ប្រវត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារុក​ក្នុង​ព្រឹត្តិការណ៍ World Cup

  • 2022-12-07 13:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ័យ​ជំនះ​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារុក​ទៅ​លើ​អេស្ប៉ាញ​កាល​ពី​យប់​មិញ បាន​បង្កើត​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​កត់​សម្គាល់​។ ម៉ារុក​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់​ទី ១ ដែល​ឆ្លង​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៃ World Cup។ ម៉ារុក​ក៏​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​អាហ្វ្រិក​ដំបូង គិត​ពី​ឆ្នាំ ២០១០ មក​ ដែល​អាច​សម្រេច​លទ្ធផល​ជោគជ័យ​នេះ។ ក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះ Sabay សូម​លើក​ឡើង​អំពី​ប្រវត្តិ​សំខាន់​ៗ​នៃ​ក្រុម​ជម្រើស​ជាតិ​ម៉ារុក​ក្នុង​ព្រឹត្តិការណ៍ World Cup។

ម៉ារុក​គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ភាគ​ខាង​លិច​បង្អស់ នៃ​តំបន់​អាហ្រ្វិក​ខាង​ជើង។ ប្រទេស​នេះ​មាន​ផ្ទៃ​ដី​ប្រមាណ ៤៥ ម៉ឺន​ម៉ែត្រ​ការ៉េ ហើយ​មាន​ប្រជាជន​ប្រមាណ ៣៧ លាន​នាក់​នា​ពេល​បច្ចុប្បន្ន។ ប្រជាជន​ម៉ារ៉ុក​គឺ​ភាគ​ច្រើន​លើស​លប់​ជា​ជនជាតិ​អារ៉ាប់ (Arab Berber)។ ភាសា​អារ៉ាប់ និង​ប៊ែរប៊ែរ (Arabic and Berber) គឺ​ជា​ភាសា​ផ្លូវ​ការ​របស់​ប្រទេស​នេះ។

ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប ម៉ារ៉ុក​ធ្លាប់​នៅ​ក្រោម​អាណាព្យាបាល​របស់​បារាំង និង​អេស្ប៉ាញ​ពី​ឆ្នាំ ១៩១២ រហូត​ដល់​អំឡុង​ចុង​ទសវត្ស ១៩៥០។ តាម​ពិត​ទៅ ក្នុង​អំឡុង​ពេល​នោះ ម៉ារ៉ុក​បាន​បង្កើត​ក្រៅ​ផ្លូវ​ការ​នូវ​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​របស់​ខ្លួន ហើយ​បាន​ចូល​លេង​ប្រកួត​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ​ក្រៅ​ផ្លូវការ។

នៅ​ពេល​ជិត​បាន​ឯករាជ្យ​ជា​ស្ថាពរ ម៉ារុក​បាន​បង្កើត​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ១៩៥៥។ ក្រុម​ជម្រើស​ជាតិ​ចាប់​ផ្ដើម​ចូល​លេង​ប្រកួត​ផ្លូវ​ការ​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៥៧។

និយាយ​ពី​កំណត់​ត្រា​របស់​ម៉ារុក​ក្នុង​ព្រឹត្តិការណ៍​ World Cup មាន​ភាព​ឡើង​ចុះ និង​ចុះ​ឡើង​ ជា​ច្រើន​របត់។ ដោយ​បញ្ហា​ផ្សេងៗ ខ្លះ​ជា​បញ្ហា​បាល់ទាត់ ខ្លះ​ជា​បញ្ហា​ក្រៅ​បាល់ទាត់​ដូច​ជា​រឿង​នយោបាយ​ជា​ដើម ម៉ារ៉ុក​មិន​មាន​វត្តមាន​នៅ​ World Cup ឡើយ​ពី​ឆ្នាំ ១៩៥៨ ដល់​ឆ្នាំ ១៩៦៦។ ទើប​តែ​ឆ្នាំ ១៩៧០ ទើប​ម៉ារ៉ុក​ធ្វើ​បាន​សម្រេច​ចូល​លេង​ប្រកួត​ World Cup ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៧០ តែ​បាន​ធ្លាប់​ក្នុង​វគ្គ Group Stage។ ក្នុង​ World Cup ឆ្នាំ ១៩៧៤ ឆ្នាំ ១៩៧៨ និង​ឆ្នាំ ១៩៨២ ម៉ារ៉ុក​ឆ្លង​មិន​ផុត​វគ្គ​ជម្រុះ ហើយ​ក៏​មិន​មាន​មុខ​ក្នុង​ព្រឹត្តិការណ៍​ទាំង​បី​លើក។ នៅ​ឆ្នាំ ១៩៨៦ ម៉ារ៉ុក​មិន​ត្រឹម​តែ​ធ្វើ​បាន​សម្រេច​បាន​លេង​ World Cup នោះ​ទេ ហើយ​ថែម​ទាំងបាន​ឡើង​ដល់​វគ្គ ១៦ក្រុម​ចុង​ក្រោយ​ទៀត​ផង។

នៅ​ឆ្នាំ ១៩៩០ ម៉ារុក​មិន​មាន​មុខ​ក្នុង World Cup ហើយ​ធ្លាក់​ត្រឹម​វគ្គ Group Stage នៅ​ World Cup ឆ្នាំ ១៩៩៤ និង​ឆ្នាំ ១៩៩៨។ ម៉ារ៉ុក​បាត់​មុខ​ដ៏​យូរ​ពី World Cup ជិត​ ២០ ឆ្នាំ ពោល​គឺនៅ​ឆ្នាំ ២០០២ ឆ្នាំ ២០០៦ ឆ្នាំ ២០១០ និង​ឆ្នាំ ២០១៤ ដោយ​មិន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​បាន។ ទើប​តែ​ឆ្នាំ ២០១៨ ទើប​ម៉ារុក​ត្រលប់​មក​លេង​ World Cup វិញ តែ​ធ្លាក់​ត្រឹម​វគ្គ Group Stage។ នៅ​ឆ្នាំ ២០២២ ម៉ារ៉ុក លេង​ World Cup ជា​ថ្មី តែ​លើក​នេះ​ក្រុម​ធ្វើ​បាន​ល្អ ដោយ​សម្រេច​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង Group F ក្នុង​វគ្គ Group Stage ហើយ​បានយក​ឈ្នះ​យក្ស​អេស្ប៉ាញ​ក្នុង​វគ្គ​១៦ ក្រុម ដើម្បី​ឡើង​ទៅ​លេង​វគ្គ ៨​ក្រុម​ចុង​ក្រោយ។

ម៉ារុក​ត្រូវ​ប៉ះ​នឹង​ព័រទុយហ្គាល់​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

កាល​ពី​យប់​មិញ ម៉ារុក​បាន​ឈ្នះ​អេស្ប៉ាញ​ក្នុង​វគ្គ​ទាត់​បាល់​១១ ម៉ែត្រ​ក្នុង​លទ្ធផល ៣-០ ក្រោយ​លេង ១២០ នាទី​បាន​លទ្ធផល​ត្រឹម ០-០៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី