កត្ដា​ទាំង​នេះ បញ្ជាក់​ថា​ក្លឹប​សូលទីឡូ​អង្គរ ​នឹង​ធ្វើ​ឱ្យ​លីគ​កម្ពុជា​ឆ្នាំ​ក្រោយ កក្រើក​មិន​ខាន

  • 2017-12-27 04:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​សូលទីឡូអង្គរ ​ជា​ក្លឹប​ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង​នៅ​ឆ្នាំ​មុន ​ប៉ុន្តែ​មាន​សកម្មភាព​បាល់ទាត់​រីក​ចម្រើន​លូតលាស់​លឿន​មែនទែន ​សឹង​មួយ​គួរ​ឱ្យ​ជឿ។

ក្លឹប​ដែល​មាន​ម្ចាស់​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ Keisuke Honda ​ខាង​លើ​នេះ ​បាន​រៀប​ចំ​ក្រុម​ចូល​លេង​លីគ​លំដាប់​ទី​២ ​ឆ្នាំ​មុន​ហើយ​ក៏​មាន​ឱកាស​បាន​ឡើង​មក​លេង​លីគ​កំពូល​ភ្លាម​ៗ​តែ​ម្ដង។ ​ក្រោយ​ពី​មាន​ឈ្មោះ​លេង​លីគ​នេះ​ហើយ ​ពួកគេ​បាន​ទិញ​ចូល​កីឡាករ​ថ្មី​ៗ​ជា​ច្រើន ​និង​បាន​ទៅ​លេង​ពាន​រង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​ចិន​ថែម​ទៀត ​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ។

ត្បិត​តែ​លទ្ធផល​មិន​ទទួល​ផល​ល្អ​មែន ប៉ុន្តែ​ក្លឹប​សូលទីឡូអង្គរ ​ក៏​បាន​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឱ្យ​ក្លឹប​បរទេស​ស្គាល់​ផង​ដែរ។ ដើម្បី​ជា​ការ​ត្រៀម​ចូល​លេង​លីគ​កំពូល​រដូវ​កាល​ខាង​មុខ​នេះ ​ពួកគេ​បាន​នាំ​ចូល​កីឡាករ​ថ្មី​ៗ ​រួម​ទាំង​បរទេស​ផង​ដែរ ​ក្នុង​ន័យ​រក្សា​ខ្លួន​នៅ​លីគ​កំពូល​តែ​ម្ដង។ អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត ​ក្លឹប​ថ្មី​មាន​មូលដ្ឋាន​នៅ​សៀមរាប​មួយ​នេះ ​ក៏​នឹង​មាន​ក្រុម​អ្នក​គាំទ្រ Ultra Siem Reap ​ផង​ដែរ ​។

ដោយ​ក្រុម​អ្នក​គាំទ្រ​ Ultra ​នេះ ​ក្លឹប​ផ្សេង​ៗ​ហាក់​ដូច​ជា​មិន​ទាន់​អាច​បង្កើត​បាន​នៅ​ឡើយ​ទេ សូម្បី​តែ​ជម្រើស​ជាតិ​កម្ពុជា​ក៏​មិន​ទាន់​មាន​ជា​ផ្លូវ​ការ​ផង។ ពាក្យ​ថា​Ultra ​នេះ គឺ​សំដៅ​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ ​ដែល​ស្រលាញ់​ក្លឹប​ពិត​ប្រាកដ ​មាន​ការ​គាំទ្រ​ដោយ​មិន​គិត​ពី​ជ័យជម្នះ ​និង​ទៅ​គាំទ្រ​គ្រប់​ទី​កន្លែង ​អម​ជាមួយ​សំលៀក​បំពាក់​និង​កន្សែង​ដូច​ៗ​គ្នា​ផង​ដែរ។

ដើម្បី​តាំង​ខ្លួន​ជា​ក្លឹប​អាជីព​មួយ ​ក្លឹប​សូលទីឡូ​អង្គរ ​ក៏​កំពុង​តែ​ជ្រើសរើស​ថ្នាល​យុវជន​របស់​ខ្លួន ​ព្រោះ​ក្លឹប​មួយ​ខ្លាំង​បាន​ទាល់​តែ​មាន​ថ្នាល​ល្អ ​គ្រប់​កម្រិត​ដើម្បី​អភិវឌ្ឍ​យុវជន​ទៅ​ថ្ងៃ​អនាគត៕

អត្ថបទ៖ មុន្នីរម្យ