កូវីដ១៩មួយរយៈនេះ ដឹង Zoom រកលុយបានប៉ុន្មានទេ?

  • 2020-06-03 02:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​របាយការណ៍​ចំណូល​​ដែល​​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​​កម្មវិធី​​ប្រជុំ​​តាម​អនឡាញ​ Zoom អាច​រក​ចំណូល​បាន​ ៣២៨​លាន​ដុល្លារ អំឡុង​ខែ​កុម្ភៈ ដល់​ខែ​មេសា។ ចំណូល​នេះ​គឺ​កើន​ឡើង​លើស​ពី​ពីរ​ដង​ធៀប​នឹង​ឆ្នាំ​មុន ដែល​ក្នុង​រយៈពេល​ដូច​គ្នា​អាច​រក​ចំណូល​បាន​ ១២២​លាន​ដុល្លារ

ក្នុង​នោះ​ដែរ ក្រុមហ៊ុន​អាច​រក​ប្រាក់​ចំណេញ​បាន ២៧​លាន​ដុល្លារ ប្រៀប​ធៀប​នឹង​ត្រីមាស​ដូច​គ្នា​កាល​ឆ្នាំ ២០១៩ ​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រមាណ ២០ម៉ឺន​ដុល្លារ​ ប៉ុណ្ណោះ។ ប្រធាន​ក្រុមហ៊ុន Zoom លើ Eric Yuan ព្យាករណ៍​ថា​នៅ​ត្រីមាស​បន្ទាប់​ចំណូល​អាច​មាន​ចន្លោះ​ពី ៤៩៥​ ទៅ ៥០០​លាន​ដុល្លារ ហើយ​ចំណូល​ពេញ​មួយ​ឆ្នាំ​រំពឹង​ថា​មាន​ចន្លោះ​ពី ១,៧៨ ទៅ ១,៨ពាន់​លាន​ដុល្លារ។

អំឡុង​ពេល​ដែល​ជំងឺ​កូវីដ​១៩​ផ្ទុះ​រាល​ដាល​ពាស​ពេញ​ពិភពលោក Zoom​ សង្កេត​ឃើញ​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​មាន​កំណើន​ខ្លាំង ដែល​កើន​ឡើង​ពី​ត្រឹម ១០​លាន​នាក់​នៅ​ខែ​ធ្នូ​ឆ្នាំ ២០១៩ ​មក​ដល់​ខ្ទង់ ៣០០​លាន​នាក់​ជា​ប្រចាំ​ថ្ងៃ​នៅ​ចុង​ខែ​មេសា៕​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង