ព្រឹត្តិការណ៍ Green Night លើក​កម្ពស់​ការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ

  • 2016-07-29 20:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សង្គ្រោះ​សត្វព្រៃ បាន​រៀប​ចំ​ព្រឹត្តិការណ៍ Green Night នៅ​ផ្ទះ​​មេត្តា​​ (Meta House) កាល​ពី​យប់​មិញ ដើម្បី​​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សារសំខាន់​របស់​ព្រៃឈើ និង​សត្វ​ព្រៃ ដោយ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទាំង​ជន​បរទេស និង​ជនជាតិ​ខ្មែរ។

 

 

លោក ទេព ប៊ុននី នាយក​ប្រតិបត្តិ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ បាន​បញ្ជាក់​ថា ការ​រៀប​ចំ​ព្រឹត្តិការណ៍ Green Night នេះ​ឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ​នូវ​ការ​យល់​ដឹង​ជា​សាធារណៈ​ពី​សារសំខាន់​របស់​ព្រៃឈើ និង​ប្រយោជន៍​ទៅ​អនាគត។ លោក​បាន​បន្ត​ទៀត​ថា អង្គការ​សង្គ្រោះ​សត្វព្រៃ​ បាន​អញ្ជើញ​ដៃគូ​ពាក់​ព័ទ្ធ​ឲ្យ​ចូល​រួម​ច្រើន ដើម្បី​រួម​គ្នា​ធ្វើ​ការ​​លើក​កម្ពស់​ការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ ហើយ​ក៏​មាន​ការ​ចូល​រួម​ពី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ផង​ដែរ។

 

 

យ៉ាង​ណា​ក្ដី លោក ទេព ប៊ុននី បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​មួយ​នេះ​ហាក់​ដូច​ជា​តំណក់​ទឹក​ភ្លៀង​ស្រក់​ចូល​ក្នុង​ទន្លេ។ "បើ​យើង​មើល វា​ដូច​ជា​តំណក់​ទឹក​មួយ​នៅ​ក្នុង​ទន្លេ​ចឹង... ពិត​មែន​ថា​មិន​បាន​ជួយ​ខ្លាំង តែ​ជា​ចំណែក​មួយ​ជួយ​រុញ​ច្រាន ការ​យល់​ដឹង និង​ការ​ផ្សព្វផ្សាយ ព្រោះ​អ្នក​ចូល​រួម​មាន​បរទេស មាន​ខ្មែរ ជា​តំណាង​អង្គការ​ដៃគូ​ផង ជា​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ផង។ ចឹង​យើង​រំពឹង​ថា​ពួក​គាត់ អាច​ចូល​រួម​ចំណែក​ផ្សព្វផ្សាយ​បន្ត"។ លោក ទេព ប៊ុននី ថ្លែង​បញ្ជាក់។

 

នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​យប់​មិញ មាន​ការ​ដាក់​បង្ហាញ​សៀវភៅ​ពាក់​ព័ន្ធ​នឹង​ជីវិត​សត្វ​ព្រៃ​នៅ​កម្ពុជា ក៏​ដូច​ជា​ផែន​ទី​ព្រៃឈើ ព្រម​ទាំង​ការ​លេង​ល្បែង Eco-Game ដើម្បី​ស្វែង​យល់​ពី​បរិស្ថាន​ផង​ដែរ។ ក្រៅ​ពី​នេះ មាន​ការ​ដាក់​បង្ហាញ​ផលិត​ផល​ស្នាដៃ​ខ្មែរ រួម​ទាំង​ការ​បញ្ចាំង​ភាព​យន្ត​ឯកសារ​ខ្លី​ក្រោម​ចំណង​ជើង​ថា Our Forest – Our Future (ព្រៃ​ឈើ​យើង អនាគត​យើង) និង​ការ​ដាក់​តាំង​បង្ហាញ​រូប​ភាព​ជា​ច្រើន​ទៀត៕

 

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

​​ អត្ថបទ៖ គង់ វិសាល
អត្ថបទថ្មី