ត្រឹម​១​ថ្ងៃសោះ! គ្រួសារ ព្រាប សុវត្ថិ និង​ឆាយ វីរៈយុទ្ធ ជួប​ទុក្ខ​ធំ​ដូច​គ្នា

  • 2020-05-07 02:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​ចាស់ ឈឺ ស្លាប់​ជា​រឿង​របស់​ធម្មជាតិ​គ្មាន​នរណា​ជៀស​បាន​ឡើយ ហើយ​នៅ​ថ្ងៃ​ទី ៥ ឧសភា ២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​រឿង​ទុក្ខ​សោក​ជួន​គ្នា​រវាង​គ្រួសារ​តារា​ចម្រៀង ព្រាប សុវត្ថិ និង​តារា​ចម្រៀង ឆាយ វីរៈយុទ្ធ បាន​ជួប​ទុក្ខ​ធំ​ដោយ​បាត់​បង់​សាច់​ញាតិ​ម្នាក់​ដូច​គ្នា។

ក្រុម​គ្រួសារ​លោក ព្រាប សុវត្ថិ ត្រូវ​បាន​គេ​ដឹង​ថា បាន និង​កំពុង​រង​ទុក្ខ​ក្រៀម​ក្រំ​ដោយ​សារ​តែ​លោក​យាយ​របស់​កំពូល​តារា​ចម្រៀង​បាន​ទទួល​អនិច្ចកម្ម​ដោយ​សារ​រោគាពាធ និង​ជរាពាធ។ មិន​ទាន់​មាន​ព័ត៌មាន​ពី​ឈ្មោះ និង​អាយុ​ឧបាសិកា​ដែល​ចែក​ឋាន​នៅ​ឡើយ។

យ៉ាង​ណា ដំណឹង​នេះ ត្រូវ​បាន​ចែកចាយ​ដោយ​ផ្ទាល់​ដោយ​កូន​ប្រុស​របស់​តារា​ចម្រៀង​ហង្សមាស​នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួក​គេ ហើយ​ភ្លាម​ៗ គេ​ឃើញ​មាន​មិត្តភ័ក្តិ និង​ប្រិយមិត្ត​អ្នក​គាំទ្រ​ក្រុម​គ្រួសារ​តារា​ចម្រៀង​នេះ​ជា​ច្រើន​អ្នក បាន​ចូល​រួម​ផ្ញើ​សារ​រំលែក​ទុក្ខ​រៀង​ៗខ្លួន​ទៅ​ក្រុម​គ្រួសារ​សព ក្នុង​នោះ​ក៏​ឃើញ​មាន​មិត្ត​រួម​អាជីព​ជាមួយ​លោក ព្រាប សុវត្ថិ មួយ​ចំនួន​ផង ក៏​បាន​ចូល​មក​ចែក​រំលែក​ទុក្ខ​ដែរ។

ងាក​មក​លោក ឆាយ វីរៈ​យុទ្ធ ក៏​ដូច​គ្នា ពោល​គឺ​លោក​ក៏បាន​បាត់​បង់​លោក​យាយ​ម្នាក់​ដែរ។ តារា​ប្រុស​សាន់ដេ ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ IG របស់​លោក។ លោក​សរសេរ​ថា "លោក​យាយ បង្កើត របស់​ខ្ញុំ​បាទ​ឧបាសិកា វ៉ា បុប្ផា បាន​ទទួល​អនិច្ចកម្ម​ក្នុងជន្មាយុ ( ១០៥ឆ្នាំ ) ថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ៤២នាទី រសៀល"។

សព​ឧបាសិកា វ៉ា បុប្ផា ដែល​ជា​ជីដូន​បង្កើត​របស់​លោក ឆាយ វីរៈ​យុទ្ធ បាន​តម្កល់​នៅ​គេហដ្ឋាន​ឪពុក ម្តាយ នៅ​ស្រុក​កំណើត​តារា​ចម្រៀង​តែ​ម្ដង ស្ថិត​នៅ​ក្នុង​ភូមិ​ពោធិ​សាលា​២ ឃុំ​ព្រែកក្របៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម៕

អត្ថបទ៖ ទារិកា