ការពិតទៅ! អនាគត​ CEO ថ្មី របស់ Toyota បាន​ស្ទាក់ស្ទើរ​ទទួល​យក​តំណែងនេះ

  • 2023-02-02 07:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្តជប៉ុន Toyota នឹង​មានការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំថ្មី​នៅក្នុងខែមេសាខាងមុខនេះហើយ ដោយ​លោក Akio Toyoda នាយកប្រតិបត្តិ​របស់ Toyota បច្ចុប្បន្ន នឹង​លាលែងពីតំណែងនេះ ហើយផ្ទេរទៅឱ្យលោក Koji Sato ដែល​ជាប្រធាន​ក្រុមហ៊ុន Lexus ដែលបានចូលរួមចំណែកយ៉ាងធំ​ក្នុងសមិទ្ធផល​របស់​ក្រុមហ៊ុន Toyota។

ការចាកចេញ​របស់លោក Toyoda គឺ​ចង់ទុកឱកាស​ដល់អ្នកជំនាន់ក្រោយ​ក្នុងការបើកទំព័រប្រវត្តិសាស្រ្តថ្មី​របស់​ក្រុមហ៊ុន Toyota ជាពិសេស​គឺ​លើការ​អភិវឌ្ឍរថយន្តអគ្គិសនី ខណៈដែល​ក្រុមហ៊ុន Tesla និង BYD ជាដើមនោះ បាន​នឹងកំពុងចេញហួសឆ្ងាយពីខ្លួន​ទៅហើយ។ លោក Toyoda ក៏បានសារភាពដែរថា វ័យរបស់លោក​ ៦៦ឆ្នាំនេះ គឺ​កាន់តែចាស់​ណាស់ទៅហើយ ក្នុងការបត់​បែនតាម​ការវិវត្តនៃឧស្សាហកម្មរថយន្ត។

បើតាម​លោក Sato វ័យ ៥៣ឆ្នាំ បាន​និយាយថា លោកជា​អ្នកស្រឡាញ់​ការផលិត​រថយន្ត ដូច្នេះ​លោក​ចង់​ក្លាយ​ជាប្រធាន​មួយ​រូប ដែល​បន្តការផលិតរថយន្ត។ ជាមួយនឹង​បេសកកម្មដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន Toyota គឺលោកចង់​ឱ្យមានការកែទម្រង់ថ្មីមួយ និង​ដោះស្រាយ​ជាមួយបញ្ហាសាកល​ពោលគឺ​ការលុបបំបាត់ការបញ្ចេញ​ផ្សែងកាបូនឌីអុកស៊ីត ដោយ​សំដៅ​លើឧស្សាហកម្មបៃតង​ គឺ​ជារថយន្តអគ្គិសនី។

យ៉ាងណាមិញ អនាគត​នាយកប្រតិបត្តិថ្មីរូបនះ ធ្លាប់​បង្ហាញ​ការស្ទាក់ស្ទើរ​ក្នុងការ​យល់​ព្រម​ទទួលយក​តំណែង​នេះ ដោយ​លោកបារម្ភថា មិនអាច​ធ្វើឬសម្រេចបាន​ដូច​នឹងអ្វីដែលលោក Toyoda បានធ្វើកន្លងមក។ នេះជាសម្តីរបស់លោក Sato ដែលបានឆ្លើយទៅកាន់តែលោក Toyoda ក្នុងអំឡុងពេល​អ្នកទាំងពីរ​បានចូលរួម​ក្នុងកម្មវិធីប្រណាំង​រថយន្ត​មួយ​នៅ​ប្រទេសថៃ កាលពីខែធ្នូកន្លងទៅ។

ក្នុងពេលនោះ លោក Toyoda បាន​ប្រាប់​ទៅលោក Sato វិញថា «ត្រូវធ្វើជាខ្លួនឯង» ហើយ​ការប្រគល់​ការងារនេះ គឺ​ជាក្តីសុបិន្ត​របស់​លោក Sato។

សូមជម្រាប​ថា សមិទ្ធផល​ដ៏ជោគជ័យរបស់​លោក Sato ថ្មីៗនេះ គឺ​ជាការបង្ហាញ​ចេញ​រថយន្ត​អគ្គិសនីដ៏ល្បីល្បាញមួយ​នោះគឺ Lexus RZ កាលពីខែមេសា ឆ្នាំ​២០២២ ហើយគ្រោង​នឹងបញ្ចេញលក់​ជាផ្លូវការ​ក្នុងពេលឆាប់ៗខាងមុខនេះ។ រថយន្តនេះ បំពាក់​អាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលអាចធ្វើដំណើរបានចម្ងាយ​ ៤៥០គីឡូម៉ែត្រ​រាល់ពេលសាកពេញម្តង៕

ប្រភព៖ The Wall Street Journal   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី