អាយុ​៦​ឆ្នាំ​ជក់​បារី​លួច​គេ ឥឡូវ​ជា​ខ្សែ​ប្រយុទ្ធ​ល្បី Man Utd ​ចង់​បាន​ជំនួសតំណែង Lukaku

  • 2020-04-08 08:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ក្មេង Arkadiusz Milik ត្រូវ​បាន​ឪពុក​បង្កើត​បោះបង់​ចោល ទុក​ឱ្យ​រស់​នៅ​ជាមួយ​ម្ដាយ ក្នុង​ទី​ក្រុងតូច Tychy ប្រទេស​ប៉ូឡូញ។ ​អាយុ​៦​ឆ្នាំ ​ក្មេង​ប្រុស​ម្នាក់​នេះ បាន​ប្រព្រឹត្តិ​អំពើ​មិន​គប្បី​ជាច្រើន​​ដូចជា ជក់​បារី លួច​ឥវ៉ាន់​តាម​ហាង និង​ជា​ក្មេង​ចចេស។ យ៉ាងណា​ Milik ត្រូវ​បាន​គ្រូ​បង្វឹក​ប៉ូឡូញ​ម្នាក់ មើល​ឃើញ​ពី​ទេពកោសល្យ និង​បាន​ជួយ​រូប​គេ​​ឱ្យ​សម្រេច​ក្ដី​សុបិន ក្លាយ​ជា​កីឡាករ​បាល់​ទាត់​អាជីព​ម្នាក់។

ទេពកោសល្យ ការ​ខិតខំ​ប្រឹងប្រែង និង​មាន​ភាព​ឆ្លាត​វ័យ​ឆ្លាត​លើ​ទីលាន ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​ប៉ូឡូញ​វ័យ​២៦​ឆ្នាំ ត្រូវ​បាន​លោក  Ole Gunnar Solskjaer អ្នកចាត់ការ​ក្រុម Manchester United ចង់​បាន​មក​ជំនួស​តំណែង Romelu Lukaku។

បើ​តាម​ការ​ចុះផ្សាយ​របស់ The Sun លោក Ole គ្រោង​ចំណាយ ៦០​ លាន​ផោននាំ​យក​ជម្រើស​ជាតិ​ប៉ូឡូញ​នេះ ​មក​ទឹក​ដី Old Trafford ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ បើក​នៅ​រដូវ​ក្ដៅ​ខាង​មុខ។ ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះ​ៗ​របស់ Milik៖

ក្មេង​រឹង​ទទឹង

លោក Sławomir 'Moki' Mogilan ដែល​បាន​បង្ហាត់​ Milik បាន​ឱ្យ​ដឹង​ថា ៖«នៅ​អាយុ​៦​ឆ្នាំ គាត់​ជា​ក្មេង​អសីលធម៌ ជក់​បារី និង​លួច​ស្ករ​គ្រាប់​ក្នុង​ហាង»។

Moki បាន​ណែនាំ​ Milik ឱ្យ​ទៅ​តាម​សក្ដានុពល​របស់​គេ។ ចំណែក Milik ផ្ទាល់ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា លោក Moki ជួយ​ជីវិត​របស់​គេ​ដូច​គ្នា។

ចង់​លេង​នៅ UNITED និង LEWANDOWSKI

ខ្សែ​ប្រយុទ្ធ​រូប​នេះ​គាស់កកាយថា គេ​មាន​ក្ដី​សុបិន​ចង់​លេង​នៅក្រុមបិសាចក្រហម Manchester United។

“ខ្ញុំ​ជា​អ្នកគាំទ្រ​របស់ Red Devil ដូច្នេះ​ខ្ញុំ​ចង់​លេង​នៅ Old Trafford ថ្ងៃ​ណា​មួយ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​ជា​កីឡាករ​របស់ Bayer Leverkusen ហើយ​ខ្ញុំ​ពិត​ជា​ឆ្ងាយ​ពី Manchester ខ្លាំង​ណាស់"។ ​

ចំណែក​ដៃ​គូ​ប្រយុទ្ធ​ដែល​ Milik ចង់​លេង​ជាមួយ​​គឺ​ Robert Lewandowski ព្រោះ​កីឡាករ​អាល្លឺម៉ង់​រូប​នេះ ក៏​ត្រូវ​បាន​គេ​ភ្ជាប់​ថា​នឹង​ផ្លាស់​ទៅ​លេង Premier League ដែរ​កាល​ពី​មុន​។ ​

ធ្លាប់​ទៅ SPURS និង Reading តែ​បរាជ័យ

ងាក​ទៅ​ឆ្នាំ​២០១១ Milik ត្រូវ​បាន​គេ​រាយការណ៍​ថា ជិះ​រថភ្លើង​ទៅ​ក្លឹប Tottenham ក្រោមការ​ឃ្លាំ​មើល​របស់​អ្នកចាត់ការ​ផ្នែកបាល់ទាត់​អង់គ្លេស​លោក Harry Redknapp។ ប៉ុន្តែ​ក្រោយ​បរាជ័យ​ធ្វើ​ឱ្យ​ក្រុមគ្រូ​បង្វឹក Spurs ចាប់​អារម្មណ៍ ក្លឹប​មាន់​ខ្នាយ​មាសក៏​សម្រេច​ចិត្ត​ផ្ដល់​ប្រាក់ ១ សែន​ផោន​ដល់​ក្លឹប Rozwój Katowice របស់ Milik (កាលនោះលេងជាយុវជន)។ ចំណែក​​ក្លឹប​ការ​ទៅ​ក្លឹប Reading ក៏​បរាជ័យ​ដូច​គ្នា។

ជោគជ័យ​នៅ​ក្លឹប BAYER LEVERKUSEN

Milik ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ក្លឹប BAYER LEVERKUSEN ក្នុង​រដូវ​កាល​ទី​២​របស់​គេ​ក្នុង​នាម​ជា​កីឡាករ​អាជីព។ ឆ្នាំ​២០១២-២០១៣ គេ​រក​គ្រាប់​បាល់​បាន ៨​គ្រាប់ ក្នុង​១៥​ប្រកួត។ ប៉ុន្តែ​គេ​បាន​បរាជ័យ​នៅ​ទឹកដី​អាល្លឺម៉ង់ បន្ទាប់​ពី LEVERKUSEN ឱ្យ FC Augsburg​ ខ្ចី​ជើងក្នុង​ឆ្នាំ​២០១៣-២០១៤ ដោយ​រូប​គេ​​រក​បាន​២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​២០​ប្រកួត​។ ​

មិន​អាច​រក​គ្រាប់​បាល់​​បាន ក្នុង​ឆ្នាំ​ ២០១៤-២០១៥ Milik ក៏​ត្រូវ​​ក្លឹប​ឱ្យ Ajax ខ្ចី​ជើង​បន្ត តែ​គេ​ធ្វើ​បាន​ល្អ​គួរ​សម ដោយ​រក​បាន​១១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ២១​ប្រកួត។

រីក​មុខមាត់​ឡើង​វិញ​នៅ​ក្លឹប Ajax

ឆ្នាំ​ ២០១៥-២០១៦ Milik ត្រូវ​បាន​ Ajax យក​មក​ជំនួស Kolbeinn Sigþórsson ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​លេខ​៩។ ពេល​នោះ​ហើយ​ឆ្អឹង​របស់ Milik ចាប់​​អណ្ដែត​ឡើង​វិញ ដោយ​ពីរ​រដូវកាល​គេ​អាច​រក​បាន​ ៤៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៧៥​ប្រកួត។

​ក្លឹប NAPOLI ចាប់​អារម្មណ៍

ក្រោយ​ទទួល​បាន​ផ្លែ​ផ្កា​មួយ​ឆ្នាំ​នៅ​ហុល្លង់ ​កន្លែង​ធ្វើ​ឱ្យ​គេ​​មាន​ភាព​ល្បីល្បាញ​​​លើ​ឆាក​​អឺរ៉ុប បន្ទាប់​​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​ក្នុង​ការប្រកួត Europa League ស្រាប់តែក្លឹប​នៅ​អ៊ីតាលី Napoli ចាប់​ផ្ដើម​ចែចូវ។ Napoli បាន​ចំណាយ​ប្រាក់ ៣២​លាន​ផោន​​លើ​រូប​គេ ដោយ​សង្ឃឹម​នឹង​ជួយ​ក្រុម​​ឈ្នះ Juventus ក្លាយ​ជា​ក្លឹប​កំពូល​នៅ​អ៊ីតាលី។

រដូវ​កាល​​មុន Milik រក​បាន​ ២០​គ្រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់ ចំណែក​រដូវ​កាល​នេះ គេ​រក​បាន​ ១២​គ្រាប់ គ្រប់​ការ​ប្រកួត​ទាំងអស់ មុន​កើត​មាន​វិបត្តិ​វីរុស​កូរ៉ូណា ផ្អាកគ្រប់ការប្រកួតទាំងអស់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ