ព្រះរាជជីវប្រវត្តិខ្លះៗ របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រខ្មែរដ៏អស្ចារ្យ ពូកែខាងសឹកសង្រ្គាមក្នុងសម័យអង្គរ

  • 2023-06-05 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្លាក់ខ្មែរបុរាណមួយដែលធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំង គឺរូបបុរសម្នាក់មានមាឌធំមាំ ស្លៀកសំពត់ចងក្បិនខើចត្រឹមភ្លៅ លែងខ្លួនទទេ អង្គុយពែនភ្នែន ភ្នែកទាំងពីរបិទ ទឹកមុខស្ងប់ ឱនក្បាលចុះបន្តិច ក្នុងឥរិយាបថសមាធិ សក់ស្លូតបួងជាផ្នួងតូចនៅលើក្បាល។ រូបនេះមានការសិក្សាជាហូរហែតាំងតែពីរវាងដើមស.វ.ទី២០ ដោយអ្នកស្រាវជ្រាវបារាំង ដូចជាលោក Alfred Foucher, លោក Jean Filliozat, លោក Philippe Stern, លោក Henri Marchal, លោក Georges Groslier, លោក George Cœdès ជាដើម។ ការសិក្សាល្អិតល្អន់ដោយផ្អែកលើភស្តុតាងផ្សេងៗពិសេសជាងគេ គឺលោក George Cœdès ហើយគាត់ទាញសេចក្តីសន្និដ្ឋានថា រូបចម្លាក់នោះជាព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដែលគេសាងនៅរវាងចុងស.វ.ទី១២ឬដើមស.វ.ទី១៣ ក្នុងរចនាបថបាយ័ន្ត។ គេបោះពុម្ពផ្សព្វផ្សាយអត្ថបទសិក្សានោះនៅឆ្នាំ១៩៥៨។

ភស្តុតាងសម័យបុរាណសំខាន់មួយ គឺសិលាចារឹកចុះលេខ K.485 ជាកាព្យសំស្ក្រឹតនៅប្រាសាទភិមានអាកាស ក្នុងព្រះបរមរាជវាំងអង្គរធំ ដែលព្រះនាងឥន្ទ្រទេវី ជាព្រះអគ្គមហេសីព្រះបាទជ័យវរ្ម័នទី៧ រៀបរាប់ពីព្រះនាងសាងរូបព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងជ័យរាជទេវី យកទៅតម្កល់នៅទីនានានៃអាណាចក្រខ្មែរជំនាន់នោះ។ ព្រះនាងជ័យរាជទេវី ជាព្រះមហេសីដំបូងរបស់ព្រះបាទជ័យវរ្ម័នទី៧ និងត្រូវជាប្អូនស្រីរបស់ព្រះនាងឥន្ទ្រទេវីផ្ទាល់ដែរ តែសុគតទៅក្នុងវ័យក្មេង។ បន្ទាប់មកទើបព្រះបាទ ជ័យវរ្ម័នទី៧យកព្រះនាងឥន្ទ្រទេវីធ្វើជាព្រះអគ្គមហេសីបន្ត។

ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គ ជាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គ ដែលងើបក្រោកឈរប្រឆាំងនឹងការការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគខាងកើតកម្ពុជា គឺ អាណាចក្រចម្ប៉ា។ ព្រះអង្គជាក្សតត្រ សឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្រារបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយក ពុទ្ធសាសនា មហាយាន មកគោរពបូជាផងដែរ ។

ព្រះបាទជ័យវរ្ម័នទី៧ជាព្រះមហាក្សត្រមួយព្រះអង្គ ដែលពោរពេញទៅដោយព្រហ្មវិហាធម៌ មនសិកា និងសេចក្តីអាណិតអាសូរចំពោះប្រជារាស្រ្ត ព្រះអង្គមានព្រះទ័យប្រាថ្នានូវសេចក្តិសុខ សេចក្តីចម្រើនចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។ ក្នុងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏ជាព្រះរាជាដែលគោរពស្រឡាញ់ទៅលើព្រះពុទ្ធសាសនាផងដែរ។ ក្នុងរជ្ជកាលរបស់ព្រះអង្គ គឺព្រះអង្គបានកសាងប្រាសាទជាច្រើន ជាពិសេសគឺប្រាសាទបាយ័នដែលជាប្រាសាទសាសនាដ៏ធំមួយសម្រាប់ តំណាងឲ្យព្រះពុទ្ធសាសនាផង និងព្រហ្មញ្ញសាសានាផង។

យោងតាមឯកសារសិក្សាស្រាវជ្រាវរបស់លោកស៊ក្ស សីដេស ដែលជាចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហាណូយបានបង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចប្រសូតឡើងនៅរវាងឆ្នាំ១១២០ ឬ យ៉ាងហោចណាស់ក្នុងឆ្នាំ ១១២៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ និងព្រះមាតាព្រះនាម ចូឌាមណី។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ១១៨១។ គេមិនបានដឹងច្បាស់ថា ព្រះអង្គចូលទិវង្គតនៅឆ្នាំណាពិតប្រាកដទេ គេគ្រាន់តែសង្ស័យថា ព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ១២១៨ នៃគ្រិស្ដសករាជ ហើយពេលដែលព្រះអង្គសុគតទៅ ទ្រង់បានទទួលព្រះមរណនាមថា មហាបរមសៅគត៕

ប្រភពៈ យសោធរ និង ក្រសួងព័ត៌មាន

អត្ថបទពេញនិយម
អត្ថបទថ្មី