ប៉ុន្មានឆ្នាំនេះ តាស្លេក ស្ងាត់ចេញកាត់សក់តាមរោង ប៉ុន្ដែតម្លៃខ្លួនវិញស្ទើរមិនគួរឲ្យជឿ
- 2022-10-18 08:42:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានឆ្នាំនេះ តាស្លេក ស្ងាត់ចេញកាត់សក់តាមរោង ប៉ុន្ដែតម្លៃខ្លួនវិញស្ទើរមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
លោក អ៊ឹម ធូរ៉ែន ហៅតាស្លេក ដែលជាសមាជិកក្រុមកំប្លែងនាយពាក់មី បានបង្ហាញភាពខុសគ្នានូវប្រាក់ចំណូលប្រចាំខែពីអាជីពរបស់ខ្លួននៅមុន និងក្រោយស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ទៅវិញ។ តាស្លេក អះអាងថា នៅមុនឆ្នាំ២០១៩ គឺលោកចេញសម្ដែងក្នុងពិធីកាត់សក់ចន្លោះពី៤០ ទៅ៤៥រោង ក្នុង១ខែ តែក្រោយៗមកនេះ គឺបានជាង ១០រោងប៉ុណ្ណោះក្នុង១ខែ។
តាស្លេក បានប្រាប់Sabay ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធកម្មវិធីកម្សាន្ដរបស់ក្រុមលោកដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍PNN កាលពីពេលថ្មីកន្លងទៅថា ការថមថយប្រជាប្រិយភាព ឬទឹកដៃសម្ដែងនោះទេ គឺមិនសូវមានរោងការដូចមុន។ លោករំលឹកថា មុនឆ្នាំ២០១៩ ក្រៅពីការងារសម្ដែងនៅក្នុងក្រុម រូបលោកមានឱកាសចេញទៅសម្ដែងនៅខេត្ដឆ្ងាយៗដែរ។
តាស្លេក៖ “បើទៅដល់រតនៈគិរី មណ្ឌលគិរី ឆ្ងាយៗអីចឹង យើងគិតពីគេ៨០០ ទៅ១០០០(ដុល្លារ) ជួលកាលតម្លៃខ្លួនយើងតែម្នាក់ឯងក៏បានក្បែរ១០០០អីដែរ។ ពីមុនវិញ ក្នុងមួយខែ ៤០ ទៅ៥០រោងណោះ ព្រោះមួយថ្ងៃកាត់ពីររោងទៅបីរោង តែឥឡូវស្បើយមែនទែន"។
គិតត្រឹមឆ្នាំ២០២២ នេះ តាស្លេក មានវ័យ ៥២ឆ្នាំហើយ។ លោកបានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពកំប្លែងជាង២២ឆ្នាំហើយ ហើយលោកនៅតែជាសមាជិកលេចធ្លោរម្នាក់របស់់ក្រុមកំប្លែងនាយពាក់មី។
បើសង្កេតតាមការនិយាយស្ដីនៅខាងក្រៅឆាក គ្រប់គ្នាប្រាកដជាគិតថាតាស្លេកមិនចេះលេងកំប្លែងនោះទេ ព្រោះលោកជាមនុស្សនិយាយមួយៗ ហើយម៉ឺងម៉ាត់ ប៉ុន្ដែនៅលើឆាកវិញ គឺសម្ដីហូរដូចទឹក ហើយស្ដាយចេញលើឆាករបស់លោកវិញ គឺសូត្រកំណាព្យ ឬច្រៀងដោយប្រើពាក្យចួន៕