បន្ទាប់ពីសំបកកង់ «Made in Cambodia» ឥឡូវបន្តល្បីពីរឿងរថយន្តដំឡើងនៅកម្ពុជាទៀត ដែលចេញលក់ជាលើកដំបូង
- 2024-01-10 07:29:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីសំបកកង់ «Made in Cambodia» ឥឡូវបន្តល្បីពីរឿងរថយន្តដំឡើងនៅកម្ពុជាទៀត ដែលចេញលក់ជាលើកដំបូង
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា កំពុងមានការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាយ៉ាងច្រើនអំពីរថយន្តដែលដំឡើងក្នុងប្រទេស ត្រូវបានដាក់លក់នៅទីផ្សារក្នុងស្រុកជាលើកដំបូង នាដើមឆ្នាំ២០២៤នេះ។
រថយន្តដែលដំឡើងក្នុងស្រុកនោះ គឺជារបស់ក្រុមហ៊ុន GTV Motor រួមមាន ប្រភេទ ភីកអាប់ SUV និងស៊ីដេន ហើយក្រៅពីនេះក៏មានប្រភេទ MPV និង Truck ផងដែរ។ ក្នុងនោះសម្រាប់ម៉ូឌែល KAIN ដែលជាប្រភេទ SUV ខ្នាតកណ្តាល មានតម្លៃជាង ៣ម៉ឺនដុល្លារ និងម៉ូឌែល Krusar ដែលជាកូនកាត់ SUV-Pick up តម្លៃជាង ២ម៉ឺន ៧ពាន់ដុល្លារ ហើយជាពិសេសកាន់តែធូរថ្លៃទៀតនោះ គឺម៉ូឌែល Soben តម្លៃតែ ១៩ ៩៩៩ដុល្លារតែប៉ុណ្ណោះ។
ការបញ្ចេញលក់រថយន្តដំឡើងក្នុងស្រុកនេះ គឺជាសញ្ញាវិជ្ជមានដ៏ល្អបំផុតមួយទៀតក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា បន្ទាប់ពីថ្មីៗនេះ ក៏មានការបញ្ចេញលក់សំបកកង់ដែលផលិតនៅកម្ពុជាផងដែរ។
បើតាមក្រុមហ៊ុន GTV Motor បានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុនបានចាប់ផ្តើមជាមួយ «គម្រោងរថយន្តជាតិប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងជួយដល់ការដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក។ ការចាប់ផ្តើមរបស់ GTV MOTOR គឺជាការចាប់ផ្តើមនៃដំណើរដំបូងបំផុងសម្រាប់ម៉ាករថយន្តជាតិកម្ពុជា»។
មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រោងចក្រដំឡើងរថយន្តមួយនេះ នឹងចាប់ផ្តើមបើកដំណើរការដំឡើងរថយន្តចាប់ពីដើមឆ្នាំ២០២៤ ដោយដំឡើងនូវប្រភេទរថយន្ត ៥ម៉ូឌែល ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាក្រុមហ៊ុនអាលឺម៉ង់ នៅអាស៊ីអាគ្នេយ៍ផងដែរ។ រោងចក្រថ្មីនេះគ្របដណ្តប់លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ រហូតដល់ ៣៥ ០០០គ្រឿង។
ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ GTV MOTOR បានយកចិត្តទុកដាក់លើការច្នៃប្រឌិតបច្ចេកវិទ្យា ដោយបង្កើតបាននូវ វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិចរថយន្ត GTV (AERI) ដែលវិទ្យាស្ថានទាំងនោះមាននៅប្រទេស កម្ពុជា អាល្លឺម៉ង់ ចិន ជប៉ុន និងសិង្ហបុរី៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB