ទិត្យ ​វិច្ឆិកា៖ វាសនា​របស់​ក្មួយៗ ពឹង​លើ​ការ​ប្រគំ​តន្ត្រី​លើក​នេះ

  • 2016-08-04 17:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិត្យ ​វិច្ឆិកា គ្រោង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ម្ដង​ទៀត​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​ក្នុង​បរិវេណ​បុរី​មួយ​នៅ​សង្កាត់ចោមចៅ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​នាក់។

 

 

តារា​ចម្រៀង​រូប​នេះ​បន្ត​ថា ការ​ប្រគំ​តន្ត្រី​ជា​លើក​នេះ​លោក​មាន​គោល​បំណង​ប្រមូល​ថវិកា​កសាង​សាលា​មួយ​ខ្នង​មាន​៤​បន្ទប់​ក្នុង​ភូមិ​ជាំស្លារ ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​រួម​ទាំង​​ស្ពាន​ឆ្លង​ទឹក​សម្រាប់​ក្មេងៗ​ទាំង​នោះ​ទៅ​សាលា​ផង​ដែរ។

 

“ខ្ញុំ​ឃើញ​ក្មួយៗ នៅ​ទី​នោះ​គាត់​មាន​ការ​លំបាក​ណាស់ ខ្វះ​បន្ទប់​រៀន​សូត្រ គ្មាន​បន្ទប់​ទឹក​ជា​ដើម ក៏​សម្រេច​រៀបចំ​ការ​ប្រគំ​តន្ត្រី​ម្ដង​ទៀត អញ្ចឹង​វាសនា​របស់​ពួកគេ​ពឹង​លើ​សប្បុរសជន"។ ទិត្យ ​វិច្ឆិកា ថ្លែង​មក​កាន់ Sabay។

 

នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក ទិត្យ ​វិច្ឆិកា ផ្ដើម​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដូច្នេះ​ក្នុង​គោលដៅ​មនុស្សធម៌​ជួយ​ជន​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល។ តារា​ចម្រៀង​ដដែល​អះអាង​ថា ការ​ប្រគំ​តន្ត្រី​លើក​នោះ​មិន​សូវ​ទទួល​បាន​ជោគជ័យ​នោះ​ទេ ព្រោះ​ពេល​វេលា​រៀបចំ​ហាក់​ប្រថុចញ៉ុច​ពេក ប៉ុន្តែ​ក្លាយ​ជា​បទ​ពិសោធន៍​ល្អ​មួយ​សម្រាប់​រូប​លោក ដើម្បី​រៀប​ចំ​កម្មវិធី​លើក​នេះ។

 

សិល្បករ​ក្នុង​ឆន្ទៈ​សង្គម​រូប​នេះ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ការ​ប្រគំ​តន្ត្រី​លើក​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​​ពី​មហាជន​នានា​មិន​ខាន ព្រោះ​មាន​សុទ្ធសឹងតែ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ចូលរួម។ បន្ថែម​ពី​នេះ លោក​អំពាវនាវ​ដល់​សប្បុរសជន និង​ម្ចាស់​ក្រុមហ៊ុន​នានា​ចូលរួម​ឱ្យ​បាន​ច្រើន ដែល​ជា​ចំណែក​មួយ​ជួយ​ដល់​ក្មេងៗ​កំពុង​មាន​តម្រូវ​ការ​បន្ទប់​រៀន៕

 

រូបថត៖ ផ្ដល់ឱ្យ