PSG កំពុង​តែ​គិត​គូរ​ដើរ​ចេញ​ពី​កីឡដ្ឋាន Parc des Prince ក្រោយ​អត់​ត្រូវ​គ្នា​ជាមួយ​ចៅហ្វាយ​ក្រុង​ប៉ារីស

  • 2023-01-16 12:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint-Germain កំពុង​តែ​ស្វែងរក​កីឡដ្ឋាន​ផ្សេង​ពី​កីឡដ្ឋាន Parc des Princes បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋធានី​ប៉ារីស​បដិសេធ​មិន​លក់​កីឡដ្ឋាន​នេះ​ឱ្យ​ម្ចាស់​ក្លឹប ដែល​ជា​រដ្ឋាភិបាល​កាតា។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ អភិបាល​រដ្ឋធានី​ប៉ារីស​អ្នកស្រី Anne Hidalgo បាន​លើកឡើង​ថា កីឡដ្ឋាន​មួយ​នេះ​នឹង​មិន​លក់​ឱ្យ​ក្លឹប PSG ដាច់​ខាត។

ឆ្លើយតប​នឹង​ការ​លើកឡើង​បែប​នេះ អ្នកនាំពាក្យ​ក្លឹប PSG បាន​ប្រាប់​អ្នក​កាសែត​ថា ចៅហ្វាយ​ក្រុង​ប៉ារីស​ចង់​បណ្ដេញ​ក្លឹប PSG និង​អ្នកគាំទ្រ​ចេញ​ពី​កីឡដ្ឋាន Parc des Princes។

កីឡដ្ឋាន Parc des Princes ជា​ទឹកដី​របស់ PSG តាំង​ពី​ឆ្នាំ១៩៧៤មក។ កីឡដ្ឋាន​ចាប់​បើក​ដំបូង​នៅ​ឆ្នាំ១៨៩៧ ហើយ​ជួសជុល​កែ​កុន​នៅ​ឆ្នាំ១៩៧២ ជាមួយ​នឹង​ទំហំ​មនុស្ស ៤៨ ០០០នាក់។ កាល​ពី​ឆ្នាំ២០១៣ PSG បាន​ព្រមព្រៀង​ជាមួយ​ក្រុមប្រឹក្សាភិបាល​ទីក្រុង​ប៉ារីស​ក្នុង​ការ​កាន់កាប់​រហូត​ដល់​ឆ្នាំ២០៤៣។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ខាង​ PSG បាន​ផ្ដួចផ្ដើម​ក្នុង​ការ​អភិវឌ្ឍ និង​ការ​ធ្វើ​ទំនើបកម្ម​តំបន់​ជុំ​កីឡដ្ឋាន​នេះ ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគ​សរុប ៥៤២លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ក្លឹប​នឹង​អនុវត្ត​ផែនការ​នេះ លុះត្រា​តែ​កីឡដ្ឋាន Parc des Princes ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ក្លឹប។

ខាង​អ្នក​នាំ​ពាក្យ​របស់​ចៅហ្វាយ​ក្រុង​ប៉ារីស​បាន​លើកឡើង​ថា សំណើ​សុំ​ទិញ​កីឡដ្ឋាន​របស់ PSG មាន​តម្លៃ​តែ​ប្រមាណ ៥០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ តែ​ទោះ​ជា​ការ​លក់​ មិនមែន​ជា​អាទិភាព​របស់​រដ្ឋបាល​ទីក្រុង​ប៉ារីស​មែន ក៏​អាជ្ញាធរ​ក្រុង​បាន​ពិភាក្សា​បញ្ហា​មួយ​ចំនួន ដើម្បី​សម្រួល​ឱ្យ​ PSG អភិវឌ្ឍ​កីឡដ្ឋាន Parc des Princes៕

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម