Bill Gates ថាអាមេរិកត្រូវអនុវត្តន៍ ៣ចំណុចធំៗ ដើម្បីឆ្លងផុតការផ្ទុះជំងឺកូវីដ១៩

  • 2020-04-01 09:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហ​ស្ថាបនិក​ Microsoft លោក Bill Gates បាន​លើក​ឡើង​​ផែនការ​ ៣ ចំណុច​ ដែល​អាច​ឲ្យ​សហរដ្ឋអាមេរិក​ឆ្លង​ផុត​នូវ​​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។

ក្នុង​អត្ថបទ​ដែល​​លោក Bill Gates រួម​ចេញ​ផ្សាយ​ជា​មួយ The Washington Post កាល​ពី​ថ្ងៃ​អង្គារ ​លោក​បាន​ធ្វើ​ការ​ណែនាំ​ដោយ​ផ្អែក​លើ​ការ​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ​ដែល​លោក​ធ្លាប់​ឆ្លង​កាត់​តាម​រយៈ​ការងារ​នៅ​មូលនិធិ​ Gates Foundation ដែល​មូលនិធិ​នេះ​គឺ​ឧបត្ថម្ភ​ដល់​ការ​​ស្រាវជ្រាវ​ស្វែង​រក​ថ្នាំ​​ព្យាបាល​​ជំងឺ​កូវីដ​១៩។

លោក Bill Gates ​បាន​និយាយ​ថា​ចំណុច​ដំបូង​គឺ​ការ​មិន​ផ្លាស់​ប្ដូរ​លើ​ការ​បិទ​ប្រទេស​ដែល​កំពុង​តែ​អនុវត្តន៍​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ នៅ​ទូទាំង​ប្រទេស។ លោក​បាន​បញ្ជាក់​ថា​​នៅ​មាន​រដ្ឋ​មួយ​ចំនួន​ដែល​មិន​ទាន់​អនុវត្តន៍​វិធានការ​បិទ​នៅ​ឡើយ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ។

មហាសេដ្ឋី​រូប​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ និង​ផ្ដល់​សិទ្ធ​អាទិភាព​ច្បាស់​លាស់​ដល់​​​ពលរដ្ឋ​ណា​ដែល​ត្រូវ​ធ្វើ​តេស្ត​មុន​គេ ដោយ​អាទិភាព​គឺ​ត្រូវ​ផ្ដល់​ដល់​បុគ្គលិក​វិស័យ​សុខាភិបាល​ និង​​កម្លាំង​សំខាន់ៗ​ដទៃ​ទៀត។

ចំណុច​ចុង​ក្រោយ​គឺ​ការ​​​​ស្រាវជ្រាវ​អភិវឌ្ឍ​​ស្វែង​រក​នូវ​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ដោយ​ត្រូវ​ភ្ជាប់​ជា​មួយ​ទិន្នន័យ​ត្រឹម​ត្រូវ ​ហើយ​ថ្នាក់​ដឹក​នាំ​ត្រូវ​ចូល​រួម​ចំណែក​ជួយ​ដោយ​មិន​ត្រូវ​បញ្ចេញ​ជា​ពាក្យ​ចចាមអារ៉ាម​មិន​ច្បាស់​លាស់​ ឬ​ការ​បំភិតបំភ័យ​នោះ​ឡើយ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង