កាន់តែលឿនជាងមុន! ទិញទំនិញនៅ​ឡាក់គី អាចទូទាត់​បាន តាមរយៈបច្ចេកវិទ្យា Contactless!

  • 2020-03-31 08:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក នៅថ្ងៃនេះបានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី ដែលមានផ្សារទំនើបឡាក់គី ឡាក់គីអ៊ិចប្រេស ឡាក់គីព្រីមៀម និង ហ្គាឌៀន ដោយដាក់ឲ្យមានការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈ Contactless នៅគ្រប់សាខាទូទាំងប្រទេស។ ជាមួយនឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អ្នកទិញឥវ៉ាន់ អាចទូទាត់ថ្លៃទំនិញនៅកន្លែងគិតប្រាក់ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាស្រេច ដោយមិនចាំបាច់ប្រើវិធី "ស៊ក" ដូចមុននោះឡើយ។

ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ គឺយើងផ្តល់ជូនអតិថិជននូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញរបស់ពួកគាត់ ចំណែកផ្សារទំនើបឡាក់គីវិញ ការដាក់ឲ្យប្រើប្រាស់ការទូទាត់ តាម​រយៈបច្ចេកវិទ្យា Contactless នឹងជួយឲ្យដំណើរការទូទាត់លឿនជាងមុន កាត់បន្ថយពេលវេលាតម្រង់ជួរ រង់ចាំគិតប្រាក់ និងប្រសិទ្ធភាពនៃប្រតិបត្តិការកាន់តែប្រសើរជាងមុន។ ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ក៏មានផងដែរ នៅហាងសុខភាពនិងសម្រស់ Guardian Lucky Premium និង Lucky Express ដែលអាជីវកម្មទាំងបីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន DFI Lucky Private Limited ។

មធ្យោបាយថ្មីដែលប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ការទូទាត់ Contactless ធ្វើឲ្យមានភាពងាយស្រួលទៅដល់ម្ចាស់កាត ក៏ដូចជាពាណិជ្ជករ និងបុគ្គលិករបស់ពួកគេ ហើយយើងជឿជាក់ថាការកើនឡើងនូវភាពសាមញ្ញនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលនិយាយដល់ការចំណាយប្រចាំថ្ងៃរបស់អតិថិជន។ យើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយផ្សារទំនើបដ៏ធំនឹងពេញនិយមបំផុតដូចជាផ្សារឡាក់គី ដើម្បីដាក់ឲ្យដំណើរការបច្ចេកវិទ្យានៅតាមហាងរបស់ពួកគេនៅទូទាំងប្រទេស។ ជាមួយនឹងការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នេះ អតិថិជនអាចរីករាយទិញទំនិញ និងទទួលយកបទពិសោធទូទាត់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែងាយស្រួលជាងមុន”។

ចាប់ពីដើមខែមីនា រហូតដល់ចុងខែមេសា ម្ចាស់កាតដែលប្រើការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅផ្សារទំនើបឡាក់គី ហាងសុខភាពនិងសម្រស់ Guardian ផ្សារទំនើបឡាក់គីព្រីមៀម (Lucky Premium) ឬឡាក់គីអ៊ិចប្រេស ចំណាយចាប់ពី ២០ដុល្លារ នឹងទទួលបានប័ណ្ណទិញទំនិញមានតម្លៃជាសាច់ប្រាក់ ៣ដុល្លារ សម្រាប់ការទិញទំនិញលើកក្រោយ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមអញ្ជើញមកមើលកន្លែងលក់នីមួយៗដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានលម្អិត។

លោក ស្តេហ្វាន ផាររិនតេ ជានាយកគ្រប់គ្រង់ជាន់ខ្ពស់ នៃក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី បាននិយាយថា៖ “ក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី យើងគឺផ្តោតការយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មល្អៗ ហើយផ្នែកមួយដែលយើងគិតគូផងដែរនោះ គឺការធានាផ្តល់ជូននូវការទូទាត់ដ៏មានប្រសិទ្ធិភាពបំផុត។ ភាពជាដៃគូជាមួយវីសានេះ នឹងអនុញ្ញាតឱ្យយើងផ្តល់ជូនអតិថិជននូវបទពិសោធន៍កាន់តែងាយស្រួលនៅកន្លែងគិតប្រាក់ ដូច្នេះអតិថិជនអាចចំណាយពេលតម្រង់ជួរចាំតិចជាងមុន និងរីករាយក្នុងការចំណាយពេលបានច្រើនជាងមុននៅផ្ទះ ដើម្បីប្រើប្រាស់ទំនិញរបស់ពួកគេជាមួយនឹងគ្រួសារ” ។

ការទូទាត់មិនប្រើសាច់ប្រាក់បែប Contactless អាចឲ្យម្ចាស់កាតធ្វើការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន កាតឥណពន្ធ និងកាតបង់ប្រាក់ របស់វីសា ដែលចេញដោយធនាគារ ដោយគ្រាន់តែ “ដាក់កាតនៅពីលើម៉ាស៊ីនឆូតកាត” រួចជាស្រេច។ អតិថិជនមិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់រហូតដល់ ៥០ដុល្លា ហើយចំពោះប្រតិបត្តិការដែលលើសពី ៥០ដុល្លាឡើងទៅ គឺតម្រូវឲ្យចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំៗនៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាម រយៈប្រព័ន្ធអេឡិចត្រូនិចក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា ចុងក្រោយរបស់វីសា អំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន តាមរយៈការស្ទង់មតិ ៤ នាក់ ក្នុងចំណោមមនុស្ស៥នាក់ (ស្មើនឹង៧៩ភាគរយ) មានអារម្មណ៍សុទិដ្ឋិនិយមសម្រាប់ការប្រើប្រាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ នៅតាមហាងលក់ទំនិញ និងផ្សារទំនើបធំៗនាពេល អនាគត។ ទន្ទឹមនឹងនេះ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់កាតដែលទូទាត់តាមរយៈ Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់បែប Contactless។

អ្នកស្រី ជុំ ម៉ូនីកា បានបន្តទៀតថា៖ “ការសហការរបស់យើងជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា ដើម្បីផ្តល់ជូនអតិថិជននូវមធ្យោបាយទូទាត់ប្រាក់ឲ្យកាន់តែសម្បូបែប នៅតាមទីតាំងជាច្រើនជាងពេលណាៗទាំងអស់។ បច្ចុប្បន្នយើងកំពុងធ្វើការជាមួយអាជីវករដទៃទៀត ទៅតាមប្រភេទផលិតផល និងអាជីវកម្ម ដើម្បីជម្រុញឲ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចទទួលបានសេវាកម្មទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះ នៅតាមបណ្តាហាងលក់រាយ និងហាងទំនើបដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ»៕

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ visa.com/blog និង @VisaNews ៕

ព័ត៌មានបន្ថែម សូមទាក់ទងមក៖ ត្រាង ង្វៀន (Trang Nguyen) ក្រុមហ៊ុន Visa Worldwide Pte. Limited ទូរស័ព្ទ ៖ (84) 28 3520 7439 អ៊ីម៉ែល ៖ trang.nguyen@visa.com

គ្រី សុវណ្ណារី ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc. ទូរស័ព្ទ ៖ (855) 11 733 368 អ៊ីម៉ែល ៖ nary@reddot.com.kh