ហត់នឿយខ្លាំង មេឃក៏ក្ដៅខ្លួនប្រាណស្ពឹកស្រពន់! ចលនាងាយៗធ្វើនៅផ្ទះ រាងកាយអ្នកត្រូវការបំផុត

  • 2020-05-16 04:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំឡុងប៉ុន្មានខែនេះ មេឃចាប់ផ្ដើមក្ដៅឡើងៗ ភាគច្រើនមិនសូវមានអ្នកណាចង់ចេញក្រៅនោះទេ។ នៅតែផ្ទះយូរៗទៅ អាចក្លាយទៅជាខ្ជិលស្ពឹកស្រពន់មិនខាន។ ដើម្បីឲ្យសុខភាពមាំមួន ចរន្តឈាមដើរស្រួល តែមិនចាំបាច់ហាត់ប្រាណ មោះមកសាកល្បងចលនាងាយៗខាងក្រោមនេះ រាងកាយអ្នកត្រូវការបំផុត។

១. សម្រាកឲ្យបានទៀងទាត់ ពីការអង្គុយនៅមុខកុំព្យូទ័រ ឬមើលទូរទស្សន៍ គួរក្រោកឡើងផ្លាស់ប្ដូរទីតាំង លើកដៃលើកជើង ឬដើរទៅញ៉ាំទឹកក៏អាចជាចលនាជួយឲ្យចរន្តឈាមដើរស្រួលផងដែរ។

២. ចាក់ចម្រៀង រាំលេងកម្សាន្តនៅផ្ទះ ពេលអ្នកកំពុងធ្វើម្ហូប ឬពេលអប់សុខ បានទាំងកម្សាន្ត បានទាំងសុខភាព បើអ្នកចូលចិត្តរាំលេង ច្បាស់ណាស់សុខភាពអ្នកអាចនឹងរឹងមាំនៅតាមនឹងដែរ។

៣. ថែសួន៖ ប្រសិនផ្ទះរបស់អ្នកមានទីធ្លាខាងក្រោយ អ្នកអាចចាប់ផ្ដើមដាំដំណាំ ឬដាំផ្កាដើម្បីឲ្យមានអារម្មណ៍ស្រស់ស្រាយ ព្រមទាំងជាពលកម្មដ៏ល្អ ទាំងផ្លូវកាយ និងចិត្ត។

៤. ដើរលេង៖ អ្នកអាចដើរលេងនៅជុំវិញផ្ទះ ឬជិះកង់ជាមួយក្មេងៗនៅតាមភូមិ ដោយសប្បាយរីករាយ។

៥. ចម្អិនអាហារ៖ ពេលទំនេរ អាចសាកល្បងរៀនធ្វើម្ហូបថ្មីៗ ប្លែកៗ អ្នកនឹងទទួលបានទាំងចំណេះដឹង ម្ហូបឆ្ងាញ់ ព្រមទាំងអាចបញ្ចេញញើសបានផងដែរ។

៦. រៀបចំផ្ទះ៖ ស្របពេលនេះ អាចរៀបចំសម្អាតផ្ទះ តុបតែងកន្លែងដាក់សម្ភារៈសារជាថ្មី រៀបចំគ្រឿងសង្ហារឹម ឲ្យមានសោភណភាពស្អាត ហេតុនេះមិនចាំបាច់ចេញទៅហាត់ប្រាណ ក៏អ្នកអាចកម្ដៅសាច់ដុំបានដែរ។

ដូច្នេះហើយដើម្បីកុំឲ្យ ខ្លួនប្រាណស្ពឹកស្រពន់ ក្លាយជាជំងឺនោះ អ្នកគួរតែមានចលនាខ្លះៗក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពល្អ ព្រមទាំងអារម្មណ៍សប្បាយរីករាយ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ NIDDK

ប្រភព៖ lifehack   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី