ប្រធានមន្ទីរអប់រំខេត្តប៉ៃលិន អរគុណក្រុមតេក្វាន់ដូ ITF លើកមុខមាត់ខេត្តក្រោយឈ្នះមេដាយ
- 2019-12-03 02:45:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានមន្ទីរអប់រំខេត្តប៉ៃលិន អរគុណក្រុមតេក្វាន់ដូ ITF លើកមុខមាត់ខេត្តក្រោយឈ្នះមេដាយ
ចន្លោះមិនឃើញ
ប្រធានមន្ទីរអប់រំខេត្តប៉ៃលិន ថាអរគុណចំពោះការខំប្រឹងប្រែងហ្វឹកហាត់ និងចំណាយពេលផ្ទាល់ខ្លួនចូលរួមប្រកួតរហូតឈ្នះមេដាយ ៩គ្រឿង ជាការលើកមុខមាត់ខេត្តជាខ្លាំងក្នុងកម្មវិធីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នេះ។
លោក តង់ ធារ៉ា បានឲ្យដឹងថា ជាមោទនភាពខ្លាំងសម្រាប់ខេត្តប៉ៃលិនដែលឆ្នាំ២០១៩ ទទួលបានមេដាយជាច្រើនគ្រឿងបែបនេះ។ ក្នុងនាមជាថ្នាក់ដឹកនាំកីឡាម្នាក់ ពិតជាមានចិត្តត្រេកអរជាខ្លាំងនូវសមិទ្ធផលទាំងនេះ យ៉ាងណាមិញ លោកក៏មិនភ្លេចអរគុណឡើយពីការខំប្រឹងប្រែងទាំងកាយចិត្ត ហ្វឹកហាត់ និងប្រកួតប្ដូរផ្ដាច់រហូតឈ្នះមេដាយពីសំណាក់កីឡាករ។ អរគុណចំពោះអាណាព្យាបាលទាំងអស់ដែលអនុញ្ញាតឲ្យកីឡាករ កីឡាការិនីទាំងអស់នេះបានចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។
តាមរយៈជ័យជម្នះនេះដែរ តំណាងខេត្តប៉ៃលិនខាងលើនេះក៏ផ្ដល់ថវិកាលើកចិត្តមួយចំនួនផងដែរដល់ក្រុមកីឡាករ កីឡាការិនី រួមនិងគ្រូបង្វឹកតេក្វាន់ដូ ITF ប្រចាំខេត្តមួយនេះ។ ចំពោះសក្ដានុពលផ្នែកកីឡាទាំងនេះគឺបានការយកចិត្តទុកដាក់ ពីឯកឧត្ដមអភិបាលខេត្តប៉ៃលិនតែម្ដង ដែលលោកតែងតែជួយជ្រោមជ្រែងជានិច្ចចំពោះចលនាកីឡានានាពេលកន្លង។
រំលឹកដែរថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ ITF ឆ្នាំ២០១៩ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ នេះបានបញ្ចប់ទៅហើយ។ ចំពោះខេត្តប៉ៃលិនវិញឈ្នះមេដាយសរុប ៩គ្រឿង ក្នុងនោះមាស៤ ប្រាក់១ និងសំរឺទ្ធ៤ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ចំណោម១៨ក្លឹបចូលរួម៕