សម្តេច ហ៊ុន សែន ប្រកាសលើកលែងពន្ធបន្ថែមលើភាពយន្តភាគបរទេស

  • 2018-01-21 15:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលើកលែងពន្ធបន្ថែម ៤០ម៉ឺនរៀល ក្នុង១ភាគ របស់ភាពយន្តភាគបរទេសដែលនាំចូលដោយស្ថានីយទូរទស្សន៍ក្នុងស្រុក ដែលនឹងគិតរាប់ចាប់ពីខែមករាឆ្នាំ ២០១៨ នេះ។

រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន

ក្នុងជំនួបនាយករដ្ឋមន្រ្តី និងអ្នកសារពត៌មានលើកទី២នេះ សមាគមន៍ទូរទស្សន៍ជាតិកម្ពុជា បានស្នើសុំការលើកលែងពន្ធបន្ថែមនេះ រហូតដល់៥ឆ្នាំ ដោយមើលឃើញថា ការដែលបន្ថែមពន្ធលើភាពយន្តភាគបរទេសរហូតដល់ ៤០ម៉ឺនរៀលក្នុង១ភាគទៀត បង្កើនហានិភ័យ ត្បិតចំណូលពីការផ្សព្វផ្សាយនៅមានកម្រិត ហើយភាពយន្តខ្មែរសម្រាប់ចាក់ផ្សាយ ក៏នៅមានកម្រិតដូចគ្នា។

ការពន្យារពេលបន្ថែមពន្ធនេះ ក៏ជួយធ្វើឱ្យស្ថានីយមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន និងជួយដល់ការបង្កើតវណ្ណកម្មភាពយន្តបន្ថែមទៀត ក្នុងន័យផលិតភាពយន្តភាគដែលមានគុណភាព សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។

តែទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ក៏បានរម្លឹកឡើងវិញថា ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវគោរពតាមការរៀបចំចាក់ផ្សាយ ដោយលៃយ៉ាងណាឱ្យភាពយន្តខ្មែរបានចាក់ផ្សាយក្នុងម៉ោងពិសេស និងជៀសវាងការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងម៉ោងដែលបានហាមប្រាម។

បន្ទាប់ពីផ្តល់អនុសាសន៍ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យទទួលបានប្រសិទ្ធភាព សម្តេចនាយករដ្ឋមន្រ្តី ក៏លើកឡើងពីការផ្សព្វផ្សាយព័ត៌មានអំពីតារា ដែលមានអ្នកធំៗជាច្រើនតាមស្នេហ៍ ឱ្យបញ្ចេញឈ្មោះអ្នកធំៗ ឬឧកញ៉ាទាំងនោះឱ្យច្បាស់តែម្តង ដើម្បីកុំឱ្យមានការភាន់ច្រឡំ សង្ស័យលើបុគ្គលត្រឹមត្រូវ ពិសេសធ្វើឱ្យប៉ះពាល់កិត្តិយសរបស់មន្រ្តី អ្នកមុខអ្នកងារ ដែលមានគុណសម្បត្តិជូនរដ្ឋ ហើយសម្តេចក៏ស្នើឱ្យស្ថាប័នព័ត៌មាន ឈប់ផ្សព្វផ្សាយព័ត៌មានបែបចោទប្រកាន់បែបនេះ ព្រោះវាជារឿងបុគ្គល និងមិនច្បាស់លាស់ ខ្វះក្រមសីលធម៌៕

អត្ថបទ៖ Sunny

រូបភាពហ្វេសប៊ុកៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន