បន្ទះឈីប Samsung ថ្មីទើបចេញក្ដៅៗ មានម៉ាកទូរសព្ទផ្សេងយកប្រើមុនគេបាត់

  • 2020-05-26 04:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បង្ហាញ​ចេញ​បន្ទះ​ឈីប​​កម្រិត​កណ្ដាល​​ថ្មី Exynos 880 កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។ ពេល​នេះ​ស្មាតហ្វូន​ដំបូង​ដែល​ប្រើ​ឈីប​ថ្មី​នេះ ក៏​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ដែរ នោះ​គឺ vivo Y70s ដែល​វា​ជា​ស្មាតហ្វូន vivo ទី​បួន​ប្រើ​ប្រាស់​ឈីប Exynos របស់ Samsung។

vivo V70s ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 និង​ប្រើ​ប្រាស់​ស្បែក Funtouch 10.0។ បន្ទះ​ឈីប Exynos 880 គឺ​មាន​គាំទ្រ​នូវ​សេវា 5G ដែល​គួប​ផ្សំ​ជា​មួយ RAM ជម្រើស​ទំហំ ៦GB និង ៨GB ហើយ​មាន​អង្គ​ផ្ទុក​ទំហំ ១២៨GB។

អេក្រង់​របស់​វា​មាន​ទំហំ ៦,៥៣អ៊ីញ ជា​ប្រភេទ LCD អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FullHD+ និង​មាន​ចោះ​រន្ធ​តូច​លើ​អេក្រង់​សម្រាប់​បំពាក់​កាមេរ៉ា Selfie។ នៅ​ផ្នែក​ចំហៀង​គឺ​មាន​បំពាក់​ដោយ​ទ្រនាប់​ស្កេន​ម្រាម​ដៃ ហើយ​មាន​រន្ធ​បំពង​សំឡេង​បែប Stereo ផង​ដែរ។

ប្រព័ន្ធ​កាមេរ៉ា​ខាង​ក្រោយ​គឺ​មាន​បី​គ្រាប់ ដោយ​កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP, កាមេរ៉ា​ទី​ពីរ​ទំហំ ៨MP ជា​ប្រភេទ Ultrawide និង​កាមេរ៉ា​ទី​បី​ទំហំ ២MP ជា​កាមេរ៉ា​វាស់​ជម្រៅ។ កាមេរ៉ា​​មេ​មាន​សមត្ថភាព​ថត​វីដេអូ​បាន​កម្រិត 4K/30fps។ ចំណែក​កាមេរ៉ា​មុខ​ទំហំ ១៦MP អាច​ថត​វីដេអូ​បាន​កម្រិត 1080p។

ថ្ម​របស់ Y70s មាន​ទំហំ ៤៥០០ mAh ដែល​គាំទ្រ​ការ​សាក​​ថ្ម​ល្បឿន ១៨វ៉ាត់។ vivo ក៏​បាន​បង្អួត​អំពី​សមត្ថភាព​​លេង​ហ្គេម​ដ៏​ខ្លាំង​ក្លា​លើ Y70s ដោយ​សារ​ឈីប Exynos 880 មាន​ប្រើ​ប្រាស់ GPU Mali G-76 MP5។

ចំពោះ​ប្រភេទ RAM 6GB មាន​តម្លៃ​ប្រមាណ ២៨០ដុល្លារ ចំណែក​ប្រភេទ RAM 8GB មាន​តម្លៃ​ប្រមាណ ៣០៨ដុល្លារ ដែល​វា​នឹង​ចេញ​លក់​នៅ​ចិន​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មិថុនា៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង