី២ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "Run with SAI ៤សែន​ជំហ៊ាន ក្នុង​ក្រៅ​ពី​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ក៏​លើក​ទឹក​ចិត្ត​សម្រាប់​ជន​គំរូរ(Hero)ដទៃ​ទៀត​ដែរ។

“រត់​ជាមួយ SAI ដើម្បី​សប្បុរសធម៌" បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ខែ​តុលា ២០២០ មាន​រយៈ​ពេល ៩៩ថ្ងៃ ឆ្លង​កាត់​ខេត្ត​ក្រុង​ចំនួន ២១ សរុប​ចម្ងាយ​ដី​ជាង ២ពាន់​គីឡូម៉ែត្រ។ SAI ប្រមូល​មូលនិធិ​បាន​ជាង ២ពាន់​លាន​រៀល​ជួយ លើស​ពី​ផែន​ការ។ ត្បិត​ថា​រីករាយ​នឹង​លទ្ធផល​ដែល​បាន​ទទួល ប៉ុន្តែ SAI បាន​ឲ្យ​ដឹង​ថា រាង​កាយ​របស់​លោក​ស្ទើរ​ខ្ទេច​ខ្ទី ពិសេស​ជើង ជង្គង់។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Sabay យុវជន​មក​ពី​ខេត្ត​រតនៈគីរី បង្ហើប​ឲ្យ​ដឹង​ថា មូលហេតុ​មួយ​នេះ លោក​មិន​មាន​ផែន​​ការ​បន្ត​គម្រោង​ទៀត​ទេ ព្រោះ​តែ​យល់​ថា រាងកាយ​របស់​លោក​មិន​អាច​រ៉ាប់រង​បាន​ទៀត។

ប៉ុន្តែ​ក្រោយ​ពី​ព្យាបាល​សភាព​រាងកាយ​បាន​ប្រសើរ​ឡើង​វិញ និង​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​របស់​មន្ទីរ​ពេទ្យ​ដែល​ត្រូវ​ការ​មូលនិធិ​ដើម្បី​បន្ត​រស់រាន​អាច​ជួយ​ដល់​កុមារ​កម្ពុជា ទើប​លោក​សម្រេច​ចិត្ត​ធ្វើ​វា​ម្ដង​ទៀត ក្នុង​នោះ​ក្រៅ​ពី​រក​មូលនិធិ លោក​ចង់​ជំរុញ​បេះដូង​យុវជន​ផ្សេង​ទៀត​ក្នុង​ការ​ចូល​រួម​ជួយ​សង្គម​ ជួយ​កុមារ​យើង​ទាំង​អស់​គ្នា ព្រោះ​ថា​លោក​ម្នាក់​ឯង​មិន​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ និង​យូរអង្វែង​ឡើយ។ លោក​លើក​ឡើង​ថា អ្នក​គ្រប់​គ្នា​អាច​ក្លាយ​ជា "Hero” បាន។ "Me Can Be a Hero, You also can be a Hero”។

លោក ជី សិលា តំណាង​ក្រុមហ៊ុន Sabay និង Major Cineplex By Smart

បេសកកម្ម​ទាំង​ពីរ​លើក បាន​ទទួល​ការ​សាទរ​ជា​ទូទៅ បង្ហាញ​ពី​ការ​លះបង់​ដ៏​ធំ​ធេង​របស់​យុវជន​កម្ពុជា​រូប​នេះ។ ក្នុង​នាម​ជា​ដៃគូសហការ​ម្នាក់ លោក ជី សិលា តំណាង​ក្រុមហ៊ុន Sabay និង Major Cineplex By Smart បាន​លើក​ឡើង​ថា លោក​ពិត​មិន​ចង់​ជឿ​ថា SAI អាច​ធ្វើ​បាន ហើយ​ថែម​ទាំង​ហ៊ាន ធ្វើកិច្ចការ​នេះ​ម្ដង​ទៀត។

លោក​លើក​ឡើង​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា ក្នុង​ពេល​កូន​ស្រី​លោក នីកូ រត់​ដើម្បី​ប្រមូល​និធិ​ជួយ​សាលា​រៀន និង​កិច្ចការ​សង្គម​ផ្សេង​ទៀត លោក​បើក​រថយន្ត​តាម​ក្រោយ​រយៈ​ពេល ៥ថ្ងៃ ក៏​ទទួល​ថា​ហត់​ដែរ។ "ទម្រាំ​តែ​កូននីកូ រត់​បាន ១០០គីឡូ ហើយ SAI រត់​ជាង ២ពាន់​គីឡូ គឺ​វា​ត្រូវ​ការ​ភាព​ក្លាហាន និង​ការ​តាំង​ចិត្ត​មែន​ទែន!”។

លោក​ថា ជា​អ្នក​កីឡា​ម្នាក់​ដែរ លោក​មិន​ទាន់​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​កិច្ចការ​ដ៏​លំបាក​នេះ​ឡើយ។ ដូច្នេះ​ជាមួយ​ការ​ប្រកាស​បើក​គម្រោង​រត់​ដើម្បី​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ លោក​សូម​ជូន​ពរ ឲ្យ SAI ធ្វើ​កិច្ចការ​នេះ​បាន​ជោគជ័យ និង​សុវត្ថិភាព។ ជាមួយ​គ្នា ក៏​សង្ឃឹម​ថា សប្បុរសជន​នានា​ចូល​រួម​បរិច្ចាគ​ឲ្យ​បាន​ច្រើន​ៗ ដើម្បី​សង្គម និង​កុមារ​កម្ពុជា។

ឯកឧត្តម សុខ សប្បាយណា តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា

ក៏ដូចគ្នា​ដែរ ឯកឧត្តម សុខ សប្បាយណា តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា(ស.ស.យ.ក) សូម​កោត​សរសើរ​ពី​បេះដូង និង​ការ​លះបង់​របស់ SAI និង​ក្រុម​ការងារ។ ឯកឧត្តម បាន​បន្ត​ថា​ជា​ការ​គាំទ្រ ស.ស.យ.ក នឹង​សម្របសម្រួល​ចំពោះ​អាជ្ញាធរមូលដ្ឋាន​ដែល ក្រុម​ការងារ​គម្រោង "Run with SAI ៤សែន​ជំហ៊ាន" ត្រូវ​ឆ្លង​កាត់ ដើម្បី​ធានា​ថា បេសកកម្ម​របស់​​ពួក​គេ ដំណើរ​ទៅ​រលូន។

ឯកឧត្តមបាន​បញ្ជាក់​ទៀត​ថា នេះ​ការលះបង់​ធំធេង​ណាស់ ក្នុង​មិន​ត្រឹម​តែ SAI ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្រុម​ការងារ​ថែម​ទៀត​​មាន​ឈ្មោះ​ថា "SAI Force” ​ដែល​អ្នក​ខ្លះ សុខ​ចិត្ត​សុំ​ច្បាប់​កន្លែង​ធ្វើការ និង​ហ៊ាន​លាលែង​ថែម​ទៀត ប្រសិន​បើ​ថ្នាក់​លើ​មិន​អនុញ្ញាត ដើម្បី​បាន​ចូល​គម្រោង​ដ៏​អស្ចារ្យ​នេះ។ ដូច្នេះ​ហើយ ឯកឧត្តម​សូម​កោតសរសើរ និង​ជូន​ពរ​ក្រុមការងារ ធ្វើ​បេសកកម្ម​បាន​ជោគជ័យ។

"Run with SAI ៤សែន​ជំហាន" នឹង​ចាប់​ផ្ដើម​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២២ តុលា​នេះ ដោយ​ចេញ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប ហើយ​គម្រោង​នេះ នឹង​ប្រព្រឹត្ត​ទៅ​ត្រឹម​តែ ៩ ថ្ងៃ​ប៉ុណ្ណោះ ខណៈ​គម្រោង​កាល​ពី​ឆ្នាំ ២០២២ ដល់​ទៅ ៩៩ថ្ងៃ។ SAI ប្រាប់​ថា ការ​ធ្វើ​ដោយ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​បែប​នេះ ដើម្បី​សម្រួល​ដល់​សារពាង្គ​ចៀស​ពី​ហានិភ័យ និង​ធានា​ដល់​ការ​ចូល​រួម​ពី​​សាធារណជន។

លោក​លើក​ទឹក​ចិត្ត ឲ្យ​សាធារណជន ចូល​រួម​ឲ្យ​បាន​ច្រើន ត្បិត​ថា លើក​នេះ ការ​រត់​មាន​រយៈ​ពេល​ខ្លី ឯ​ផ្លូវ​ទៀត​សោត ក៏​រាប​ស្មើ​ដែរ ខុស​ពី​គម្រោង​ទី​១ ត្រូវ​រត់​កាត់​ភ្នំ ដង អូរ ជា​ច្រើន។

អ្នក​គ្រូពេទ្យ ស៊ិន កេត​អរុណ ប្រធាន​ការិយាល័យ​រៃអង្គាស​មូលនិធិ​នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

មូលនិធិ​ពី​បេសកកម្ម​នឹង​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ទាំង​អស់។ ថ្លែង​នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ អ្នក​គ្រូពេទ្យ ស៊ិន កេត​អរុណ ប្រធាន​ការិយាល័យ​រៃអង្គាស​មូលនិធិ​នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ បានឲ្យដឹង​ថា គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង ២៣ឆ្នាំ​ហើយ ដែល​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បាន​បើក​ដំណើរការ និង​បាន​ជួយ​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ បាន​ជាង ២លាន ៥សែន​ករណី។

មក​ដល់​បច្ចុប្បន្ន​មន្ទីរពេទ្យ​នៅ​តែ​បន្ត​បេសកកម្ម​នេះ​ដដែល ដែល​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​តាម​រយៈ​មូលនិធិ​នានា។ ដូច្នេះ​ហើយ មន្ទីរពេទ្យ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ SAI ចំពោះ​ការ​លះបង់​មួយ​នេះ នឹង​សង្ឃឹម​ថា សប្បុរសជន​នានា​ចូល​រួម​បរិច្ចាគ។ អ្នក​គ្រូ​ពេទ្យ​បញ្ជាក់​ថា លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បរិច្ចាគ​ជា​ប្រចាំ​ខែ ទោះ​តិច​ក្ដី​ច្រើន​ក្ដី ដើម្បី​ធានា​និរន្តរភាព​នៃ​ដំណើរ​របស់​មន្ទីរ​ពេទ្យ​ដើម្បី​ជោគវាសនា​របស់​កុមារ​ៗ​កម្ពុជា។

សម្រាប់​ប្រិយមិត្ត​ដែល​ត្រូវ​ការ​អាវ​របស់​គម្រោង "Run with SAI ៤សែន​ជំហាន" អាច​ធ្វើ​ការ​ទំនាក់ទំនង​តាម​តំណរ​នេះ ដែល​នេះ​ក៏​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​មូលនិធិ​ទ្រទ្រង់​ដំណើរ​ការ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម