អ៊ីចឹង​សោះ បាន​ជា ថន លក្ខិណា អវត្តមាន​លើ​វិថី​ភាពយន្ត

  • 2017-09-02 00:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​​ទីផ្សារ​ភាពយន្ត​ចាប់​ផ្ដើម​មាន​សន្ទុះ​ឡើង ​ធ្វើ​ឲ្យ​​សិល្បករ​សិល្បៈ​ការិនី​ជា​ច្រើន​មាន​ទីផ្សារ​គ្មាន​សម្រាក​នោះ ស្រី​ស្អាត​ ថន លក្ខិណា បែរ​ជា​​មិន​ដែល​​ឃើញ​មុខ​លើ​វិស័យ​ភាព​យន្ត​សោះ​តែ​ម្ដង។ ចំណុច​នេះ​​នាង​បញ្ជាក់​ថា មិនមែន​​មក​ពី​គ្មាន​​ផលិតកម្ម​​ហៅ​ថត​ឡើយ ពោល​គឺ​នាង​ជា​​អ្នក​មិន​ទទួល​ដោយ​ខ្លួន​ឯង ដោយ​ផ្អាក​សិន ព្រោះ​​មួយ​រយៈ​ចុង​ក្រោយ​នេះ​រវល់​លើ​ការងារ​ពិធី​ករ​ច្រើន​ជាង។

ជិត២ឆ្នាំ​ហើយ​ដែល​​កញ្ញា ថន លក្ខិណា អវត្តមាន​លើ​វិស័យ​ភាពយន្ត​នេះ តារា​ស្រី​រូប​នេះ​​​លើក​ឡើង​ថា ខ្លួន​ជាប់​កុងត្រា​​​ធ្វើ​ជា​ពិធី​ការិនី​ឲ្យ​ទូរទស្សន៍​ ហើយ​កម្មវិធី​គឺ​ចុះ​តាម​ខេត្ត​ អ៊ីចឹង​ហើយ​ការ​ថត​កុន គឺ​នាង​ផ្អាក​តែ​ម្ដង ប៉ុន្តែ​ការ​ថតMV ឬស្ប៉ត​ពាណិជ្ជកម្ម​ គឺ​នាង​នៅ​តែ​ទទួល​ ហើយកំពុង​តែ​ថត​ជា​បន្ត​បន្ទាប់។ "ផ្អាក​​មិនមែន​មាន​ន័យ​ថា ខ្ញុំ​ឈប់​ថត​​អីណា ខ្ញុំ​ជាប់​ Concertតាម​ខេត្ត​ច្រើន​ពេក តែ​​លូវ​រដូវ​ភ្លៀង​អ៊ីចឹង​ទំនេរ តែ ស្ប៉តMV អី​​ហ្នឹង​ថត​ប៉ិប៉កៗ​រហូត​ហ្នឹង" ថន លក្ខិណា លើក​ឡើង។

​តារា​ស្រី​ដែល​ល្បី​និយាយ​ភាសា​ថៃ​បាន​ល្អ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ទោះបី​ជា​នាង​ផ្អាក​ថត​ក៏ពិត​មែន​ប៉ុន្តែ​ខាង​ផលិតកម្ម​ដែល​ខ្លួន​ធ្លាប់​​ថត​ឲ្យ​កន្លង​មក​នៅ​តែ​​ទាក់ទង ដោយ​ចង់​ឲ្យ​នាង​ថត​ជា​បន្ត​បន្ទាប់ តែ​ដូច​នាង​បាន​លើក​ឡើង សុំ​ផ្អាក​១រយៈ​សិន។

ថន ​លក្ខិណា មិន​បារម្ភលើ​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើយ​ជុំវិញ​ការ​អវត្តមាន​លើ​​វិស័យ​ភាពយន្ត​នេះ ដោយ​នាង សម្អាង​ថា ទោះបី​ជា​មិន​ចេញ​មុខ​លើ​ភាពយន្ត ខ្លួន​នៅ​តែ​ចេញ​មុខ​លើ​កញ្ចក់​​ទូរទស្សន៍​ជា​រៀងរាល់​សប្ដាហ៍ ដូច​នេះ​ទស្សនិកជន មិន​ភ្លេច​មុខ​នាង​ឡើយ។

ថន ​លក្ខិណា បាន​បោះជំហាន​ចូល​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ២០០៦ តាម​រយៈ​​ការ​ប្រឡង​ស្រី​ស្អាត​របស់​មជ្ឈមណ្ឌល ​BS ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ។ ចាប់​តាំង​ពី​ពេល​នោះ​មក នាង​ក៏​មាន​ឱកាស​ត្រូវ​ខាង​ផលិតកម្ម​ហៅ​ថត​ពាណិជ្ជកម្ម និង​ខារ៉ាអូខេ​ជា​ហូរ​ហែ រហូត​មាន​កេរ្តិ៍​ឈ្មោះ​ដល់​បច្ចុប្បន្ន។

នៅ​ចុង​ឆ្នាំ ២០០៦ នាង​បាន​ហក់​ចូល​មក​កាន់​តំណែង​ជាពិធី​ការិនី​ជា​បន្ត​បន្ទាប់​ នៅ​ស្ថានីយ​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ គឺ​ កម្មវិធី​ ស្ត្រី​មេផ្ទះ​។ នៅ​ ប៉ុស្តិ៍​លេខ​ ៩ ក្នុង​ឆ្នាំ​ ២០០៨ កម្មវិធី​ផ្សាយ​ផ្ទាល់ តន្ត្រី​ថ្ងៃ​អាទិត្យ ប៉ុស្តិ៍​CTN កាល​ពី​ចុង​ឆ្នាំ ​២០០៩ ក្នុង​កម្មវិធី​ «​សុខគា លក្ខិណា ប៊ីអាយជី» ផ្ទះ​លោក​តា និង​ចុង​​ក្រោយ មក​ធ្វើ​ជា​ពិធី​ការិនី​នៅ​​ទូរទស្សន៍​ហង្ស​មាស។ ចំពោះ​ការ​ថត​ភាពយន្ត​វិញ តារា​ស្រី​វ័យ២៧ឆ្នាំ​រូប​នេះ​​ធ្លាប់​ថត​បាន​ប្រហែល ​​៥ ទៅ៦ រឿង មាន​រឿង "អាប​ពាក់​មួក​សុវត្ថិភាព" និង "វិស្សមកាល​មរណៈ"ជា​ដើម។

នាង​បាន​ថ្លែង​ជា​ចុង​ក្រោយ​ថា ខ្លួន​​អាច​នឹង​​ឆ្លៀត​ទទួល​ការ​ថត​កុន​វិញ​​ មិន​អាច​ផ្អាក​យូរ​ពេក​ឡើយ ត្បិត​អី​ប្រសិន​បើ​ទុក​យូរ​ពេក​ក៏​មិន​ល្អ​នោះ​ដែរ ព្រោះ​នាង​ជា​អ្នក​សិល្បៈ​ត្រូវ​​តែ​ចេញ​មុខ​ឲ្យ​​មហាជន​បាន​កាន់តែ​ច្រើន​កាន់​តែ​ល្អ៕

អត្ថបទៈ ស៊ុនហួត