ក្រសួង​បំភ្លឺ រឿង​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ ត្រូវ​មាន​លុយ​ចាប់​ពី ១០០០ដុល្លារ ទើប​ឲ្យ​ចូល​មក​កម្ពុជា

  • 2022-12-26 07:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ នេះ​បាន​ចេញ​មក​បំភ្លឺ​អំពី​ករណី តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ត្រូវ​មាន​លុយ​យក​តាម​ខ្លួន ចាប់​ពី ១០០០ដុល្លារ​ឡើង ទើប​ឲ្យ​ចូល​មក​កម្ពុជា។

ការ​បំភ្លឺ​នេះ បន្ទាប់​ពី​ថ្មី​ៗ មាន​ព័ត៌មាន​មួយចំនួនបានលើកឡើងពីការកំណត់លក្ខខណ្ឌឲ្យភ្ញៀវទេសចរត្រូវមាន សាច់ប្រាក់តាមខ្លួនចំនួន១.០០០ (មួយពាន់)ឬ២.០០០ (ពីរពាន់ដុល្លារមុនចូលមកព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក៏មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានសាកសួរភ្ញៀវទេសចរឲ្យបង្ហាញសាច់ប្រាក់ ចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លា មុនអនុញ្ញាតឲ្យឡើងជិះយន្តហោះ។

យោងតាមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវ ទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស គ.អ.ច.ទ. កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ ក្រសួងទេសចរណ៏មានកិត្តិយសសូមធ្វើការបញ្ជាក់ជូន សាធារណជនៈ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងភ្ញៀវទេសចរទាំងអស់ ឲ្យបានប្រាប់​ថា៖

១. រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយណាមួយតម្រូវឲ្យភ្ញៀវទេសចរមានសាច់ប្រាក់ តាមខ្លួនចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីពាន់) ដុល្លារ ដើម្បីអាចចូលមកព្រះរាជា ណាចក្រកម្ពុជា​នោះ​ទេ

២. ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញ ដែលមានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួន តែប៉ុណ្ណោះ មិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះដែរ។ ក្រសួង​ទេសចរណ៍សូមលើកទឹកចិត្តឲ្យភ្ញៀវទេសចរ ទាំងអស់​គោរពតាមលក្ខខ័ណ្ឌតម្រូវរបស់ ព្រះរាជាណាចក្រកម្ពុជា និងសូមស្វាគមន៍ភ្ញៀវទេសចរទាំងអស់មកទស្សនាព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ទារិកា