តំណាង​អង្គការ​ផ្កាយសមុទ្រ៖​ បាល់ទាត់​ធ្វើ​ឲ្យ​ក្មេងៗ​មាន​ផ្លាស់ប្ដូរ​មក​ចេះ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​

  • 2024-06-18 07:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​អង្គការ​ផ្កាយ​សមុទ្រ​ បង្ហាញ​នូវ​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ក្មេងៗ​ កុមា កុមារី​ មក​ចូលរួម​បាល់​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ AIA - ISF Grand Championship តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រែ​ជា​ក្លាហាន​ និង​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម។​

លោក​ស្រី​ ជួប​ វិច្ឆិកា​ នាយិកា​ប្រតិបត្តិ​របស់​អង្គការ​ផ្កាយសមុទ្រ​បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វិល​ជុំ​កុមារ​ និង​យុវជន​ វគ្គ​ផ្ដាច់ព្រ័ត្រ​ AIA - ISF Grand Championship ​ដែល​ប្រកួត​តាំង​ពី​ខែ​កុម្ភៈ​គឺ​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ។​ លោក​ស្រី​សប្បាយ​រីករាយ​ដែល​បាន​ប្រមូល​ក្រុម​បាល់ទាត់​កុមារៗ​ឆ្នើម​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្ត​កំពត​ឡើង​មក​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នេះ។​

ថ្នាក់ដឹកនាំ​ឆ្នើម​ និង​ស្រឡាញ់​ក្មេងៗ​ខ្លាំង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​នេះ​បាន​ធ្វើ​ឲ្យ​ក្មេងៗ​មាន​ការ​ផ្លាស់ប្ដូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ កុមារ​ដែល​មក​ចូលរួម​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ក្លាហាន​ និង​ចេះ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​ជា​មួយ​មិត្តភ័ក្ដិ​ លោក​គ្រូ​ អ្នក​គ្រូ។​

អង្គការ​ផ្កាយសមុទ្រ​ដែល​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នេះ​ឡើង​មិន​ត្រឹម​តែ​បង្រៀន​ជំនាញ​បាល់ទាត់​នោះ​ទេ​ ពោល​បង្ហាត់បង្រៀន​ពី​ការ​រស់នៅ​ក្នុង​សង្គម​ ការ​ចេះ​ធ្វើ​ការ​ជា​ក្រុម​ និង​ចេះ​នាំ​គ្នា​ដោះស្រាយ​បញ្ហា​រួម​គ្នា។​ ដូច្នេះ​បាល់ទាត់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ រាងកាយ​មាំមួន​នោះ​ទេ​គឺ​ជួយ​ដល់​ស្មារតី​កុមារ​ដែល​ចូលរួម​ផង​ដែរ។​

បញ្ជាក់​ផង​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រកួតបាល់ទាត់វិលជុំនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអង្គការ ផ្កាយសមុទ្រ (ISF)​ ក្រោម​ការជួយឧបត្ថម្ភជ្រោមជ្រែងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព AIA Cambodia។​ ការ​ប្រកួត​នេះ​បាន​បិទ​បញ្ចប់​ទៅ​កាល​ពី​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​ទីលាន​បាល់ទាត់​ AIA Stadium។​ វគ្គផ្តាច់ព្រ័ត្រនេះមានកីឡាករកីឡាការនីចូលរួមសរុបចំនួន 192នាក់ មកពី 16ក្រុម ក្នុងរាជធានីភ្នំពេញ, ក្រុងកំពត និងខេត្តបន្ទាយមានជ័យ ដោយប្រកួតទៅតាមប្រភេទ អាយុផ្សេងៗ។​ នេះគឺជាឆ្នាំទី៧ ហើយ​ដែល​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia បានជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League ដែល​ជា​ការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំមួយក្នុងប្រទេសកម្ពុជា​ជា​មួយ​អង្គការ​ផ្កាយសមុទ្រ៕​

អត្ថបទ៖ នួន ស៊ីណា​