ទូរសព្ទប្រើស៊ីម 5G បានពីរចេញជាផ្លូវការ តម្លៃចាប់ពី ២២៤ដុល្លារ

  • 2020-05-26 09:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Redmi ដែល​ជា​ម៉ាក​យីហោ​សាខា​របស់ Xiaomi បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​ត្រកូល 10X ដែល​មាន​ 10X 5G, 10X Pro និង 10X 4G។ ស្មាតហ្វូន 10X 5G និង 10X Pro គឺ​មាន​បំពាក់​ឈីប Dimensity 820 ​ស៊េរី​ថ្មី​របស់ Mediatek ដែល​គាំទ្រ​ការ​ប្រើ​ប្រាស់​សេវា 5G ពីរ​ស៊ីម​ក្នុង​ពេល​តែ​មួយ។

10X 5G និង 10X Pro គឺ​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ ៦,៥៧អ៊ីញ ប្រភេទ AMOLED អាច​បង្ហាញ​រូបភាព​កម្រិត​ Full HD+ និង​មាន​ក្បាល​ឆក​រាង​តំណក់​ទឹក​សម្រាប់​បំពាក់​កាមេរ៉ា Selfie ដែល​លើ 10X 5G មាន​ទំហំ ១៦MP និង 10X Pro មាន​ទំហំ ២០MP។

ផ្នែក​ខាង​ក្រោយ​របស់ 10X 5G និង 10X Pro មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ៤៨MP និង​កាមេរ៉ា Ultrawide ទំហំ ៨MP ដូច​គ្នា។ ប៉ុន្តែ​ប្រភេទ Pro មាន​បន្ថែម Telephoto ទំហំ ៨MP និង​កាមេរ៉ា Macro ទំហំ ៥MP បន្ថែម​ពី​លើ។

ស្មាតហ្វូន​ទាំង​ពីរ​ប្រើ​ប្រាស់​ឈីប​ Dimensity 820 ដែល​គួប​​ផ្សំ​នឹង RAM ទំហំ 6GB/8GB សម្រាប់ 10X 5G និង​ 10X Pro មាន RAM ទំហំ ៨GB។ ចំពោះ​អង្គ​ផ្ទុក​មាន​ទំហំ​ចាប់​ពី ៦៤GB ដល់ ២៥៦GB។ អំពី​ផ្នែក Software វិញ​គឺ​វា​ប្រើ​ប្រាស់ Android 10 ជា​មួយ​ស្បែក MIUI 12។ ថ្ម​របស់​ពួក​វា​មាន​ទំហំ ៤៥២០ mAh ដែល​អាច​សាក​ល្បឿន​ ២២,៥វ៉ាត់ សម្រាប់ 10X 5G និង​ ៣៣វ៉ាត់​ សម្រាប់ 10X Pro។

នៅ​ប្រទេស​ចិន​ការ​លក់​ផ្លូវ​ការ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១ ខែ​មិថុនា​សម្រាប់ 10X 5G ដែល​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ២២៤ដុល្លារ (6/64GB), ប្រមាណ​ ២៥២ដុល្លារ (6/128GB), ប្រមាណ ២៩៤ដុល្លារ (8/128GB) និង​ប្រមាណ ៣៣៦ដុល្លារ (8/256GB)។

ចំណែក​ 10X Pro វិញ​មាន​​​លក់​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា​ជា​មួយ​តម្លៃ​ប្រមាណ ៣២២ដុល្លារ (8/128GB) និង​ប្រមាណ ៣៦៤ដុល្លារ (8/256GB)៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង