អៀង ចេនឡា បញ្ចេញ​រូប​១​សន្លឹក​មើល​មិន​ចង់​ស្គាល់ រួម​ជាមួយ​សំណេរ​បង្ហាញ​ពី​ការ​អន់​ចិត្ត​រឿង​១

  • 2020-05-28 07:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ត្រង់​នេះ តារា​សម្ដែង និង​ជា​តារា​កំប្លែង អៀង ចេនឡា បាន​បញ្ចេញ​រូបភាព​អនុស្សាវរីយ៍​ដ៏​កម្រ​មួយ​មើល​ស្ទើរ​មិន​ស្គាល់ ព្រម​ជា​មួយ​សារ​បង្ហាញ​ពី​ការ​អន់​ចិត្ត​ខ្លះ ចំពោះ​រឿង​ដែល​កើត​ឡើង​ចំពោះ​ក្រុម​តារា​រះ​ពី Tik Tok។

រូបភាព​មួយ​សន្លឹក​នោះ គឺ ចេនឡា រួម​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ឈរ​ថត​ជាមួយ​គ្នា​ក្នុង​សំលៀកបំពាក់ និង​គូរ​មុខ​មាត់​របៀប​អ្នក​កំប្លែង​។ តាម​ការ​សាក​សួរ ចេនឡា ប្រាប់​ថា នេះ​ជា​អនុស្សាវរីយ​របស់​លោក​កាល​ពី​ឆ្នាំ ២០០២ វេលា​ដែល​លោក​បាន​ប្រឡង​ជាប់​លេខ​១​ក្នុង​កម្មវិធី​មួយ​នៅ​តាម​វិទ្យាល័យ។

"រូប​ហ្នឹង កាល​ខ្ញុំ​ចូល​ប្រឡង​ជាប់​លេខ​១​ក្នុង​កម្មវិធី​កំប្លែង​ប្រចាំ​សាលា​ឆ្នាំ ២០០២ កាល​ហ្នឹង​សាលា​មួយ​ៗ​មាន​កម្មវិធី​សិល្បៈ​សិស្ស ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ហើយ​កាល​ហ្នឹង​ខ្ញុំ​តំណាង​ឲ្យ​សាលា​សន្ធរ​មុខ ហើយ​ខ្ញុំ​បាន​ជាប់​លេខ​១ផ្នែក​កំប្លែង​ល្ខោន​និយាយ និយាយ​អំពី "គ្រោះ​ថ្នាក់​នៃ​ការ​ជក់​បារី" បង"។

បញ្ចេញ​រូបភាព​នេះ តារា​កំប្លែង​កំពុង​ពេញ​និយម បញ្ជាក់​ថា ទម្រាំ​ឈាន​ដល់​ចំណុច​នេះ លោក​បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន ទម្រាំ​បាន​ដូច​សព្វ​ថ្ងៃ។ "ខ្ញុំ​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ ការ​តស៊ូ​ជូរ​ចត់ គ្រប់​រសជាតិ ឆ្លង​កាត់​ការ​បណ្ដាល​ពី​លោក​គ្រូ​អ្នក​គ្រូ និង​សិល្ប:​រៀម​ច្បង​ជាច្រើន ឆ្លង​កាត់​ការ​ប្រលង​ដើម្បី​ទទួល​បាន​ពាន់​រង្វាន់​រាប់​មិន​អស់ ទើប​អាច​ក្លាយ​ជា​អ្នក​សិល្ប:​មួយ​រូប ដែល​ទស្សនិកជន​ស្គាល់"។

ប៉ុន្តែ​វិល​មក​បច្ចុប្បន្ន អ្នក​ខ្លះ មិន​មាន​ស្នាដៃ​អ្វី​ទេ គ្រាន់​តែ​លេង Tik Tok និង Facebook ក៏​អាច​ដើរ​ដល់​ចំណុច​មួយ​ដែល​លោក​បាន​ចាយ​ពេល​រាប់​សិប​ឆ្នាំ​ដែរ។ យ៉ាង​ណា តម្លៃ​ក៏​ទៅ​តាម​នោះ​ដែរ លោក​ថា "សម័យ​ឥលូវ​គ្រាន់​តែ​លេងTik Tok or Facebook ក៏​អាច​អោយ​គេ​លើក​តម្កើង​មក​ក្លាយ​ជា​អ្នក​សិល្បៈ​បាន​ដែរ តើ​តម្លៃ​នៃ​អ្នក​សិល្បៈ​នៅ​ក​ន្លែង​ណា ខ្ញុំ​មិន​យល់ ហើយ​ក៏​កុំ​ឆ្ងល់​ថា​ហេតុ​អី​គេ​មិន​អោយ​តម្លៃ​អ្នក​សិល្បៈ"។

រូប​​ភាព ភ្ជាប់​ជាមួយ​ការ​អធិប្បាយ​ខាង​របស់​លោក​តារា​កំប្លែង​មុខ​មាត់​ស្រដៀង​នាយ កុយ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​លោក ក្នុង​នោះ​អ្នក​ខ្លះ​បាន​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​របស់​លោក​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ឯ​អ្នក​ខ្លះ​ទៀត លើក​ទឹក​ចិត្ត​លោក ដោយ​ស្នើ​កុំ​បាច់​ខ្វល់ ព្រោះ​អ្នក​សិល្បៈ​មួយ​ចំនួន មិន​មាន​គ្រឹះ​សិល្បៈ​ដូច​លោក​ឡើយ។

អៀង ចេនឡា បាន​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ១៩៩៦ តាម​រយៈ​ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍​ជាតិ ក្នុង​កម្មវិធី​ទិវា​កុមារ​អន្តរជាតិ ជាប់​ចំណាត់​ថ្នាក់​លេខ៣។ លុះ​នៅ​ឆ្នាំ ២០០២ បាន​​ប្រឡង​ជាប់​លេខ​១​ក្នុង​កម្មវិធី​កំប្លែង​ប្រចាំ​សាលា​ឆ្នាំ និង​ ២០០៥ បាន​ប្រឡង​ចម្រៀង ណេសកាហ្វេ​ទូទាំង​ប្រទេស ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ទៀត ផ្នែក​ចម្រៀង​ឆ្លង​ឆ្លើយ។ បន្ទាប់​ពី​នោះ​មក លោក​ចាប់​ផ្ដើម​អាជីព​ចម្រៀង​តាម​ភោជនីយដ្ឋាន និង​តាម​កម្មវិធី​ទូរទស្សន៍​នានា។

រូបភាព៖​ហ្វេសប៊ុក ចេនឡា

ចុង​ក្រោយ ដោយ​សារ​និស្ស័យ​ចូល​ចិត្ត​និយាយ​លេង​សើច និង​ឱកាស​មក​ដល់​ផង​លោក​បាន​ប្រែ​ខ្លួន​មក​ជា​តារា​កំប្លែង​បន្ថែម​មួយ​ទៀត ក្រោម​ការ​ផ្ចុងផ្ដើម​ដោយ​នាយ ក្រិន និង​នាង ប្រឹមប្រិយ និង​ក្លាយ​ជា​តារា​កំប្លែង​ពេញ​និយម​មួយ​រូប​នា​ពេល​បច្ចុប្បន្ន៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី