រឿង​​ទាំង១០ ដែលអ្នកមិន​ទាន់​ដឹងពីអ្នកចាត់ការឆ្នើម Jurgen Klopp

  • 2020-06-02 08:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ជា​អ្នកចាត់ការ​ក្រុម​ទូទៅ​ល្អ​បំផុត​មួយរូប​នៅ​លើ​ពិភពលោកនា​ពេល​បច្ចុប្បន្ន និង​ជា​អ្នកគ្រប់គ្រង​ដ៏​អស្ចារ្យបំផុត កើត​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់។

តើ​អ្វី​​ខ្លះ​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពីអ្នកចាត់ការក្រុម​ ដ៏​មាន​ប្រជាប្រិយភាព​របស់​ហង្សក្រហម​ Liverpool? ខាង​ក្រោម​នេះ​ជា​រឿង​ទាំង​១០ ដែល​ Sabay បាន​លើក​យក​មក ដូច្នេះ​សូម​តាមដាន​ដូច​ខាងក្រោម៖

១. Jurgen Klopp បាន​ឈ្នះ​ពាន​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ ​២​ដង

អំឡុង​ពេល​ជោគជ័យ​​​ខ្លាំង​នៅ Borussia Dortmund លោក Klopp បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ (German Football Manager of the Year award) ចំនួន​២​ដង ក្នុង​ឆ្នាំ​២០១១ និង​២០១២។ កាល​នោះ​លោកជា​អ្នកចាត់ការ​ទី​២ ដែល​បាន​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​១ ចំណែក​ម្នាក់​ទៀត​គឺ​លោក Felix Magath។ យ៉ាងណា​​បច្ចុប្បន្ន​ លោក​នៅ​តែ​ជា​អ្នក​ចាត់​ការ​តែ​ម្នាក់​គត់ ដែល​ឈ្នះ​ពាន​នេះ​រយៈ​ពេល​២​ឆ្នាំ​ជាប់​គ្នា​។

២. Klopp ជួយ Borussia Dortmund បំបែក​កំណត់ត្រា​ពិន្ទុថ្មី

ដឹកនាំ​នៅ Dortmund បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នកចាត់ការ​ក្រុម ល្អ​បំ​ផុត​ម្នាក់​នៅ​ក្នុង​ពិភពលោក។ ក្រោមការ​គ្រប់​គ្រង​របស់​លោក Dortmund ឈ្នះ​ពាន​លីគកំពូល Bundesliga ២​ដង។

ជ័យជម្នះរដូវកាល​ទី១ កើត​ឡើង​ក្នុង​ឆ្នាំ ២០១១-២០១២ ដោយមាន​កំណត់​ត្រា​ពិន្ទុ​សរុប​ល្អ​បំផុត ៨១ ល្អជាង Bayern Munich នៅរដូវ​កាល ១៩៩៨-១៩៩៩ គឺមាន​ត្រឹម ៧៨​ប៉ុណ្ណោះ។

យ៉ាងណាកំណត់ត្រាននេះ មិនមានរយៈពេលវែងទេ ក្រោយ​នៅ​រដូវ​កាល​បន្ទាប់ (២០១២-២០១៣) Bayern Munich ធ្វើរកបានដល់ទៅ ៩១ពិន្ទុ ដោយលទ្ធផលនេះមិនទាន់ មានក្លឹបណាអាចធ្វើបាននៅឡើយទេ។

៣. Bayern Munich ចង់ចុះកុងត្រាយក Klopp

Klopp ដឹកនាំ​បាន​ល្អគួរសម​ពេលនៅក្លឹប FSV Mainz ដោយលោកបានដឹកនាំក្រុមនេះមកលេងនៅ Bundesliga ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។ លោក​ធ្វើ​ឱ្យ Bayern Munich ចាប់​អារម្មណ៍ និង​ចង់​បាន​ ប៉ុន្តែ Klopp មិន​បាន​ចូល​រួម​ជាមួយ​ឡើយ ប៉ុន្តែ​បែរជា​ចូល​មក​ក្លឹប​គូប្រជែង Borussia Dortmund។ ក្នុង​ឆ្នាំ២០១៣ Bayern Munich បាន​យកឈ្នះ​ក្រុម Dortmund របស់ Klopp ២-១ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។

៤. Jurgen Klopp ជាគ្រូបង្វឹក​ដឹកនាំ Dortmund ជោគជ័យ​ និងឈ្នះ​ពាន​ជាងគេបំផុត

Klopp នៅ​យូរ​ជាងគេ​គឺ ៧​ឆ្នាំ​ ឈ្នះពានចំនួន ៥ មាន Bundesliga ២ដង ឆ្នាំ២០១០-១១ និង ២០១១-១២ ពានរង្វាន់ DFB Pokal ១ដង​ឆ្នាំ ២០១១-១២ និង DFL Supercup ២ដង​ក្នុង​ឆ្នាំ​២០១៣-២០១៤។

៥. Jurgen Klopp ជាគ្រូបង្វឹក Dortmund យូរជាងគេ

លោកក្លាយជាគ្រូ​របស់ Dortmund ឆ្នាំ​២០០៨ ជំនួស​លោក Thomas Doll ដែល​ដឹកនាំ​ក្រុម​ធ្លាក់​ដល់​លេខ​១៣ នៅរដូវ​កាល​ ២០០៧-២០០៨។

Klopp គ្រប់គ្រងក្លឹបនេះអស់ ៧ ឆ្នាំ មុនចេញទៅដឹកនាំ Liverpool នៅឆ្នាំ​២០១៥ លើស​លោក​ Ottmar Hitzfeld ដឹកនាំ​បាន​តែ ៦​ឆ្នាំ​ប៉ុណ្ណោះ ចាប់​តាំង​ពី​ឆ្នាំ ១៩៩១-១៩៩៧។

៦. មានអាជីពជាអ្នកព័ត៌មាន

ក្រៅ​ពី​ជា​អ្នកគ្រប់គ្រង​ក្នុង​វិស័យ​បាល់ទាត់ Klopp ធ្លាប់​ជា​អ្នកព័ត៌មានអំឡុង​ការ​ប្រកួត​ធំៗ។ ឆ្នាំ​២០១៥ លោកជាអ្នកជំនាញ​ របស់បណ្ដាញ​ទូរទស្សន៍អាល្លឺម៉ង់ ZDF និង​ធ្វើ​ការ​ជាអ្នក​វិភាគ​ការ​ប្រកួត World Cup និង Euro ឆ្នាំ​២០០៨។ ការងារជា​អ្នក​វិភាគ លោក​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ Best Sports Show។ លោកចេញពី ZDF បន្ទាប់ពីជំនួស​ដោយ Oliver Kahn។ Klopp ក៏ធ្លាប់ធ្វើ​ការឱ្យទូរទស្សន៍ក្នុង​ស្រុក RTL អំឡុង​ World Cup ឆ្នាំ​២០១០ នៅ​អាហ្រ្វិក​ខាង​ត្បូង​ និង​ទទួល​បាន​ German Television Award for Best Sports Show ជា​លើក​ទី​២។

៧. លោកជា​ទូត​សុច្ឆន្ទៈតំណាង​ក្រុមហ៊ុនផលិត​រថយន្ត Opel

Jurgen Klopp ជា​ទូត​សុច្ឆន្ទៈតំណាង​ក្រុមហ៊ុនផលិត​រថយន្ត Opel របស់​អាល្លឺម៉ង់ ចាប់​តាំង​ពី​ឆ្នាំ​២០១២មក។

៨. Jurgen Klopp ជាអ្នកគាំទ្រក្រុមបាល់ទាត់អាល្លឺម៉ង់ Vfb Stuttgart កាល​នៅ​ក្មេង​

កាល​នៅ​ក្មេង Klopp ជា​អ្នក​គាំទ្រ​ក្រុមនៅ​ស្រុក​កំណើត Vfb Stuttgart ហើយ​ធ្លាប់​និយាយ​ថា កីឡាករ​ដែល​គេ​ចូល​ចិត្ត​គឺ Karlheinz Forster។

Forster ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ជំនាន់​នោះ និង​ជា​តារា​ឆ្នើម​នៅ Vfb Stuttgart។ លោកជាក្រុម​ជម្រើស​ជាតិ​លេង​ Euro ឆ្នាំ ១៩៨០ និង១៩៨៤។

គេជា​សមជិក​លេង World Cup ឆ្នាំ ១៩៨២ និង១៩៨៦ ប៉ុន្តែ​អាល្លឺម៉ង់ចាញ់​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​ទាំង​ពីរ​លើក។

៩. Jurgen Klopp មាន​សញ្ញាប័ត្រ​ជាន់​ខ្ពស់​មួយ

ឆ្នាំ​១៩៩៥ ពេល​លេង​ឱ្យ FSV Mainz វ័យ២៨ឆ្នាំ Klopp ទទួលបាន​សញ្ញាប័ត្រ​កីឡា Sports Science នៅសាកល​វិទ្យាល័យ Goethe University of Frankfurt។

១០. Jurgen Klopp ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើ​ឱ្យ​ក្រុម FSV Mainz

មុន​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្រុម FSV Mainz ខ្សែ​ប្រយុទ្ធ​ Klopp បាន​លេង​នៅ​ទី​នេះ​អស់​១១​ឆ្នាំ។ លោក​បង្ហាញ​ខ្លួន​បាន​ ៣៤០​លើក រក​បាន​ ៥៦​គ្រាប់ បញ្ជូន​បាល់​បាន ៦​លើក។ មក​ដល់​បច្ចុប្បន្ន លោក​នៅ​តែ​ជា​អតីត​កីឡាករ​ទី​៣ រក​គ្រាប់​បាល់​​បាន​ច្រើន​ឱ្យ Mainz។ មាន​តែ ichael Thurk និង Sven Demandt ប៉ុណ្ណោះដែល​រក​បាន​ច្រើន​ជាង​លោក៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី