មិន​នឹក​ស្មាន​ថា Angelina Jolie ស្រលាញ់​ខ្មែរ​ដល់ថ្នាក់ហ្នឹង

  • 2017-08-30 04:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angelina Jolie ជា​តារា​សម្ដែង​ ផលិតករ​ភាពយន្ត​ និង​ជា​សកម្មជន​សិទ្ធ​មនុស្ស​ បាន​ផលិត​រឿង​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​មួយ​ ដែល​និយាយ​អំពី​រឿង​រ៉ាវ​កើត​ឡើង​អំឡុង​ទសវត្ស​ទី​៧០​នៅ​កម្ពុជា។​ នេះ​គឺ​ជា​ព័ត៌មាន​ដែល​បាន​ពី Angelina ផ្ទាល់​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Screendaily នៅ​កម្មវិធី​សម្ពោធ​លក្ខណៈ​អន្តរជាតិ​ជា​ផ្លូវ​ការ​​រឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ឬ "First They Killed My Father” នៅ​ទី​ក្រុង Toronto ប្រទេស​កាណាដា។

Angelina Jolie, Maddox និង​អ្នក​ស្រី​ Loung Ung

Angelina Jolie មាន​ឱកាស​បាន​អាន​សៀវភៅ "First They Killed My Father” ដោយ​ប្រទះ​ឃើញ​នៅ​ក្នុង​ផ្សារ​ប្រទេស​កម្ពុជា​ កាលពី​ ១៧​ឆ្នាំ​មុន ​ពេល​ថត​រឿង “Tomb Raider”​ ដោយ​បាន​ទិញ​ក្នុង​តម្លៃ​តែ​២​ដុល្លារ​ប៉ុណ្ណោះ។

​សម្រាប់​ Jolie សៀវភៅ​នេះ​បាន​ធ្វើ​ឲ្យ​នាង​កាន់​តែ​យល់​ច្បាស់​ពី​ប្រទេស​កម្ពុជា​ ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​ និង​ធ្វើ​ឲ្យ​នាង​មាន​ចិត្ត​ស្រលាញ់​មក​លើ​ប្រទេស​មួយ​នេះ​ ដោយ​​ត្រលប់​មក​វិញ​ជា​រឿយ​ៗ​ ក្នុង​ឋានៈ​ជា​សកម្មជន​មនុស្សធម៌ ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​ជន​ជាតិ​ខ្មែរ​មួយ​រូប​ និង​មាន​ទី​លំនៅ​នៅ​កម្ពុជា​ផង​ដែរ។ ​

តារា​សម្ដែង​ Angelina Jolie

អ្នក​និពន្ធ​សៀវភៅ "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” Loung Ung និង​ Jolie បាន​ជួប​គ្នា​ក្នុង​ការងារ​មនុស្ស​ធម៌​មួយ​ ក្រោយ​ពេល​តារា​សម្ដែង​រូប​នេះ​ត្រលប់​មក​កម្ពុជា​វិញ​ក្រោយ​ថត​រឿង "Tomb Raider” ចប់។ ពួក​គេ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ ហើយ​ក៏​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​ចាប់​ពី​ពេល​នោះ​មក។

អ្នក​ស្រី​ Loung Ung ទើប​តែ​មាន​អាយុ​៥​ឆ្នាំ​ប៉ុណ្ណោះ​ ពេល​ខ្មែរ​ក្រហម​បាន​ចេញ​មក​នៅ​ឆ្នាំ​ ១៩៧៥ ដើម្បី​ផ្ដួល​រំលំ​របប​ លុន ណុល។ នាង​ និង​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ពី​ទី​ក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​វាល​ស្រែ ជាមួយ​នឹង​អ្នក​ទីក្រុង​រាប់​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​នានា​ទូទាំង​ប្រទេស។ ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ ១៩៧៩ ក្មេង​ស្រី​ម្នាក់​នេះ​បាន​បាត់​បង់​ឪពុក​ម្ដាយ​ និង​បងប្អូន​ចំនួន​៦​នាក់ ហើយ​ប្រជាជន​កម្ពុជា​ប្រមាណ​២​លាន​នាក់​ត្រូវ​បាន​ស្លាប់។ ក្រោយឆ្លងរបបដ៏ខ្មៅងងឹតនេះ អ្នក​ស្រី​ Loung Ung បាននិពន្ធសៀវភៅ "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” នេះឡើង។

តារា​សម្ដែង​ Angelina Jolie ក្នុង​ឱកាស​សន្និសិទ្ធ​រឿង "First They Killed My Father"

ស្រ្ដីទាំង​ពីរ​រូប​នេះ​បាន​ចាប់​ផ្ដើម​សរសេរ​ប៉ារ៉ូល​(Screenplay)តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ឯណោះ​។ បន្ទាប់​ពី​កែ​ច្នៃ​៣​ ទៅ​៤​ដង​ ហើយផលិតកម្ម​យក្ស Netflix ក៏​យល់​ព្រម​កាល​ពី​ឆ្នាំ​ ២០១៥ ដើម្បី​ផ្ដល់​ដើម​ទុន​ និង​សហការ​​ផលិត​​រឿង​នេះ​តែ​ម្ដង។ នៅ​ខែ​មិថុនា​ឆ្នាំ​នោះ​ដែរ Jolie បាន​ជ្រើស​យក​លោក រិទ្ធី ប៉ាន់ ដែល​ជា​អ្នក​ដឹក​នាំ​រឿង​ដ៏​ពូកែ​ម្នាក់​ឲ្យ​មក​ចូល​រួម​ក្នុង​គម្រោង​នេះ។ លោក​បាន​ក្លាយ​ជា​ផលិតករ​ ដើម្បី​គ្រប់​គ្រង​ខាង​ផ្នែក​ទាក់​ទង​នឹង​ភាសា​ខ្មែរ​ ដូច​ជា​ការ​ប្រ​ជុំ​ការទាក់ទងស្ថាប័ន​ផ្សេងៗ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម​​ ដើម្បី​យក​សិទ្ធិថត​រឿង​នេះ​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។

អ្នក​ស្រី Jolie បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រីផលិត​រឿង​គួរ​តែ​មាន​សេចក្ដី​ប្រុង​ប្រយ័ត្ន។ អ្នកស្រីបាន​រំលឹក​ខ្លួនឯង​ថា​ នេះ​មិន​មែន​ជា​ប្រទេស​ថៃ ដែល​រឿង​ "The Killing Fields” បាន​ថត​កាល​ពី​ច្រើន​ឆ្នាំ​មុន​នោះ​ទេ​។ Jolie បាន​ថ្លែង​ថា៖ "អ្នក​​នាំ​យក​នូវ​ភាពយន្ត​ទៅ​កាន់​ប្រទេស​មួយ និង​ស្នើ​សុំ​ឲ្យ​ប្រជាជន​ដែល​បាន​រស់​ឆ្លងកាត់​ហេតុ​ការណ៍​នោះ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​សារ​ឡើង​វិញ។ ខ្ញុំ​មិន​បាន​ដឹង​ទេ​ ថា​តើ​គេ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថត​ឫ​អត់?”

រំលឹក​ពី​អតីតកាល

Jolie បាន​រៀប​ចំ​ការ​ផលិត​ និង​ការ​ងារ​ពាក់​ព័ន្ធ​ផ្សេងៗ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ស្ថាប័ន​រដ្ឋ​អនុញ្ញាត។ ទីបំផុតអ្នកស្រី​ក៏​ទទួល​បាន​នូវ​អ្វី​ដែល​ស្នើ​សុំ​ គឺ​ពេល​វេលា​៥០​ថ្ងៃ​ ដើម្បី​ថត​នៅ​ខេត្ត​សៀម​រាប​ និង​បាត់​ដំបង​ ចាប់​ផ្ដើម​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៥។

Angelina Jolie អំឡុង​ពេល​​ផលិត​រឿង​ "First They Killed My Father"

ក្នុង​ដំណើរ​ការ​នោះ​ក្រុម​ការងារ​របស់​អ្នកស្រី បាន​ហ្វឹក​ហាត់​ និង​រើស​យក​តួ​បន្ថែម​ដែល​ជា​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជា​ច្រើន​។ ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​សត្វ​អា​ពីង​ ពស់​ជា​ច្រើន​នៅ​ក្នុង​ព្រៃ​ ព្រម​ទាំង​ត្រូវ​គេច​គ្រាប់​មីន​ទៀត​ផង​។ Jolie និយាយ​ថា៖ "​ពិត​ជា​សំណាង​ណាស់​ ដែល​ពួក​យើង​អាច​បញ្ចប់​ការ​ថត​រឿង​ដោយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទាំង​អស់"។

ប៉ុន្តែ​ឧបសគ្គ​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ ការ​ប្រើ​ប្រាស់​អារម្មណ៍​របស់​តារា​សម្ដែង​។ តារា​សម្ដែង​ក្នុង​ស្រុក​ភាគ​ច្រើន​សុទ្ធ​តែ​មិន​សូវ​មាន​បទ​ពិសោធន៍​ក្នុង​ការ​សម្ដែង​ បូក​រួម​ជា​មួយ​ក្មេង​ស្រី សារឿម​ ស្រីម៉ុច​ អាយុ​ ៩​ឆ្នាំ ដែល​សម្ដែង​ជា​អ្នក​ស្រី​ Loung Ung វ័យ​ក្មេង​ ទាំង​ខ្លួន​មិន​ដែល​ចូល​ថ្នាក់​រៀន​សម្ដែង​ទាល់​តែ​សោះ ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​រឿង​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សមត្ថភាព​សម្ដែង​​របស់​នាង។

​ស្រី​ម៉ុច​ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​សម្ដែង​តួអង្គ​នេះ ដោយ​វិធីសាស្ត្រ​ជ្រើស​រើស​តួ​អង្គ​ដូច​ដែល​បាន​បង្ហាញ​កាល​ពី​ Angelina ត្រូវ​បាន​សម្ភាសន៍​ដោយ​ទស្សនាវដ្ដី Vanity Fair។ ក្នុង​នោះ​គឺ​តម្រូវ​ឲ្យ​អ្នក​ជ្រើស​រើស​តួ​ប្រើ​មធ្យោបាយ​ចិត្ត​សាស្ត្រ​ដើម្បី​ជ្រើស​រើស​តួអង្គ​ក្មេង ដែល​បាន​ធ្វើ​ឲ្យ​មាន​គេ​ខឹង​សម្បារ​ជា​ច្រើន។

អាន៖ Angelina Jolie ត្រូវ​គេ​រិះ​គន់​​ ព្រោះ​ប្រើលុយ ដើម្បីរើស​តួ​ក្មេង​ឲ្យសម្តែងរឿងនៅស្រុក​ខ្មែរ

អាន៖ Angelina Jolie ឆ្លើយ​តប​រឿង​ប្រើ​ប្រាស់​លុយ​ដើម្បី​រើស​តួ​កុមារកម្ពុជា​

ចំពោះ​ហេតុ​ការណ៍​នោះ​ដែរ Jolie បាន​និយាយ​ថា​​ ក្នុង​ការ​ជ្រើស​រើស​តួ​នោះ​គឺ​មិន​មាន​ការ​ធ្វើ​បាប​អ្វី​ទេ ដោយ​ភាគី​ទាំង​សង​ខាង​យល់​ស្រប​ និង​ឪពុកម្ដាយ​របស់​តួអង្គ​ដែល​ត្រូវ​សាក​ល្បង​ថត​នោះ គឺ​នៅ​ជា​មួយ​គ្នា​គ្រប់​ពេល។

​រឿង "First They Killed My Father” បាន​ធ្វើ​ឲ្យ Jolie កាន់​តែ​មាន​អារម្មណ៍​ជិត​ដិត​ជាមួយ​ប្រទេស​ដែល​នាង​បាន​រស់​នៅ​ និង​ធ្វើ​ការ​អស់​រយៈ​ពេល​១៤​ឆ្នាំ​រួច​មក​ហើយ​។​

នាង​បាន​ថ្លែង​​ថា៖ "សម្រាប់​ខ្ញុំ​ ទាំង​នេះ​គឺ​ជា​រឿង​រ៉ាវ​ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​ចិត្ត​ទុក​ដាក់​ ហើយ​ភាពយន្ត​នេះ គឺ​ព្យាយាម​យល់​ដឹង​ពី​សកម្មភាព​ព្រៃផ្សៃ​នៃ​​មនុស្ស​មួយ​ចំនួន​​ និង​វិធី​​ដែល​ស្មារតី​មនុស្ស​អាច​យក​ជ័យ​ជម្នះ​ទៅ​លើ​ភាព​ភ័យ​ខ្លាច​ ហើយ​កែប្រែ​ឲ្យ​ក្លាយ​ជា​មនុស្ស​ខ្លាំង​ក្លា និង​រឹង​មាំ"។ Jolie បន្ត​ថា៖ "ពេល​ដែល​អ្នក​ផលិត​ភាពយន្ត​​និយាយ​អំពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ អ្នក​នឹង​បាន​ដឹង​​យល់​ពី​វត្ថុ​ដ៏​ពិសេស​មួយ។"

ជា​មួយ​នឹង​ដំណើរ​ការ​ថត​រឿង​នេះ​ កូន​ប្រុស​នាង Maddox នឹង​អាច​មាន​ពេល​ច្រើន​ខែ​នៅ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​និង​រៀន​បាន​កាន់​តែ​ច្រើន​ពី​ប្រទេស​កំណើត​របស់​ខ្លួន។

ការ​ផ្ដល់​ឲ្យ​ទៅ​ប្រទេស​កម្ពុជា

Maddox វ័យ​ ១៦​ឆ្នាំ​បាន​ក្លាយ​ជា​ផលិតករ​ម្នាក់​ក្នុង​រឿង​នេះ​ តាំង​ពី​ចាប់​ផ្ដើម​ថត​រហូត​ដល់​ចប់។ "ខ្ញុំ​ចង់​ឲ្យ​គេ​ធ្វើ​ការ​យ៉ាង​មមាញឹក​ដើម្បី​ផ្ដល់​នូវ​អ្វី​ខ្លះ​ៗ​ចំពោះ​ប្រទេស​កំណើត​ខ្លួន" Jolie និយាយ​ដូច្នេះ។ Jolie បន្ត​ទៀត​ថា "ខ្ញុំ​ផលិត​រឿង​នេះ​ដើម្បី​ប្រទេស​កម្ពុជា។ ខ្ញុំ​ផលិត​វា​ឡើង​ដើម្បី​ជា​ការ​អរគុណ​ ជា​សំបុត្រ​ស្នេហា​បង្ហាញ​សេចក្ដី​ស្រលាញ់​ដល់​ប្រទេស​កម្ពុជា​។

ចំពោះ​សំណួរ​ដែល​សួរ Jolie ថា​ តើ​ប្រជាជន​កម្ពុជា​នឹង​មាន​អារម្មណ៍​បែប​ណា​ ឬក៏​សាក​សួរ​អំពី​សិទ្ធិ​ក្នុង​ការ​ផលិត​រឿង​ "First They Killed My Father” របស់​នាង? Jolie ឆ្លើយ​ដូច្នេះ​ថា​៖​ "អ្នក​គួរ​តែ​សាក​សួរ​ជន​ជាតិ​​ខ្មែរ។ ខ្ញុំ​ទទួល​បាន​សញ្ជាតិ​ជា​ជន​ជាតិ​ខ្មែរ​តាំង​តែ​ពី​ឆ្នាំ ២០០៥ ហើយ​បាន​ចេញ​ចូល​ប្រទេស​នេះ​អស់​រយៈ​ពេល​១៤​ឆ្នាំ​ហើយ​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​ជនជាតិ​ខ្មែរ​មួយ​រូប។"

Angelina Jolie និង​កូនៗក្នុង​ថ្ងៃ​សម្ពោធ​រឿង​ "First They Killed My Father" នៅ​សៀម​រាប

​ភាពយន្ត​នេះ​បាន​ចាប់​ផ្ដើម​សម្ពោធ​ក្នុង​ស្រុក​កាល​ពី​ខែ​កុម្ភៈ​នៅ​ខេត្ត​សៀម​រាប​ ហើយ​ក្រុមហ៊ុន Netflix នឹង​ចាប់​ដាក់​បញ្ចាំង​រឿង "First They Killed My Father” នេះ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៥​ខែ​កញ្ញា​ បន្ទាប់​ពី​ដាក់​បញ្ចាំង​តាម​រោង​កុន​ក្នុង​ស្រុក​រយៈ​ពេល​មួយ​អាទិត្យ​៕

អាន៖ ដំណឹង​ល្អ​​! រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ ត្រៀម​បញ្ចាំង​ជា​ផ្លូវ​ការ​ឆាប់ៗ​នេះ

អត្ថបទ៖ ធារ៉ូ