តស៊ូគង់តែជោគជ័យ! អេសស៊ីជី (SCG) ដឹកដៃសិស្សពូកែ ២៧០នាក់ ឆ្ពោះទៅសម្រេចក្ដីសុបិន តាមរយៈ អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា

  • 2022-12-19 09:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យចំនួន ២៧០ នាក់ ជាថ្មីម្ដងទៀត នៅក្នុងដំណើរការយុទ្ធនាការអាហារូបករណ៍ "ចែករំលែកក្ដីសុបិន" របស់ខ្លួន ដែលធ្វើឲ្យចំនួន សិស្ស និងនិស្សិតទទួលអាហារូបករណ៍ពីកម្មវិធីរបស់ក្រុមហ៊ុន កើនឡើងដល់ជាង ១៥០០ នាក់ ក្រោយពេលអនុវត្តអស់រយៈពេល ៩ ឆ្នាំមកនេះ។

ក្នុងឆ្នាំនេះ អេសស៊ីជី ផ្ដល់កញ្ចប់អាហារូបករណ៍ចំនួន ២៧០ នាក់ ដែលក្នុងនោះ ២៥០ នាក់ជាសិស្សវិទ្យាល័យ ចំណែកឯ ២០ នាក់ផ្សេងទៀត ជានិស្សិត ដែលកំពុងបន្តការសិក្សារបស់ខ្លួននៅ សាកលវិទ្យាល័យនានា។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) អគ្គនាយកក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា ការអប់រំត្រូវបានចាត់ទុកថាជាគោលដៅមួយក្នុងចំណោម គោលដៅធំបីនៃការងារទំនួលខុសត្រូវសង្គមពីក្រុមហ៊ុន អេសស៊ីជី ដែលការងារគោលដៅពីរផ្សេងទៀតរួមមាន ការថែទាំសុខភាព & សុខុមាលភាព និងបរិស្ថាន។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា៖ «ក្រុមហ៊ុន អេសស៊ីជី មានការប្ដេជ្ញាចិត្តក្នុងការបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសដែលយើងធ្វើប្រតិបត្តិការ ហើយការគាំទ្រដល់វិស័យអប់រំ គឺជាការងារសំខាន់មួយដើម្បីសម្រេចតាមវត្ថុបំណងមួយនេះ ។ ដូច្នេះ យើងជឿថា ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សិស្ស និងនិស្សិតអាហារូបករណ៍ទាំងអស់នេះ នឹងធ្វើឲ្យពួកគេមានអារម្មណ៍ស្ងប់ និងអាចផ្ដោតអារម្មណ៍លើការបន្តការសិក្សារបស់ខ្លួន ដោយពុំចាំបាច់បារម្ភពីសម្ពាធហិរញ្ញវត្ថុឡើយ។ យើងសង្ឃឹមថា តាមរយៈដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” នេះ សិស្ស និងនិស្សិតនឹងអាចសម្រេចក្ដីសុបិនរបស់ខ្លួនទៅថ្ងៃអនាគត»។

ពិធីប្រគល់អាហារូបករណ៍ មានការចូលរួមជាអធិបតី ដោយអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម រតនា និងឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈើដគៀត អត្ថកន ។

ឯកឧត្តម សោម រតនា មានប្រសាសន៍ថា បណ្ដាក្រុមហ៊ុនឯកជន មានដូចជា អេសស៊ីជី ជាដើម សុទ្ធតែដើរតួនាទីសំខាន់នៅក្នុងការជួយគាំទ្រដល់ការងាររបស់រាជរដ្ឋាភិបាលលើវិស័យអប់រំនៅក្នុងប្រទេស។

ឯកឧត្តម សោម រតនា មានប្រសាសន៍ថា៖ «ការផ្ដល់អាហារូបករណ៍ដល់ប្អូនៗដើម្បីសម្រេចក្ដីសុបិន គឺជារឿងសំខាន់ណាស់ ដោយសារថា អ្នកខ្លះ គាត់មានក្ដីសុបិន ប៉ុន្តែគាត់ខ្វះមធ្យោបាយ នៅក្នុងការឈានទៅដល់ក្ដីសុបិននោះ ។ ដូច្នេះហើយ បានជា ការជួយគ្នាឲ្យសម្រេចក្ដីសុបិន គឺជារឿងដែលសំខាន់សម្រាប់យើងទាំងអស់គ្នា»។

ឯកអគ្គរាជទូតប្រទេសថៃប្រចាំកម្ពុជា ឯកឧត្តម ឈើដគៀត អត្ថកន មានប្រសាសន៍ថា ក្នុងប្រទេសមួយ ដូចជាប្រទេសកម្ពុជាជាដើម ពុំមានអ្វីដែលប្រសើរជាងយុវជនជំនាន់ក្រោយ ដែលមានភាពខ្លាំង និងមានសក្ដានុពលនោះទេ ។

ឯកឧត្តម ឈើដគៀត អត្ថកន មានប្រសាសន៍ថា៖ «ការអប់រំ មិនត្រឹមតែជាការបើកទ្វាឲ្យមានឱកាសសម្រាប់បុគ្គលផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយទ្រទ្រង់ដល់សន្តិភាព និងវិបុលភាពនៅក្នុងប្រទេសផងដែរ ។ កម្ពុជាមានយុវជនយ៉ាងច្រើន ដែលមានទេពកោសល្យ និងសក្ដានុពល ដែលទាមទារឲ្យមានការបណ្ដុះបណ្ដាលថែទាំ ហើយក្លាយជាកម្លាំងចលករសម្រាប់អនាគតរបស់កម្ពុជាទៅថ្ងៃអនាគត»។

ប្អូនប្រុស ខុម កែវ ជានិស្សិតផ្នែកវេជ្ជបណ្ឌិតឆ្នាំទី ៤ ដែលទទួលអាហារូបករណ៍ពីអេសស៊ីជី បានបង្ហាញពីក្ដីសប្បាយរីករាយរបស់ខ្លួន ក្រោយទទួលបានការគាំទ្រអាហារូបករណ៍នេះ។

ប្អូនប្រុស ខុម កែវ បាននិយាយថា៖ «កម្មវិធីនេះសម្រាប់ខ្ញុំគឺរំភើបខ្លាំង ដោយសារតែទីមួយ គាត់បានចូលរួមចំណែកជួយសិស្សថ្នាក់វិទ្យាល័យដែលមានជីវភាពខ្វះខាតមួយតង់ ។ អ៊ីចឹង តង់ទីពីរ គាត់មិនបោះបង់ទេ គាត់ជួយវិទ្យាល័យហើយ គាត់បន្តជួយជ្រោមជ្រែងដល់ថ្នាក់សាកលវិទ្យាល័យបន្ថែមទៀត អ៊ីចឹង វាធ្វើឲ្យអ្នកដែលមានក្ដីស្រមៃ មានក្ដីសុបិន តែខ្វះលទ្ធភាព គាត់អាចបន្តការសិក្សា បន្តក្ដីស្រមៃរបស់គាត់ និងផ្លាស់ប្ដូរស្ថានភាពជីវិតគាត់នាពេលអនាគតបាន»។

ដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” របស់ក្រុមហ៊ុន អេសស៊ីជី ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៤ ហើយកម្មវិធីនេះបានផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិត ដែលរៀនពូកែ មានឆន្ទៈក្នុងការបន្តការអប់រំនៅថ្នាក់ឧត្តមសិក្សា និងត្រូវការជំនួយហិរញ្ញវត្ថុដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួន ហើយចេះយកចិត្តទុកដាក់ចំពោះសហគមន៍ និងគោរពចំពោះឪពុកម្ដាយ និងចាស់ព្រឹទ្ធាចារ្យ៕