មកស្វែងយល់ពីបច្ចេកវិទ្យាសាកថ្មឥតខ្សែ NFC កំពុងពេញនិយម

  • 2020-05-08 03:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ជាពិសេសលើវិស័យបច្ចេកវិទ្យាតែម្តង។ ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សសព្វថ្ងៃនេះ គឺពឹងផ្អែកស្ទើរតែទាំងស្រុង ទៅលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដែលធ្វើឱ្យជីវិតពួកគេមានភាពងាយស្រួលក្នុងការរស់នៅ បំពេញការងារ ប្រកបមុខរបស់អាជីវកម្មផ្សេងៗ ជាមួយគ្នានេះដែរឧបករណ៍ទាំងអស់នោះ ត្រូវការថាមពលដើម្បីប្រើប្រាស់ផងដែរ។

កាលពីពេលថ្មីៗនេះ NFC Forum បានធ្វើការផ្សព្វផ្សាយទាក់ទងទៅនឹងការអនុម័ត ឱ្យមានសមត្ថភាពសាកថ្មឥតខ្សែ សម្រាប់ឧបករណ៍អេឡិចត្រូនិកដែលប្រើប្រាស់ថាមពលថ្មតិចតួច មានដូចជា នាឡិកាឆ្លាតវៃ (smart watch) និង ប៊ិចសម្រាប់ tablet ជាដើម។ ដើម្បីសាកថ្មឧបករណ៍តាមរយៈ NFC លោកអ្នកអាចប្រើជាមួយទូរសព្ទស្មាតហ្វូន ដែលមានបច្ចេកវិទ្យា NFC ឬឧបករណ៍ NFC ក៏បាន។

បច្ចេកវិទ្យានេះអាចធ្វើការផ្ទេរថាមពលរហូតដល់ ១វ៉ាត់ និងប្រើប្រេកង់ជាមូលដ្ឋាន ១៣.៥៦ MHz ជាមួយនឹងអានុភាពនៃតភ្ជាប់របស់ NFC ដើម្បីធ្វើការគ្រប់គ្រងទៅលើការផ្ទេរថាមពល ដែលការដំឡើងនេះធ្វើឱ្យមានភាពល្អប្រសើរដល់អ្នកប្រើប្រាស់ ព្រោះវាមិនទាមទាឱ្យលោកអ្នក ដាក់ឧបករណ៍ត្រូវគ្នាយ៉ាងល្អនោះទេដើម្បីសាកថ្ម ដែលផ្ទុយពីបច្ចេកវិទ្យាផ្សេងៗទៀតមានដូចជា Qi ជាដើម។

ទោះបី NFC Forum ទើបតែអនុម័តការប្រើប្រាស់សាកថ្មតាមរយៈ NFC ក៏ដោយក៏មានក្រុមហ៊ុនខ្លះបាននិងកំពុង សាកល្បងប្រើបច្ចេកវិទ្យានេះផងដែរ។ ជាឧទាហរណ៍ ក្រុមហ៊ុន Samsung បានប្រើបច្ចេកវិទ្យានេះជាមួយនាឡិកា Galaxy Fit ព្រោះហេតុនេះហើយបានជាអ្នកប្រើប្រាស់ពុំអាចសាកថ្ម Galaxy Fit ជាមួយទូរសព្ទស្មាតហ្វូន Samsung បាន ដោយសារថា ទូរសព្ទទាំងនោះបានប្រើបច្ចេកវិទ្យា Qi ដែលជាប្រព័ន្ធបច្ចេកវិទ្យាផ្សេងមួយទៀត។

គួររំឭកផងដែរថា NFC Forum គឺជាសមាគមន៍ឧស្សាហកម្មមួយដែលបង្កើតឡើងដោយមិនយកប្រាក់កម្រៃ តាំងពីឆ្នាំ២០០៤ មកម្លេះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងការចែករំលែកគ្នាទៅវិញទៅមក និងធ្វើឱ្យមានភាពប្រាកដប្រជា ក្នុងកិច្ចសហការរវាងឧបករណ៍និងសេវាកម្ម ព្រមទាំងធ្វើការអប់រំអំពីបច្ចេកវិទ្យា NFC ទៅលើទីផ្សារអ្នកប្រើប្រាស់ផងដែរ៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី