អនុប្រធាន​សហព័ន្ធ​ចំបាប់​ សង្កេត​ឃើញ​កីឡាករ​​ សមត្ថភាព​កាន់តែ​កើនឡើងក្នុង​កីឡា​ជាតិ​​លើក​ទី៣​

  • 2022-11-24 07:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ សង្កេត​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​កីឡា​ជាតិ​ លើក​ទី៣​ នេះ​មាន​ការ​កើនឡើងច្រើន​បន្ទាប់​ពី​ឆ្លងកាត់​ការ​បង្ហាត់​បង្រៀន​របស់​គ្រូ​អ៊ីរ៉ង់នា​ពេលកន្លងទៅ។​

លោក​ ខេស៊ី បាណេត​ ពេលបំពាក់មេដាយ

លោក​ ខេស៊ី បាណេត​ អនុប្រធាន​សហព័ន្ធ​ឲ្យ​ដឹង​ក្រោយ​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ ​ថា​តាម​រយៈ​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​កីឡាករ​ កីឡា​ការិនី​ បង្ហាញ​សមត្ថភាព​កើនឡើង​ច្រើន។​ ការ​រីកចម្រើន​នេះ​ដោយ​សារ​តែ​រយៈពេល​ប្រហែល​២ឆ្នាំ​​មាន​ការ​ហ្វឹកហាត់​ខ្លាំង​ តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ និង​មួយ​វិញ​ទៀត​តាម​រយៈ​គ្រូ​កម្រិត​អូឡាំពិក​ដែល​ជា​ជនជាតិ​អ៊ីរ៉ង់​នា​ពេល​កន្លង​មក។​

រូបភាពអគ្គនាយដ្ឋានកីឡា

ការ​ហ្វឹកហាត់​នៅ​ប្រទេស​អ៊ីរ៉ង់​ ឬ​នៅ​ក្រៅ​ប្រទេស​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​ កីឡា​ការិនី​ មាន​ភាព​រីកចម្រើន​ខាង​បច្ចេកទេស​ខ្លាំង​ ព្រោះ​បាន​បទ​ពិសោធ​ពី​ដៃគូ​ល្អៗ​ និង​ការ​ខំប្រឹង​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ដើម្បី​ឈាន​តាម​កីឡាករ​បរទេស​ដែល​ហាត់​រួមគ្នា។​ ដូច្នេះ​ហើយ​សហព័ន្ធ​បាន​ជំរុញ​ខ្លាំង​លើ​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ប្រជែង​មេដាយ​ឲ្យ​បាន​កាន់តែច្រើន​ជាង​ស៊ីហ្គេម​ នៅ​វៀតណាម​ទៅ​ទៀត។​

ក្រុមចូលរួម

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ក៏​បាន​ចូលរួម​ដាក់​ឲ្យ​លេង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​ នេះ​ដែរ។​ សហព័ន្ធ​កីឡា​មួយ​នេះ​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ​ដែរ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ។​ ក្នុង​នោះ​ដែរ​ក្រុម​ចំបាប់​ក្រសួង​មហាផ្ទៃ​ ជាប់​លេខ១​ ឈ្នះ​មាស​៦​ ប្រាក់​២​ សំរឹទ្ធ១​ លេខ២​ ក្រសួង​សេដ្ឋកិច្ច​ ឈ្នះ​មាស​៥​ ប្រាក់​៥​ សំរឹទ្ធ២​ និង​លេខ៣​ ខេត្ត​កំពង់ឆ្នាំង​ ឈ្នះ​មាស​១​ ប្រាក់១​ សំរឹទ្ធ៧៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម