ដើមលុយ អ្នករកស៊ីនិយមដាំ នាំលាភ មាសប្រាក់ចូលក្នុងផ្ទះ
- 2016-12-06 03:14:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមលុយ អ្នករកស៊ីនិយមដាំ នាំលាភ មាសប្រាក់ចូលក្នុងផ្ទះ
ចន្លោះមិនឃើញ
ដើមលុយ ដែលមានឈ្មោះជាភាសាអង់គ្លេសថា Pachira Aquatica គឺជាប្រភេទរុក្ខជាតិម្យ៉ាង តែងមានវត្តមាននៅកន្លែងអាជីវកម្ម ហាងលក់ដូរ ឬនៅតាមផ្ទះអ្នកជាប់សែស្រឡាយចិន ព្រោះគេមានជំនឿថា បើដាំវាដុះលូតលាស់ មានត្រួយ ឬផ្លែល្អ នោះនឹងនាំសំណាង មាស ប្រាក់កាសហូរហៀរ ដល់ម្ចាស់។
ជំនឿដើមលុយ
ថ្មីៗនេះ ដើមលុយ ធំៗពីរដើម ដែលក្រុមការងារ Sabay បានប្រទះឃើញនៅក្នុងបរិវេណ សណ្ឋាគារលំដាប់ផ្កាយ៤ មួយកន្លែង មានផ្លែស្រស់ល្អ បែកមែកសាខា ត្រឈឹងត្រឈៃ។ អ្នកថែសួនម្នាក់ នៅទីនោះ បានប្រាប់ថា សម្រាប់ដើមលុយនោះ បើទោះជាវាមានផ្កា ឬគ្មានផ្កា ក៏វាអាចនាំលាភ មាសប្រាក់ ដល់ម្ចាស់ ដូចឈ្មោះវា អ៊ីចឹង។
អ្នកថែសួន បានបន្ថែមទៀតថា បងប្អូនខ្មែរ ជាអ្នកដែលមានជាប់សែស្រឡាយចិន សុទ្ធតែមានដើមនោះនៅផ្ទះរៀងៗខ្លួន ព្រោះជាជំនឿរបស់ពួកគេថានាំលាភចូលក្នុងផ្ទះ។ ចំពោះដើមលុយ ដាក់ដាំក្នុងផើងតូចៗ គឺមានតម្លៃចាប់ពី ៥ដុល្លារ និងអាចដល់២៥០ដុល្លារ សម្រាប់ដើមធំៗ។
ដើមកំណើត
តាមឯកសារបរទេស ដើមលុយ ជាប្រភេទរុក្ខជាតិលូតលាស់ក្នុងតំបន់ត្រូពិច ដីសើម។ វាមានប្រភពមកដើមមកពី តំបន់អាមេរិកកណ្ដាល អាមេរិកឡាទីន (អាមេរិកខាងត្បូង) ។
ដើមលុយអាចលូតលាស់ធំបំផុត រហូតដល់កម្ពស់១៨ម៉ែត្រ។ ផ្លែរបស់វា គេមិនអាចយកបរិភោគបានទេ ប៉ុន្តែគ្រាប់របស់វាមានប្រយោជន៍មួយចំនួន។ គេអាចបរិភោគគ្រាប់វាទាំងឆៅបាន ជាពិសេសគេអាចយកគ្រាប់វា ដុតធ្វើជាម្សៅធ្វើនំ ឬដុតធ្វើជាភេសជ្ជៈក៏បាន។
បច្ចុប្បន្ននៅប្រទេសចិន និងកោះតៃវ៉ាន់ ជាកន្លែងដែលពេញនិយមដាំដុះ រុក្ខជាតិលុយនេះ។ ប្រទេសទាំងនោះ នាំចេញរុក្ខជាតិខាងលើទៅក្រៅប្រទេសជាច្រើន ដែលទទួលបានចំណូលខ្ទង់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕