ព្រឹត្ដិការណ៍ប្រកួតម៉ូដសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិកលើកទី២៨ ឆ្នាំ២០២៤ នឹងប្រារព្វនៅលើទឹកដីកម្ពុជា

  • 2024-09-27 07:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនការប្រកួតចូលមកដល់នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៤ សមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក សមាគមជាងសក់ និងសម្អាងនៅកម្ពុជា និងសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា បានបើកសន្និសីទសារព័ត៌មាន អមដោយបទបង្ហាញដ៏ភ្ញាក់ផ្អើលមួយស្ដីអំពីព្រឹត្ដិការណ៍ប្រកួតម៉ូតសក់ និងសម្រស់ នាសណ្ឋាគារ Sun &Moon កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

តាមគម្រោង ការប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ឆ្នាំ២០២៤ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នឹងមានបេក្ខជនចូលរួមប្រកួតជាង ១៥០រូប មកពីប្រទេសចំនួន ១៥។ រាជធានីភ្នំពេញដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាទីតាំងប្រកួតតែមួយគត់ ដើម្បីស្វែងរកម្ចាស់ជ័យលាភី នៃព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ។

អ្នកស្រី ស៊ុន ហៀង ស្ថាបនិកសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា បានថ្លែងពីចំណាប់អារម្មណ៍ថា ការសម្រេចចិត្ដដ៏មោះមុតដោយចង់បង្ហាញទៅកាន់ពិភពលោកឲ្យឃើញពីភាពជឿជាក់របស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ តាមរយៈព្រឹត្ដិការណ៍នេះ មិនមែនបង្ហាញឲ្យឃើញពីសមត្ថភាពរបស់សាលាថែសម្ផស្សគ្រីស្ទីណា ឬ សមាគមជាងសក់ និងសម្អាងនៅកម្ពុជានោះទេ គឺបង្ហាញឲ្យឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជាទាំងមូល។

អ្នកស្រី ស៊ុន ហៀង៖ “សាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា និងសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ហ៊ានទទួលយកនូវទំនួលខុសត្រូវដ៏ធំនេះ ដោយមើលឃើញថានេះជាឱកាសដ៏កម្រ។ វាមិនមែនធ្វើឡើងសម្រាប់តែសាលា និងសមាគម នោះទេ គឺធ្វើឡើងសម្រាប់បងប្អូនគ្រប់គ្នាដែលមានទេពកោសល្យក្នុងវិស័យនេះ”។

សូមរំលឹកថា សន្និសីទសារព័ត៌មាន ដើម្បីត្រៀមរៀបចំការប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ កាលពីម្សិលមិញក៏មានវត្ដមានរបស់ប្រធានសមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក គឺលោក Ricky Reyes ចូលរួមផងដែរ។ ព្រឹត្ដិកាណ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយមានការប្រកួតតាមវគ្គ និងជំនាញនីមួយៗ រហូតរកឃើញម្ចាស់ជយលាភីពិតប្រាកដ ឡើងទទួលពានរង្វាន់ភ្លាមៗតែម្ដង៕