ដាក់ដាំ មិនត្រឹម​តែស្អាត តែ​មាន​រឿងរ៉ាវ​ច្រើនទៀត ដែល​អ្នកគួរទៅ​ទស្សនា!

  • 2020-02-10 07:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដាក់ដាំ​ គឺជាឈ្មោះឃុំមួយដែលប្រជុំទៅដោយជនជាតិភាគតិចពូនងរស់នៅ។ ឃុំនេះស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានចម្ងាយ​ប្រមាណ ១៦គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីក្រុង​សែនមនោរម្យ។

ត្រឹមតែជាឃុំតូចមួយប៉ុណ្ណោះ ប៉ុន្តែដាក់ដាំ មានឈ្មោះល្បីរន្ទឺ តាមរយៈវិស័យកសិកម្ម ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍។ សព្វថ្ងៃនេះ ជនជាតិដើមភាគតិចពូនង ដែលរស់នៅតំបន់ដាក់ដាំ ភាគច្រើនប្រកបរបរកសិកម្ម ដាំស្រូវ ដាំបន្លែ ចិញ្ចឹមសត្វ និងរកអនុផលព្រៃឈើ។

ទិដ្ឋភាពពីខាងលើ នៅផ្នែកមួយនៃ​ឃុំដាក់ដាំ

បច្ចុប្បន្ន បើទោះបីជា​ជនជាតិដើមភាគតិច​បានផ្លាស់ប្ដូររបៀបរបប​រស់នៅខ្លះក៏ដោយ ប៉ុន្តែពួកគាត់នៅតែរក្សាបានប្រពៃណីវប្បធម៌របស់ខ្លួននៅដដែល ក្នុងនោះមានដូចជា ភាសា ម្ហូបអាហារ និងពិធីសែនព្រេនជាដើម។ នៅតាមផ្ទះនីមួយៗ មានតាំងពាងបុរាណ ផ្លែឃ្លោក និងឃ្មោះ ដែល​ជា​វត្ថុដ៏​មានតម្លៃ​សម្រាប់ជនជាតិភាគតិច។

នៅក្បែរសហគមន៍ឃុំដាក់ដាំ ភ្ញៀវទេសចរក៏អាច​ទៅកម្សាន្តទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថា ទឹកធ្លាក់ដាក់ដាំ ឬទឹកធ្លាក់ជ្រៃធំ។ទឹកធ្លាក់នៅទីនោះ មិនត្រឹមតែបម្រើឲ្យវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាប្រភពទឹកសម្រាប់ស្រោចស្រប់ចម្ការដំណាំគ្រប់ប្រភេទប្រចាំតំបន់នេះផងដែរ។

ភ្ញៀវទេសចរ​ថតរូប​នៅ​ទឹកជ្រោះ​ដាក់ដាំ

ក្រៅពីទាក់ទាញទេសចរណ៍តាមរយៈវិស័យកសិកម្ម វប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ ជនជាតិដើមភាគតិចបានចងក្រងគ្នាបង្កើតជាសហគមន៍មួយ ដែលបានរៀបចំជាផ្ទះស្នាក់ សម្រាប់​បម្រើសេវាកម្មទេសចរណ៍ថែមទៀតផង។

ផ្ទះស្នាក់នៅសហគមន៍ទេសចរណ៍ដាក់ដាំ

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕