ប្រធាន​ NOCC៖​ អាណត្តិ​ទី៨​ រឹតតែ​មាន​សារសំខាន់​ពិសេស​ដំណាក់កាល​ម្ចាស់ផ្ទះស៊ីហ្គេម​ ២០២៣​

  • 2023-01-01 05:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ថោង​ ខុន​ ប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​​ កិច្ចការ​អាណត្តិ​ចាស់​វា​សំខាន់​ទៅ​ហើយ​ ប៉ុន្តែ​អាណត្តិ​ទី៨​ ថ្មី​​រឹតតែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ពិសេស​ដំណាក់កាល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ ២០២៣។​

រូបភាព CAMSOC

ឯកឧត្ដម​ ថោង​ ខុន​ ថ្លែង​ក្នុង​មហាសន្និបាត​កាល​ពី​ថ្ងៃ​ទី៣០​ ធ្នូ​ ២០២២​ ថា​ក្នុង​នាម​ចលនា​អូឡាំពិក​ជាតិ​ក៏​ដូច​ជា​តំណាង​ឱ្យ​ចលនា​អូឡាំពិក​អន្តរជាតិ​ សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ ដែល​បាន​ឧបត្ថម្ភគាំទ្រ​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​កក់ក្ដៅ ​ក្នុង​គោល​បំណង​តែ​មួយ​ គឺ​ការ​អភិវឌ្ឍវិស័យ​កីឡា​ជាតិ​ ឱ្យ​មាន​ឧត្តមភាព​ និង​ជោគជ័យ​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ។​

រូបភាព CAMSOC

ប្រធាន​ NOCC​ ខាង​លើ​បន្ថែម​ទៀត​ថា​ ឯកឧត្ដម​ពិត​ជា​មើល​ឃើញ​ថា​ សហព័ន្ធ​កីឡា​ជាតិ​ បាន​ខិតខំ​ប្រឹងប្រែង​ ពង្រឹង​ការ​ដឹកនាំ​ គ្រប់គ្រង​ និង​ខិតខំ​ធ្វើ​សកម្មភាព​អភិវឌ្ឍ​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​កីឡា​របស់​ខ្លួន​ យ៉ាង​ស្វាហាប់ ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។​

រូបភាព CAMSOC

ថ្នាក់ដឹកនាំ​កីឡា​ដ៏​សកម្ម​នៅ​កម្ពុជា​ខាង​លើ​បន្ត​លើក​ឡើង​ទៀត​ថា​ អាណត្តិទី៧​ ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ប៉ុន្តែអាណត្តិទី៨ ប្រចាំឆ្នាំ២០២២-២០២៦ រឹតតែ​មាន​សារៈសំខាន់​ថែម​ទៀត​ ក្នុង​ដំណាក់​កាល​រៀបចំ​ការ​ប្រកួត​ឱ្យ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ ដូច​ការ​រំពឹង​ទុក​ ស្រប​តាម​ផែនការ​មេ។​

រូបភាព CAMSOC

ដើម្បី​ធានា​បាន​នូវ​ជោគជ័យ​ក្នុង​ដំណាក់​កាល​ “Games Time” ឆ្នាំ២០២៣​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ រួម​ជា​មួយ​សហព័ន្ធ​កីឡា​ជា​សមាជិក​ ដែល​ទាំង​អស់​គ្នា​បាន​នឹង​កំពុង​ស្ថិត​នៅ​ក្នុង​មហា​គ្រួសារ​ចលនា​អូឡាំពិក​ជាតិ​ មហា​គ្រួសារ​ កីឡា​ជាតិ​ មាន​ឆន្ទៈ​តែ​មួយ​ ស្មារតី​តែ​មួយ​ ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍ​ និង​ការពារ​ផលប្រយោជន៍​កីឡា​ជាតិ​ទាំង​អស់គ្នា​ ពិសេស​ពង្រឹង​សាមគ្គីភាព​ផ្ទៃ​ក្នុង​រឹងមាំ​ ឱ្យ​បាន​ដាច់ខាត​ ដើម្បី​ធានា​ និង​ផ្តល់​ការ​ជឿជាក់​ថា ​SEA Games-ASEAN Para Games ពិត​ជា​ធ្វើ​បាន​គឺ​ ខ្មែរ​ធ្វើ​បាន។​

រូបភាព CAMSOC

បញ្ជាក់​ដែរ​ថា​ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៧​ និង​បន្ត​អាណត្តិ​ទី៨​ ឆ្នាំ​២០២២​ ដល់​ ២០២៦​ កាល​ពី​ថ្ងៃ​ទី៣០​ ខែ​ធ្នូ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ។​ សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ ទី១​ ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​ ទី២​ ឯកឧត្ដម​ សៅ​ សុខា​ អនុប្រធាន​ ទី៣​ ឯកឧត្ដម​ នេត​ សាវឿន​ អនុប្រធាន​ ទី៤​ ឯកឧត្ដម​ ថាង​ ហ្គោដុង​ អនុប្រធាន​ ទី៥​ ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ អនុប្រធាន ទី៦​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ ទី៧​ ឯកឧត្ដម​ តែម​ ម៉ឺន​ អគ្គលេខាធិការ​រង​ ទី៨​ ឯកឧត្ដម​ លី​ កុសល​ អគ្គហេរញ្ញិក​ ទី៩​ ឯកឧត្ដម​ សំ​ សោកាន់​ សមាជិក​ ទី១០​ ឯកឧត្ដម​ មៀច​ សុផាន់ណា​ សមាជិក​ ទី១១​ ឯកឧត្ដម​ ជា​ បូរ៉ា​ សមាជិក​ ទី១២​ លោក​ជំទាវ​ កុយ​ ពិសី​ សមាជិក​ ទី១៣​ ញ៉ែម​ មរកត​ សមាជិក​៕​

អត្ថបទ៖ នួន ស៊ីណា​