សេន ប៊ុនថេន ទម្លាយហេតុផល ៣ ដែលប្រដាល់ខ្មែរមិនល្បីលើឆាកអន្តរជាតិ
- 2016-01-27 17:30:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន ទម្លាយហេតុផល ៣ ដែលប្រដាល់ខ្មែរមិនល្បីលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
អតីតកីឡាករប្រដាល់ល្បីឈ្មោះ សេន ប៊ុនថេន បានទម្លាយពីហេតុផល៣ចំណុច ដែលធ្វើឲ្យវិស័យប្រដាល់ខ្មែរ មិនទាន់មានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ ដូចប្រទេសថៃ បើគិតត្រឹមពេលនេះ។
សេន ប៊ុនថេន បានឲ្យដឹងថា ហេតុផលចំនួន ៣ចំណុច ដែលធ្វើឲ្យវិស័យប្រដាល់ខ្មែរមិនទាន់ឈានដល់កម្រិតល្បីឈ្មោះលើឆាកអន្តរជាតិ ដូចជាវិស័យប្រដាល់ថៃ Muay Thai ដូចជាកម្មវិធីប្រដាល់ Thai Fight ជាដើម។
១-កម្ពុជាមិនធ្លាប់ចេញទៅរៀបចំកម្មវិធីប្រដាល់ក្បាច់គុនខ្មែរនៅក្រៅប្រទេស៖ ការចេញរៀបកម្មវិធីប្រដាល់ខ្មែរ នៅក្រៅប្រទេសគឺជាចរន្តផ្សព្វផ្សាយដ៏សំខាន់ក្នុងការបង្ហាញឲ្យជនជាតិបរទេសបានឃើញ ពីការលើកកម្ពស់វិស័យប្រដាល់ឲ្យទទួលបានការគាំទ្រ និងមានមនុស្សកាន់តែច្រើនបានស្គាល់ពីគុនខ្មែរ។
២-ការរៀបចំឯកសារដើម្បីចេញទៅវ៉ៃនៅក្រៅប្រទេសមានភាពតឹងរ៉ឹង៖ បរទេសមានទម្លាប់ខុសពីខ្មែរគឺមិនចូលចិត្តរៀបចំឯកសារច្រើនរញ៉េរញ៉ៃ។ កម្ពុជាមានភាពតឹងរ៉ឹងខ្លាំងសម្រាប់កីឡាករប្រដាល់ដែលចង់ចេញទៅវ៉ៃនៅក្រៅប្រទេសគឺ ត្រូវរៀបចំឯកសារបញ្ជូនទៅសហព័ន្ធកីឡាប្រដាល់ ដើម្បីសុំការអនុញ្ញាត ដែលត្រូវចំណាយពេលច្រើនទើបធ្វើឲ្យអ្នកចង់មកទាក់ទងកីឡាករទៅប្រកួតនៅក្រៅប្រទេសមានភាពស្ទាក់ស្ទើរ ហើយច្រើនតែទាក់ទងទៅកីឡាករជាសាមីខ្លួនផ្ទាល់។
៣-ការចំណាយប្រាក់ច្រើនរៀបចំកម្មវិធីធំៗ មិនទាន់មានក្នុងស្រុកខ្មែរ៖ ពិតណាស់វិស័យប្រដាល់បច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមានកម្រិតនៅឡើយ។ ប្រសិនបើការរៀបចំប្រកួតជាលក្ខណៈអន្តរជាតិទ្រង់ទ្រាយធំមិនទាន់មាននៅស្រុកខ្មែរ ហេតុនេះមនុស្សនៅលើពិភពលោកមួយចំនួនធំនៅតែមិនទាន់ស្គាល់ពីក្បាច់គុនខ្មែរដដែល។
បើនិយាយពីកម្រិតគុណភាព និងសមត្ថភាពរបស់កីឡាករប្រដាល់កម្ពុជាវិញគឺមិនចាញ់កីឡាករប្រដាល់សេរីនៅតាមបណ្តាប្រទេសនៅក្នុងតំបន់ ឬអឺរ៉ុបឡើយ ហើយក៏មានកីឡាករមួយចំនួនមានសមត្ថភាពខ្ពស់ជាងកីឡាករបរទេសថែមទៀត។ ប៉ុន្តែបើនិយាយពីកេរ្តិ៍ឈ្មោះប្រដាល់គុនខ្មែរវិញគឺពិភពលោកមិនសូវស្គាល់ឡើយ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា