​ថ្ងៃ​ភ្ជុំ​​បង្ហើយ​​អ្នក​ភូមិ​ ១​ ក្រុម​​នាំ​​គ្នា​​លេង​ប៉ាវ​​​លាប​​ធ្យូង​ រៃ​​លុយ​​រាំ​ធុង​បាស​

  • 2015-10-16 20:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ អ្នកស្រុក​រស់​នៅ​ក្នុង​ភូមិ​ទំពាំង​ឫស្សី បាន​នាំ​គ្នា​លេង​​​ប៉ាវ​លាប​ធ្យូង ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ និង​រៃលុយ​តាម​ផ្ទះ យក​លុយ​រាំ​ធុង​បាស។ ក្រៅ​ពី​​បង្កើត​បរិយាកាស​រីករាយ ​ក្រុម​អ្នក​លេង​បាន​បង្ហាញ​ការ​គិត​របស់​ពួកគាត់​ថា ​គឺ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជា​យថាហេតុ​ពី​ការ​កម្សាន្ត​នៅ​ទី​ឆ្ងាយ។

 

 

ជា​ធម្មតា​ក្នុង​​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ តាម​វត្តអារាម ឬ​កន្លែង​កម្សាន្ត​ខ្លះ ត្រូវ​គេ​បង្កើត​ឱ្យ​មាន​កម្មវិធី​​រាំរែក បញ្ចាំងកុន និង​គប់​ប៉េងប៉ោង ក្នុង​គោលបំណង​ឱ្យ​អ្នកស្រុក ​ទទួល​​​អារម្មណ៍​សប្បាយ​រីករាយ។ ទោះបីជាយ៉ាងណា​គេ​សង្កេត​ឃើញ​ថា ការ​សប្បាយ​នា​ឱកាស​នេះ ក៏​បាន​ប្រែក្លាយ​ជា​ទុក្ខសោក ដោយ​អ្នក​ស្រុក​ជិត​ឆ្ងាយ​ខ្លះ​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ដោយសារ​ការ​វាយតប់​គ្នា​ បណ្ដាល​រងរបួសធ្ងន់ស្រាល និងបាត់បង់​អាយុជីវិត​។

 

​មាន​ស្រុក​កំណើត​នៅ​​ភូមិ​ទំពាំង​ឫស្សី ឃុំ​សំរោង ស្រុកព្រៃឈរ ខេត្ត​កំពង់​ចាម យុវជន ផុន សុផា រួម​ទាំង​អ្នកភូមិ​ស្របាលគ្នា​ផ្សេងទៀត បាន​​លេង​ល្បែង​ប៉ាវ​លាប​ធ្យូង (លាប​មុខ) ទុក​ជា​ការ​កម្សាន្ត និង​ដើររៃ​អង្គាស​ប្រាក់​រាំង​ធុង​បាស​ ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

យុវជន​វ័យ​ជាង ២០ ឆ្នាំ​ខាងលើ​បាន​​បង្ហើប​​ថា អ្នកភូមិ​​​របស់​លោក ជា​ពិសេស​ឪពុកម្ដាយ មិន​ចង់​ឱ្យ​កូនចៅ ទៅ​​លេង​នៅ​ភូមិ​ឬ​ស្រុក​ឆ្ងាយ​ឡើយ ព្រោះ​ខ្លាច​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ មាន​ជម្លោះ​ទាស់ទែង​គ្នា​ជាដើម ម៉្លោះហើយ​ទើប​មាន​​កម្មវិធី​​នេះ​ឡើង។

 

លោក សុផា បញ្ជាក់ថា៖ “សប្បាយបង! អ្នក​ណា​ប៉ាវ​ចាញ់ គេ​លាប​មុខ ហើយ​យើង​​នាំ​គ្នា​ដើរ​រៃលុយ​តាម​ផ្ទះ​ម្នាក់ ៥០០៛ ១ ០០០៛ ៣ ០០០៛ ឬ ១០ ០០០៛ តាម​សទ្ធា លុយ​បាន​មក ​យើង​ជួល​បាស​រាំ​​លេង​ក្នុង​ភូមិ អត់​ដើរ​ទៅ​ណា​ទេ"។

 

មុខ​ប្រឡាក់​សុទ្ធតែ​ធ្យូង​បាត​ខ្ទះ ​​យុវជន អុន សំអាត ថ្លែង​ថា នេះ​ជា​វិធី​មួយ​ធ្វើ​ឱ្យ​យុវជន​​ក្មេងៗ​ជៀសវាង ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ជម្លោះ​ពី​ការ​មិន​ចេះ​អធ្យាស្រ័យ​គ្នា៖ "អ្នកខ្លះ​ស្រវឹង ចឹង​ចាស់ៗ​មិន​ចង់​ឱ្យ​ដើរ​លេង​ឆ្ងាយ"។ យុវជន​វ័យ​ក្មេង​បន្ត​ថា ឆ្នាំ​នេះខុសពី​ឆ្នាំ​មុន ក្រៅ​ពី​ជួប​ជុំ​បង​ប្អូន ពួកគេ​ក៏​បែក​គំនិត​​​​លេង​ល្បែង​លាប​ធ្យូង ដែល​ធ្វើ​ឱ្យ​បរិយាកាស​​បុណ្យ​ភ្ជុំបិណ្ឌ កាន់​តែ​អ៊ូអរថែមមួយ​កម្រិត​ទៀត។

 

សើច​​បិទ​មាត់​មិន​ជិត​ស្ទើរ​តែ​​ហូរ​ទឹកភ្នែក អ្នកស្រី សុភា បាន​និយាយ​ថា អ្នកស្រី​ពិត​ជាអស់​សំណើច ហើយ​សប្បាយ​រីករាយ ពេល​ឃើញមុខ​ម្នាក់ៗ​មើល​សឹង​មិន​ស្គាល់​​​។ ស្ត្រី​វ័យ​កណ្ដាល​បន្ថែម​ថា ៖ " ឃើញ​ពួកគេ​លេង​អ៊ីចឹង ខ្ញុំ​អរ​ ព្រោះ​អី​ខ្ញុំ​អត់​ចង់​ឱ្យ​ទៅ​លេង​នៅ​ភូមិ​ឆ្ងាយៗ​ទេ ម៉ូតូ​ឡាន​ច្រើន​ណាស់ ខ្លាច​បុក​​គ្នា​បាក់​ដៃ​បាក់​ជើង [...] លេង​ក្នុង​ភូមិ​ឯង​ហ្នឹង​ហើយ​សុវត្ថិភាព"៕

 

ចុចអាន៖ ហេតុ​អ្វី​យុវតី​មួយ​ចំនួន​ជ្រើស​រើស​ ការ​ស្លៀក​សំពត់​ខ្មៅ​ ជំនួស​សំពត់​ហូល​ផាមួង​ ទៅ​វត្ត?​

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបទូរសព្ទ​ដៃ