ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នៅខេត្តព្រះសីហនុប្រព្រឹត្តទៅយ៉ាងរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ

  • 2023-01-31 04:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនាទឹកដីតារារះនាទិសនារតី ខេត្តព្រះសីហនុកាលពីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

នេះគឺជាលើកទីមួយដែលមានការរៀបចំកីឡាររត់ប្រណាំងបណ្តាក់ជាក្រុមឡើង នាំមកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់ដ៏ល្អឥតខ្ចះនៃឆ្នេរសមុទ្រ និងទិដ្ឋភាពតាមដងផ្លូវដ៏ស្រស់ត្រកាលនៃខេត្តព្រះសីហនុបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើននិងទាក់ទាញអ្នកចូលរួមប្រមាណ១០០០នាក់មកពីគ្រប់ទិសទិ រួមមានក្រុមសិល្បៈករ សិល្បការី ក្រុមអត្តពលិកមកពីស្ថាប័នប៉េតង់កម្ពុជា ក្រុមបាល់ទាត់គីរីវង់ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រុមការងារយុទ្ធនាការ Beyond The Games និងមន្ត្រីនៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមហាជនទូទៅជាច្រើន ដែលធ្វើការរត់បណ្តាក់ចេញពីចាប់រង្វង់មូលព្រះសិវៈ និងព្រះនាងឧមាវតី រហូតទៅដល់ទីលានសម្តេចតេជោ មានរយៈចម្ងាយជាង១៩គីឡូម៉ែត្រ។

កម្មវិធីបានរកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបានជ័យជំនៈលេខមួយប្រើរយៈពេលត្រឹម១ម៉ោង ១១នាទី លេខ២ប្រើរយៈពេល ១ម៉ោង១៣នាទី និងលេខ៣ ប្រើរយៈពេល១ម៉ោង១៨នាទី ក្នុងនោះក្រុមលេខ១ទទួលបានប្រាក់លើកទឹកចិត្ត ចំនួន២លានរៀល មេដាយមាសម្នាក់១សម្រាប់រាល់សមាជិកក្រុមទាំង៧ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៧កេស ក្រុមទី២ ទទួលបាន១លានរៀល មេដាយប្រាក់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៥កេស និងលេខ៣ ទទួលបានប្រាក់លើកទឹកចិត្តចំនួន៥០ម៉ីនរៀល មេដាយសម្រឹតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៣កេស។ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះផងដែរបានប្រសាសន៍ថា៖

«ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំព្រឹត្តការណ៍នេះឡើង ដែលមិនមែនធ្វើឡើងសម្រាប់តែប្រារព្វ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ ប៉ុណ្ណោះទេ តែសម្រាប់ផ្តល់នូវភាពរីករាយ និងបទពិសោធន៍ថ្មីដល់ប្រជាជនយើង។ ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នេះបានបង្ហាញពីឆន្ទះរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការលើកស្ទួយ សុខភាព និងសុខមាលភាពសង្គម។ ការជ្រើសរើសការរត់ ឫដើរសម្រាប់កម្មវិធីនេះព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្តបំផុត មិនទាមទារសម្ភារបរិក្ខារ និងមាន លក្ខណៈធម្មជាតិ។ ការរត់ ឫដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំធ្វើឲ្យបានទៀងទាត់យ៉ាងហោចណាស់ពី២០នាទី ទៅ៣០នាទីដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។ ពួកយើងសង្ឈឹមថាព្រឹត្តការណ៍នេះនឹងក្លាយទៅជាសារមួយជួយក្រើនរំលឹកដល់ប្រជាជន យើងឲ្យបន្តនិងចូលរួមហាត់ប្រាណកាន់។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តចូលរួមលើកស្ទួយសកម្មភាពកីឡា និងរៀបចំកម្មវិធីកម្សាន្តសប្បាយបែបនេះជាច្រើនទៀតនាពេលខាងមុខ។»

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។

អត្ថបទពេញនិយម