សាស្ដ្រាចារ្យ និងនិស្សិតមហាវិទ្យាល័យអន្ដរជាតិ Raffles មើលឃើញលក្ខណៈពិសេសរបស់ Sabay

  • 2023-01-27 07:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាស្ដ្រាចារ្យ និងនិស្សិត នៃមហាវិទ្យាល័យអន្ដរជាតិ Raffles ជិត ១០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅការិយាល័យរបស់Sabay កាលពីថ្ងៃទី២៦ ខែមករា។ ពួកគេ បានបង្ហាញចំណាប់អារម្មណ៍ និងមូលហេតុដែលជ្រើសរើសយក Sabay ជាទីកន្លែងសម្រាប់ស្វែងយល់ពីការអនុវត្ដការងារផ្ទាល់ បន្ថែមលើទ្រឹស្ដីដែលពួកគេរៀននៅសាលា។

សាស្ដ្រាចារ្យដែលដឹកនាំក្រុមនិស្សិត គឺលោក Benjammin Jackson-Moss មានប្រសាសន៍ថា រូបលោកផ្ទាល់មើលឃើញថានៅទីនេះមានបុគ្គលិកក្មេងៗ ហើយមានសមត្ថភាពច្រើនដែលជាហេតុនាំឲ្យលោកជ្រើសរើសយក Sabay សម្រាប់ឲ្យកូនសិស្សរបស់លោករៀនសូត្រជាមួយពីការងារជាក់ស្ដែងនៅក្នុងក្រុមហ៊ុន។

មុនសម្រេចដឹកនាំទស្សនកិច្ចនេះ ក្នុងនាមលោកជាគ្រូក៏បានស្វែងយល់ខ្លះហើយថា Sabay គឺជាក្រុមហ៊ុនMedia មួយធំជាងគេ ព្រោះជាក្រុមហ៊ុនបែបDigital ដែលប្រើប្រាស់លើប្រពន័្ធអនឡាញច្រើន ដូច្នេះផ្ដល់ភាពងាយស្រួលដល់ក្មេងៗជំនាន់ក្រោយរៀនសូត្រពីTechnology ហើយក៏ជាគេហទំព័រខ្មែរមួយដែលទទួលបាននូវព័ត៌មានច្រើនជាងគេហទំព័រផ្សេងៗទៀតនៅលើប្រពន័្ធអ៊ីនធឺណិត។

និស្សិតម្នាក់ គឺកញ្ញា ហ៊ួត គីមសួង ឲ្យដឹងថា បច្ចុប្បន្នរូបកញ្ញា និងមិត្ដភក្ដិកំពុងសិក្សាជំនាញគ្រប់គ្រងនៅសាលា Raffles ដូច្នេះពួកគេត្រូវយល់ដឹងឲ្យបានច្រើនទាំងផ្នែកទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែង។ កញ្ញាបន្ដថា ពេលចូលមកដល់អហ្វីស និងស្ដាប់ការណែនាំខ្លះៗពីបុគ្គលិកSabay ធ្វើឲ្យកញ្ញាមានអារម្មណ៍មួយប្លែកខុសពីរៀននៅសាលា។

កញ្ញា ហ៊ួត គីមសួង៖ “ពេលខ្លះរៀនទ្រឹស្ដីអត់យល់ដូចយើងពេលមកដល់Sabay នេះទេ! មើលតាមបទបង្ហាញអំបាញ់មិញ ឃើញថាSabay គិតពីបុគ្គលិកច្រើន លើកទឹកចិត្ដបុគ្គលិកក្មេងឲ្យធ្វើអ្វីដែលថ្មី ហើយពេលមកដល់នេះ ទើបខ្ញុំដឹងថាProduct របស់Sabay មានច្រើន”។

ចំណែកនិស្សិត ហុង ឈាន បង្ហាញចំណាប់អារម្មណ៍ថា នេះជាលើកទី១ ដែលក្រុមលោកធ្វើទស្សនកិច្ចសិក្សានៅកន្លែងការងារផ្ទាល់ផ្នែកMedia ហើយទទួលបានការចែករំលែកបទពិសោធន៍ថ្មីៗទាក់ទងនិងទិចនិកធ្វើទីផ្សារ និងការគ្រប់គ្រងដែលជាជំនួយយ៉ាងសំខាន់ដល់ការធ្វើ Assignment របស់លោក និងមិត្ដភក្ដិ។

សូមរំលឹកថា ក្រុមការងារផ្នែកទីផ្សារ និងធនធានមនុស្ស នៃក្រុមហ៊ុនSabay បានធ្វើបទបង្ហាញខ្លី អំពីសកម្មភាពការងាររបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនរាល់ថ្ងៃកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ក្រោយពីបានស្ដាប់បទបង្ហាញ និងមើលឃើញពីរបៀបរបប នៃការងារធ្វើនៅក្រុមហ៊ុន Sabay ក្រុមនិស្សិតសុទ្ធតែបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា នៅថ្ងៃអនាគត បើមានឱកាសខ្លួននឹងសាកល្បង ឬបំពេញការងារនៅក្រុមហ៊ុន Sabay៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម